រដ្ឋធានីណៃពិដោរ៖ ស្ថានការណ៍បច្ចុប្បន្ន នៅក្នុងប្រទេសមីយ៉ាន់ម៉ា មានការវិវឌ្ឍជាបន្ដបន្ទាប់ ហើយក៏មិនមានអ្នកណាម្នាក់ អាចព្យាករទុកជាមុនបាននោះឡើយ ខណៈក្រុមចលនាតស៊ូប្រដាប់អាវុធចម្រុះ ដឹកនាំដោយរដ្ឋាភិបាលស្រមោល កំពុងតែបង្កើនសកម្មភាពវាយប្រហារទៅលើរបបគ្រប់គ្រង ដោយពួកយោធា នៅក្នុងប្រទេសអាស៊ានមួយនេះ ហើយឥឡូវ ក៏មានសេចក្ដីការណ៍ជាថ្មី អំពីក្រុមឧទ្ទាម បានដណ្ដើមកាន់កាប់ទីក្រុង Mandalay (ម៉ាន់ដាឡៃ) ដែលកំពុងតែដាក់សម្ពាធទៅលើមេដឹកនាំយោធា ជាមួយនឹងការព្រួយបារម្ភ អំពីការធ្វើឃាតទៅលើរូបគាត់ ជាមួយនឹងដ្រូនអត្ដឃាត ផងដែរ។
សារព័ត៌មានរបស់ភូមា The Irrawaddy បានចេញផ្សាយ កាលពីថ្ងៃពុធ ទី១ ខែឧសភា ឆ្នាំ២០២៤ ថា លោកវរសេនីយ៍ម្នាក់ ស្ថិតក្នុងចំណោមទាហានរចំនួន១១នាក់ នៃរបបយោធាមីយ៉ាន់ម៉ា ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារមួយ ដោយកងកម្លាំងការពារប្រជាជន (PDF) នៅលើមូលដ្ឋានយោធាមួយកន្លែង ស្ថិតក្នុងសង្កាត់ស៊ីទីហ្គូ (Sintgu) នៃតំបន់ Mandalay កាលពីថ្ងៃអាទិត្យ (ទី២៨ ខែមេសា)។
កងកម្លាំងការពារប្រជាជន (PDF) ដែលជាក្រុមប្រដាប់អាវុធរបស់រដ្ឋាភិបាលស្រមោល ត្រូវបានបង្កើតឡើង ក្រោយអំពើរដ្ឋប្រហារយោធា បានបញ្ជាក់ កាលពីថ្ងៃអង្គារ ទី៣០ ខែមេសា ថា កងកម្លាំងការពារប្រជាជន Mandalay (PDF) បានដណ្ដើមកាន់កាប់មូលដ្ឋានមួយកន្លែង នៅភូមិវ័រភេឆាត (War Poe Chat) កាលពីព្រឹក ថ្ងៃអាទិត្យ។ ការវាយប្រហាររបស់កងកម្លាំង PDF ស្ថិតនៅក្រោមបញ្ជារបស់ក្រសួងការពារជាតិ នៃរដ្ឋាភិបាលរួបរួមជាតិ ឬ រដ្ឋាភិបាលស្រមោល។
សារព័ត៌មានដដែលនេះ បានរាយការណ៍ទៀត ថា បន្ថែមពីលើនេះ ក៏មានការព្រួយបារម្ភ អំពីការគំរាមកំហែង ដែលអាចនឹងកើតមានជាបន្តបន្ទាប់ សម្រាប់ការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក ឬដ្រូន និង គ្រាប់រ៉ុក្កែត ទៅលើរដ្ឋធានីណៃពិដោរ ដោយមិននិយាយ អំពីការប៉ុនប៉ងធ្វើឃាត ទៅលើលោកឧត្តមសេនីយ៍កំពូល ដែលគេស្អប់បំផុត នៅប្រទេសមីយ៉ាន់ម៉ា ក៏ដោយសារតែបញ្ហាភ័យរន្ធត់ នាពេលបច្ចុប្បន្ននេះ។ ស្របគ្នានេះ ក៏មានពាក្យចចាមអារ៉ាម អះអាង ថា មេដឹកនាំរបបយោធារូបនេះ នឹងប្រើថ្នាំប្រឆាំងនឹងការថប់បារម្ភ alprazolam ជារៀងរាល់យប់ ថែមទៀតផង។
លោកឧត្តមសេនីយ៍ មីន អ៊ោងហ្លាង (Min Aung Hlaing) មេដឹកនាំរដ្ឋប្រហារយោធា នៅមីយ៉ាន់ម៉ា កាលពីពេលថ្មីៗនេះ បាន និង កំពុងតែគេចខ្លួនរកកន្លែងមានសុវត្ថិភាព ចំពេលមានការព្រួយបារម្ភ ថា ផ្លូវដើររបស់គាត់ នឹងត្រូវបែកធ្លាយ ដល់កងកម្លាំងប្រឆាំងនឹងរបបសឹក៕