2024-04-10 12:48
255

(ខេត្តកំពត)៖ នៅក្នុងពិធីជួបសំណេះសំណាលសួរសុខទុក្ខនិងផ្តល់អំណោយជូនដល់មន្រ្តីរាជការជាង៣០០នាក់ នាឱកាសមុនបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលជិតចូលមកដល់នៅថ្ងៃខាងមុខនេះ កាលពីព្រឹកថ្ងៃទី៩ខែមេសាឆ្នំ២០២៤ ឯកឧត្តមបណ្ឌិតម៉ៅ ធនិន អភិបាលខេត្តកំពតបានធ្វើការណែនាំដល់មន្ត្រី អង្គភាពជុំវិញខេត្ត ត្រូវចេះសហការគ្នា និងរក្សាឱ្យបាននូវសីលធម៌ល្អក្នុងសង្គមការងារ និងសង្គមគ្រួសារ ពោលមន្ត្រីរាជការត្រូវធ្វើជាគំរូល្អដល់ពលរដ្ឋ ហើយមន្ត្រីម្នាក់ៗត្រូវមានទាំងធនធានមនុស្ស និងធនធានជាតិផងដែរ។ 

នៅក្នុងឪកាសនោះដែរឯកឧត្តម ម៉ៅ ធនិន បានមានប្រសាសន៍ថា: ដើម្បីបង្ហាញអំពីការគិតគូដល់មន្ត្រីរាជការ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ ក្នុងនាមថ្នាក់ដឹកនាំខេត្ត លោកតែងតែមានរបស់កំដរដៃបន្តិចបន្តួចជូនដល់មន្ត្រីរាជការយើងហើយការសំណេះសំណាលលើកនេះ គឺជាលើកទី៦ផងដែរ ឯកឧត្តមសង្ឃឹមថាវប្បធម៌មួយនេះ នឹងដុះនៅក្នុងផ្នត់គំនិតរបស់មន្ត្រីយើង នៅពេលដែលខ្លួនក្លាយទៅជាអ្នកដឹកនាំ ហើយត្រូវបន្តវប្បធម៌មួយនេះតទៅទៀត។ 

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់មន្ត្រីទាំងអស់សូមឱ្យបន្តធ្វើជាមន្ត្រីរបស់ប្រជាជន បម្រើប្រជាជន បម្រើប្រទេសជាតិដោយស្មោះត្រង់ ត្រូវធ្វើខ្លួនជាគំរូល្អដល់ប្រជាពលរដ្ឋ ខិតខំប្រឹងប្រែងបំពេញការងារតាមជំនាញរៀងៗខ្លួន បន្តអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួន ហើយមន្ត្រីត្រូវមានធនធានមនុស្ស និងធនធានជាតិ ។ 

   គួរបញ្ជាក់ផងដែរថែរនៅរសៀលនាថ្ងៃដដែលនោះដែរ  រដ្ឋបាលខេត្តក៏បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រសិទ្ធពរជ័យ សិរីមង្គល ជូនដល់មន្ត្រីរាជការ ក្នុងឪកាសអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះផងដែរ។