2023-05-02 17:31
846


មូស្គូ៖     ការដណ្តើមយកសូលីដា (Soledar) របស់កងកម្លាំងប្រដាប់អាវុធរុស្ស៊ី បានកាត់ផ្តាច់ផ្លូវផ្គត់ផ្គង់សម្ភារៈសឹករបស់យោធាអ៊ុយក្រែន ធ្វើឲ្យទាហានអ៊ុយក្រែនបាក់ទ័ព និងរត់ចោលឃ្លាំងគ្រាប់នៅក្រោមដីពោរពេញដោយអាវុធផលិតដោយអតីតសូវៀត នៅក្នុងអណ្តូងរ៉ែអំបិលក្បែរទីក្រុងនេះ។
មន្ត្រីយោធារុស្ស៊ី នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ បាននិយាយថា ឃ្លាំងគ្រាប់ទាំងនោះ មានទីតាំងនៅភូមិមួយ ហើយកងទ័ពអ៊ុយក្រែន ដាក់គ្រឿងផ្ទុះត្រៀមបំផ្លាញចោល ប៉ុន្តែធ្វើមិនទាន់ដោយសារទាហានរុស្ស៊ីចូលមកដល់។


ទោះបីជាយ៉ាងណាក៏ដោយ គ្រាប់បែកនោះមិនភ្ជាប់ឈ្នូនឲ្យបានត្រឹមត្រូវភ្ជាប់ទៅម្ស៉ៅតេអិនតេ (TNT) ទម្ងន់៤,៥តោន ដែលជាហេតុមិនអាចបំផ្ទុះឃ្លាំងស្តុកគ្រាប់ដ៏ច្រើននេះបាន។
លោកបាននិយាយថា «ពួកគេបានធ្វើខុសនៅពេលភ្ជាប់គ្រាប់បែក ដូច្នេះទើបផ្ទុះតែនៅលើផ្ទៃដី ចំណែកឃ្លាំងក្រោមដីទាំងនោះនៅដដែល»។
ទាហានរូបនេះ ក៏បាននិយាយដែរថា អាវុធធុនតូច និងគ្រាប់រំសេវ ជាច្រើននៅក្នុងឃ្លាំងនេះសុទ្ធតែមានគុណភាពល្អ។
លោកបញ្ជាក់ថា «មានគ្រាប់ចំនួន២៩២ ០០០កេស ជាគ្រាប់សម្រាប់កាំភ្លើងយន្តលិតនៅសូវៀត ក្រោយសម័យសង្រ្គាមលោកលើកទី២»។
កាលពីខែមករា ឆ្នាំ២០២៣ ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសពីជ័យជម្នះទាំងស្រុងលើទីក្រុងសូលីដា ដែលជាក្រុងយុទ្ធសាស្ត្រ អាចកាត់ផ្តាច់ផ្លូវផ្គត់ផ្គង់ដល់កងកម្លាំងអ៊ុយក្រែន នៅទីក្រុងផ្សេងទៀត ជាពិសេសការផ្គត់ផ្គង់យោធូបករណ៍ដល់ទហានអ៊ុយក្រែនឈរជើងនៅសមរភូមិមុខ ដើម្បីការពារទីក្រុងបាក់មូត។
អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោក អ៊ីហ្គ័រ កូណាហ្សេនកូវ (Igor Konashenkov) បាននិយាយក្នុងសន្និសីទសារព័ត៌មានថា «ការរំដោះបាននៃការតាំងទីលំនៅរបស់ទីក្រុងសូលីដា មានសារៈសំខាន់សម្រាប់ការបន្តប្រតិបត្តិការវាយលុកប្រកបដោយជោគជ័យ នៅក្នុងតំបន់ដូណែត (Donetsk) និងបង្កលក្ខណៈងាយស្រួលឲ្យកងកម្លាំងរុស្ស៊ី រារាំងកងទ័ពអ៊ុយក្រែន នៅក្នុងតំបន់ក្បែរនោះ»។
លោកបានអះអាងថា នៅក្នុងការវិវឌ្ឍន៍ចុងក្រោយនេះ សកម្មភាពប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាកំពុងប្រព្រឹត្តនៅតំបន់ភាគខាងលិចនៃទីក្រុងបាក់មូត ដោយកងកម្លាំងរុស្ស៊ី អាចគ្រប់គ្រងបានទីក្រុងភាគច្រើម កាលពីថ្ងៃអាទិត្យ»។
លោក អ៊ីហ្គ័រ កូណាហ្សេនកូវ  បាននិយាយទៀតថា «អង្គភាពទ័ពអាកាសរុស្ស៊ី បានវាយកម្ទេចសត្រូវនៅភាគខាងជើង និងខាងត្បូងជាយក្រុង។ ការវាយប្រហារដោយទ័ពអាកាស ក៏ដូចជាអង្គភាពកាំភ្លើងរ៉ុក្កែតហ្វូង និងកាំភ្លើងធំ បានកម្ចាត់កងកម្លាំងអ៊ុយក្រែន»។


