រតនគិរី៖ យុវជនចំនួន ០៣នាក់ បាននាំគ្នាធ្វើសកម្មភាពចូលលួចផ្លែធុរេនបាន ចំនួន ១៣ផ្លែ ត្រូវម្ចាស់តាមទាន់ឃាត់ខ្លួនបាន ចំនួន ០២នាក់ ប្រគលឱ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ ដើម្បីចាត់ការតាមផ្លូវច្បាប់ និងម្នាក់ទៀតបានរត់គេចខ្លួនបាត់ស្រមោល។
នគរបាលបាននិយាយឱ្យដឹងថា នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នេះថា ជនសង្ស័យ ចំនួន ០២នាក់ ត្រូវបានឃាត់ខ្លួននៅវេលាម៉ោង ២២និង០០នាទី នាថ្ងៃទី១៣ ខែឧសភា កន្លងទៅ បន្ទាប់ពីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកាចាញ បានទទួលបណ្តឹងពីឈ្មោះ ង៉ែត សុធា មានករណីលួចបេះផ្លែធុរេនក្នុងចម្ការរបស់ខ្លួន ស្ថិតនៅក្នុងភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង។ បន្ទាប់ទទួលបណ្តឹងកម្លាំងប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុ និងបានធ្វើការឃាត់ខ្លួនជជនសង្ស័យទាំង០២នាក់ និងបក្ខពួកម្នាក់ទៀតបានរត់គេចខ្លួនបាត់ នាំយកមកសាកសួរនៅប៉ុស្តិ៍រដ្ឋបាល និងបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងបានលុង ដើម្បីចាត់ការបន្តទៅតាមនីតិវិធី។
នាយប៉ុស្តិ៍កាចាញ បានឱ្យដឹងថាថា ជនជនសង្ស័យទាំង០២នាក់ ដែលឃាត់ខ្លួនមានឈ្មោះ ឡា ប៊ុននី ហៅអំ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិទំពួន មុខរបរ មិនពិតប្រាកដ និង ឈ្មោះ យ៉ាត ពៅ ហៅពៅ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី បក្ខពួកម្នាក់ទៀតបានរត់គេចខ្លួនបាត់ស្រមោល។ ចំពោះការឃាត់ខ្លួនជនសង្ស័យដោយមានការសម្របសម្រួលនីតិវិធីពី លោក មុត សម្បត្តិ ព្រះរាជអាជ្ញារង អយ្យការអមសាលាដំបូងខេត្តរតនគិរីផងដែរ។
មុនពេលកើតហេតុជនសង្ស័យ ចំនួន ០៣នាក់ ជិះម៉ូតូ ចំនួន ០២គ្រឿងទៅធ្វើសកម្មភាពលួចបេះផ្លែធុរេន ក្នុងចំការអ្នកដទៃបាន ចំនួន ១៣ផ្លែ ត្រូវបានម្ចាស់ចម្ការធុរេមកទាន់ឃាត់ខ្លួនរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍ឲ្យចុះទៅចំណុចកើតហេតុ ដើម្បីអន្តរាគមន៍ និងនាំខ្លួនជនសង្ស័យទាំង០២នាក់ រួមទាំងវត្ថុតាង មកប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កាចាញ ដើម្បីសាកសួរនាំបន្តរតាមនិតិវិធីច្បាប់។
ជនសង្ស័យទាំង០២នាក់ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានចូលទៅធ្វើសកម្មភាពលួចបេះផ្លែធុរេនទាំងនោះពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានរក្សាទុក និងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការនគរបាលក្រុងបានលុង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តចាត់ការបន្តតាមច្បាប់៕