2024-05-07 14:40
298

(ហ្កាហ្សា)៖ ក្រុមហាម៉ាស នៅថ្ងៃចន្ទ ទី៦ ខែឧសភា បាននិយាយថាខ្លួនបានយល់ព្រមទទួលយកកិច្ចព្រមព្រៀងស្ដីពីបទឈប់បាញ់ជា ៣ដំណាក់កាល រួមទាំងការដោះលែងអ្នកទោសប៉ាឡេស្ទីន ជាថ្នូរនឹងចំណាប់ខ្មាំង។ ប៉ុន្តែមន្ត្រីអ៊ីស្រាអែលម្នាក់បានចាត់ទុកកិច្ចព្រមព្រៀងថាមិនអាចទទួលយកបាន ពីព្រោះ លក្ខខណ្ឌនៅក្នុងកិច្ចព្រមព្រៀងនេះនៅឆ្ងាយខ្លាំងពេកពីអ្វីដែលអ៊ីស្រាអែលចង់បាន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ។

សហរដ្ឋអាមេរិក រួមជាមួយកាតា និងអេហ្សីបដែលបាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលស្វែងរកបទឈប់បាញ់ បាននិយាយដូចគ្នាថា ពួកគេនឹងសិក្សាពីការឆ្លើយតបរបស់ក្រុមហាម៉ាស ហើយនឹងពិភាក្សាពីបញ្ហានេះជាមួយប្រទេសជាសម្ព័ន្ធមិត្តក្នុងតំបន់មជ្ឈិមបូព៌ា។ ដូច្នេះផ្អែកលើអ្វីដែល ក្រុមមន្ត្រីហាម៉ាសបានបញ្ជាក់ ខាងក្រោមនេះជាចំណុចសំខាន់ៗនៃកិច្ចព្រមព្រៀងស្ដីពីបទឈប់បាញ់ចែកចេញជា ៣ដំណាក់កាល៖* ដំណាក់កាលទី១៖ បទឈប់បាញ់មានរយៈពេល ៤២ថ្ងៃ ហើយក្រុមហាម៉ាស យល់ព្រមដោះលែងចំណាប់ខ្មាំងជាជនជាតិអ៊ីស្រាអែល ៣៣នាក់ ជាថ្នូរនឹង ការដោះលែងជនជាតិប៉ាឡេស្ទីនពីពន្ធនាគារអ៊ីស្រាអែល។ អ៊ីស្រាអែលត្រូវដកកងទ័ពមួយផ្នែកចេញពីតំបន់ហ្កាហ្សា និងអនុញ្ញាតឱ្យប្រជាជនប៉ាឡេស្ទីន ធ្វើដំណើរដោយសើរីពីភាគខាងត្បូង ទៅភាគខាងជើងនៃតំបន់ហ្កាហ្សា។* ដំណាក់កាលទី២៖ បទឈប់បាញ់មានរយៈពេល៤២ថ្ងៃទៀត ដើម្បី «ស្ដារភាពស្ងប់ស្ងាត់ប្រកបដោយនិរន្តរភាព» ក្នុងតំបន់ហ្កាហ្សា ហើយពាក្យស្ងប់ស្ងាត់ នេះត្រូវបានមន្ត្រីម្នាក់ដែលបានធ្វើបទបង្ហាញខ្លីៗពីលទ្ធផលនៃកិច្ចចរចា បាននិយាយថាក្រុមហាម៉ាស និងអ៊ីស្រាអែលបានឯកភាពគ្នាថានឹងបើកកិច្ចពិភាក្សា ស្ដីពី «បទឈប់បាញ់ជាអចិន្ត្រៃយ៍មួយ» ដែលសព្វថ្ងៃមិនស្ថិតនៅលើតុ                ចរចា។ ក្នុងដំណាក់កាលនេះដែរ តម្រូវឱ្យកងទ័ពអ៊ីស្រាអែលដកចេញទាំងស្រុងពី តំបន់ហ្កាហ្សា រីឯក្រុមហាម៉ាសនឹងដោះលែងទាហានបម្រុង និងទាហានអ៊ីស្រាអែលមួយចំនួន ជាថ្នូរនឹងការដោះលែងជនជាតិប៉ាឡេស្ទីនពីពន្ធនាគារ អ៊ីស្រាអែល។* ដំណាក់កាលទី៣ បញ្ចប់ទាំងស្រុងនូវការដោះដូរអ្នកទោស និងចំណាប់ខ្មាំង ហើយចាប់ផ្ដើមអនុវត្តផែនការកសាងតំបន់ហ្កាហ្សាឡើងវិញ ក្រោមការត្រួតពិនិត្យតាមដានពីប្រទេសកាតា អេហ្ស៊ីប និងអង្គការសហប្រជាជាតិ។ ចុងក្រោយគេ គឺបិទបញ្ចប់ទាំងស្រុងនូវការបិទខ្ទប់របស់                អ៊ីស្រាអែលលើ តំបន់ហ្កាហ្សា៕