កាលពីថ្ងៃសៅរ៍ យោធារុស្ស៊ី បានអះអាងពីការបំផ្លាញមជ្ឈមណ្ឌលបញ្ជាការធំរបស់អ៊ុយក្រែន ដែលទទួលខុសត្រូវចំពោះប្រតិបត្តិការនៅភាគខាងត្បូងទីក្រុងគៀវ ហើយបានទម្លាក់គ្រាប់បែក និងមីស៊ីលបាញ់ចេញនាវាចម្បាំងនៅតាមសមុទ្រ។
កាលពីដើមសប្តាហ៍នេះ យោធារុស្ស៊ីបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយដល់អ៊ុយក្រែន ដោយផ្តោតលើក្រុមទាហានបម្រុងយោធាអ៊ុយក្រែន។ យោធាបាននិយាយថាការវាយប្រហារនេះគឺជាជោគជ័យមួយ ហើយបានរារាំងការដាក់ពង្រាយបម្រុងទៅកាន់សមរភូមិមុខ។
សំឡេងផ្ទុះគ្រាប់ផ្លោង និងគ្រាប់មីស៊ីល បានឮខ្ទរទីក្រុងភាគកណ្តាល និងភាគខាងត្បូងអ៊ុយក្រែន បន្ទាប់ពីស៊ីរ៉ែនផ្តល់ដំណឹងពីការវាយឆ្មក់តាមអាកាសរបស់រុស្ស៊ី បានបន្លឺឡើងពាសពេញប្រទេស។
អាជ្ញាធរអ៊ុយក្រែន បានឲ្យដឹងជាបឋមថា មនុស្សយ៉ាងហោចណាស់បីនាក់បានស្លាប់ និងប្រាំនាក់រងរបួស ក្នុងការវាយប្រហារដោយមីស៊ីល និងយន្តហោអដ្រូននេះ ក្នុងនោះមានស្ត្រីម្នាក់ និងកូនបីនាក់របស់គាត់ បានស្លាប់នៅក្នុងទីក្រុងឌីនីប្រូ។
សេចក្តីរាយការណ៍នានា បានឲ្យដឹងថា នាព្រឹកព្រលឹមថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ ការផ្ទុះត្រូវបានបន្លឺឡើងនៅក្នុងទីក្រុង ឌីនីប្រូ (Dnipro) ទីក្រុងក្រេម៉េនជុក (Kremenchuk) និងទីក្រុង ប៉ូលតាវ៉ា (Poltava) នៅកណ្តាលអ៊ុយក្រែន ចំណែកទីក្រុងស្ថិតនៅភាគខាងត្បូង ក៏ឮសំឡេងផ្ទុះដែរ ដូចជាទីក្រុង មីកូឡៃ (Mykolaiv) ទីក្រុងគៀវ និងតំបន់ជាយក្រុងផងដែរ។
អាជ្ញាធរទីក្រុងគៀវ បាននិយាយថា ប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែនកំពុងតែដំណើរការ ដើម្បីបាញ់ទម្លាក់មីស៊ីលរបស់រុស្ស៊ី។
ការវាយឆ្មក់តាមផ្លូវអាកាសនេះ ធ្វើឡើងនៅពេលទាហានអ៊ុយក្រែន កំពុងរៀបចំខ្លួនវាយបកដ៏ធំមួយ ដើម្បីដណ្តើមយកទឹកដីមកវិញ នៅភាគខាងកើត និងខាងត្បូង។
រូបភាពផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បង្ហាញពីអគារផ្ទះល្វែងប្រាំបួនជាន់ បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។
ក្រុមមន្ត្រីអ៊ុយក្រែន បាននិយាយថា គ្រាន់តែនៅឯទីក្រុងគៀវ មីស៊ីលចំនួន១១គ្រាប់ និងយន្តហោះដ្រូនចំនួន២គ្រឿង ត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន៕