2024-05-07 15:45
290

ទីក្រុងជេរូសាឡឹម៖ កងទ័ពអ៊ីស្រាអែល បានចូលគ្រប់គ្រងទីក្រុងរ៉ាហ្វះ (Rafah) ជាច្រកព្រំដែនដ៏សំខាន់ តភ្ជាប់ រវាងតំបន់ហ្កាហ្សា (Gaza) និង ប្រទេសអេហ្ស៊ីប កាលពីថ្ងៃអង្គារ ទី៧ ខែឧសភា ឆ្នាំ២០២៤ ហើយបន្ដរុញចូលទៅភាគខាងត្បូង ទីក្រុងហ្កាហ្សា បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាស អស់រយៈពេលពេញមួយយប់  ខណៈមានការរំពឹងទុក សម្រាប់កិច្ចព្រមព្រៀងបទឈប់បាញ់ ត្រូវព្យួរសម្រាប់តុល្យភាពចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរបស់បារាំង AFP ។

ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស់ (Hamas) បានបញ្ជាក់ កាលពីល្ងាច ថ្ងៃចន្ទ ថា ក្រុមហាម៉ាស់ បានយល់ព្រមតាមសំណើលើបទឈប់បាញ់របស់ក្រុមប្រទេសសម្រុះសម្រួល ក្រោយពេលសង្គ្រាម អស់រយៈពេល៧ខែ ដែលបានរុញច្រានអ្នករស់នៅតំបន់ហ្កាហ្សា ប្រហែលជាងមួយលាននាក់ ទៅភាគខាងត្បូងតំបន់នេះ។

អ៊ីស្រាអែល បានបញ្ជាក់ ថា លក្ខខណ្ឌចរចានេះ មិនបានបំពេញតាមការទាមទាររបស់អ៊ីស្រាអែល ហើយអ៊ីស្រាអែល បានបើកប្រតិបត្តិការយោធា ចូលទៅក្នុងទីក្រុងរ៉ាហ្វះ។
ដោយឡែក មន្ត្រីសុខាភិបាលប៉ាឡេស្ទីន បានបញ្ជាក់ ថា រថក្រោះ និង យន្តហោះចម្បាំងរបស់អ៊ីស្រាអែលបានវាយលុកចូលមកក្នុងតំបន់ និង ផ្ទះជាច្រើនជាច្រើនខ្នង នៅក្នុងទីក្រុងរ៉ាហ្វះ ពេញមួយយប់ ដោយបានសម្លាប់ជនជាតិប៉ាឡេស្ទីន យ៉ាងតិច២០នាក់ ខណៈមនុស្សជាច្រើននាក់ទៀត រងរបួស នៅក្នុងការវាយប្រហារនេះ។

លោក ហ៊ីសាម អេដវ៉ាន់ (Hisham Edwan) អ្នកនាំពាក្យ អាជ្ញាធរឆ្លងកាត់ព្រំដែនហ្កាហ្សា  បានបញ្ជាក់  ថា «ការចូលកាន់កាប់របស់អ៊ីស្រាអែល ដូចជាការកាត់ទោសប្រហារជីវិតរបស់អ្នករស់នៅតំបន់ហ្កាហ្សាស្ទ្រីប បន្ទាប់ពីការបិទច្រកព្រំដែនរ៉ាហ្វះ។ ជាមួយគ្នានេះដែរ គាត់បានថ្កោលទោសដល់អ៊ីស្រាអែល ចំពោះអ្នកស្លាប់ដោយសារជំងឺមហារីក ព្រោះតែដួលរលំប្រព័ន្ធថែទាំសុខភាព នៅក្នុងតំបន់ហ្កាហ្សា។

អ៊ីស្រាអែល បាន និង កំពុងគំរាមវាយលុកទ្រង់ទ្រាយធំមួយ នៅក្រុងរ៉ាហ្វះ តាមអ្វីដែលអ៊ីស្រាអែល បានអះអាង ថា ទីក្រុងរ៉ាហ្វះ មានក្រុមយុទ្ធជនហាម៉ាស់ រាប់ពាន់នាក់ និង អាចមានចំណាប់ខ្មាំង រាប់សិបនាក់។ រីឯជ័យជម្នះរបស់អ៊ីស្រាអែល មិនអាចទៅរួចនោះទេ បើមិនអាចគ្រប់គ្រងទីក្រុងរ៉ាហ្វះបាន៕