2024-06-20 16:35
244

ត្បូងឃ្មុំ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាឱកាសអញ្ជើញជាអធិបតី ប្រារព្វខួបលើកទី៤៧ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧ - ២០ មិថុនា ២០២៤ និងបញ្ចុះបឋមសិលាសាងសង់អគារទទួលភ្ញៀវ នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្មអិច១៦ ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ សម្តេចបានបានថ្លែងថា៖ «ប្រវត្តិសាស្ត្រច្បាស់លាស់ គឺជាកិច្ចការសំខាន់សម្រាប់ប្រទេសជាតិនីមួយៗ ក៏ដូចជាទំនាក់ទំនងរវាងប្រទេស និងប្រទេស»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា៖ «សច្ចភាពនៃប្រវត្តិសាស្ត្រដែលប្រជាជនកម្ពុជា និងវៀតណាមត្រូវចងចាំឱ្យបានច្បាស់លាស់ គឺកម្ពុជា និងវៀតណាម ធ្លាប់មានប្រវត្តិជួយគ្នាទៅវិញទៅមកក្នុងការដណ្តើមឯករាជ្យពីរបបអាណានិគម ដោយក្នុងនោះ ថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជា ធ្លាប់បានជួយវៀតណាម ក្នុងបុព្វហេតុរំដោះប្រទេសដែលឈាននាំទៅដល់ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍ ដូចគ្នានេះដែរ ថ្នាក់ដឹកនាំ និងប្រជាជនវៀតណាម ក៏ធា្លប់បានជួយកម្ពុជាក្នុងបុព្វហេតុរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការកសាងអភិវឌ្ឍប្រទេសឡើងវិញ»។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា «នេះសច្ចភាពនៃប្រវត្តិសាស្ត្រដែលប្រទេសយើងទាំងពីរត្រូវយល់ឱ្យច្បាស់ ដើម្បីចៀសវៀងការយល់ច្រឡំតាមការបកស្រាយណាមួយដែលគ្មានមូលដ្ឋានប្រវត្តិសាស្ត្រជាក់ស្តែង»។ 

សូមបញ្ជាក់ថា ការប្រារព្ធខួបលើកទី៤៧ នេះ គឺក្នុងស្មារតីចងចាំជានិច្ច និងរំលឹកអំពីគំរូវីរភាពដ៏មោះមុត និងគុណបំណាច់ដ៏ធំធេងរបស់ វីរយុទ្ធជន វីរយុទ្ធនារី កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ ដែលបានពលិកម្មយ៉ាងអង់អាចក្លាហាន បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិនៃយើង ដោយបានឆ្លងកាត់ដំណាក់កាលប្រវត្តិសាស្ត្រជាច្រើន៕