2024-05-17 19:05
268

ខេត្តស្វាយរៀង៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាអ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀង បានអញ្ជើញបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤  ដែលបានរៀបចំនៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង នាព្រឹកថ្ងៃសុក្រ ១០កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤។ 
  ពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤នេះ  គីគោរពតាមកាលបរិច្ឆេទរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ហើយការឃោសនានេះត្រូវបានធ្វើឡើងរយៈពេល ៨ថ្ងៃជាប់ៗគ្នា តាមប្រតិទិនរបស់ គ.ជ.ប កំណត់ ដែលនឹងត្រូវ បញ្ចប់នៅម៉ោង១២:០០យប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។ 
គណបក្សប្រជាជនកម្ពុជាមានការជួបជុំសមាជិក សមាជិការបស់ខ្លួនប្រមាណជាង ២.៦០០នាក់ នៅស្នាក់ការ គណបក្ស ខេត្តស្វាយរៀងរួចដង្ហែចេញតាមដងផ្លូវនិងគោលដៅដែលបានកំណត់ ។ 
សម្តេចកិត្តិសង្គហបណ្ឌិត បានមានសំណូមពរឲ្យសមាជិក សមាជិកាទាំងអស់ត្រូវគោរពតាមច្បាប់ គជប ក្នុងអំឡុងពេលឃោសនារកសម្លេងគាំទ្រ និងជៀសឲ្យបាននូវការប្រើប្រាស់អំអំពើហឹង្សានានា ។ ជាពិសេស ត្រូវគោរពឲ្យបានតាមសារលិខិត របស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២៤នេះ។ 
គួររម្លឹកថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ខាងមុខនេះ។ សម្រាប់ខេត្តស្វាយរៀង មានគណបក្សនយោបាយចំនួន៥ បានចូលរួមប្រកួតប្រជែង រួមមាន៖ គណបក្សប្រជាជនកម្ពុជា, គណបក្សហ៊្វុនស៊ិនប៉ិច, គណបក្សកម្លាំងជាជាតិ , គណបក្សឆន្ទៈខ្មែរ និងគណបក្សរួបរួមជាតិ ៕