2024-06-26 14:37
344

ភ្នំពេញ៖ ប្រមុខថ្នាក់ដឹកនាំកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា៖ ក្នុងដំណើរឆ្ពោះទៅមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោយការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានកំណត់រួចហើយក្នុងការកសាង និងការពារមាតុភូកម្ពុជារបស់យើងក្នុងឆ្នាំ២០២៤-២០២៨ ដែលរាជរដ្ឋាភិបាលត្រូវអនុវត្ត ក្នុងនោះរួមបញ្ចូលការអភិវឌ្ឍ និងពង្រឹងប្រព័ន្ធគាំពាសង្គមប្រកបដោយប្រសិទ្ធភាព និងចីរភាព ដែលជួយគាំពាប្រជាជនគ្រប់រួបពីហានិភ័យនានា “ដោយមិនទុកឱ្យប្រជាជនណាម្នាក់ ស្ថិតនៅក្រៅប្រព័ន្ធគាំពាសង្គម  និងនៅតែរក្សាជំហររួមសុខរួមទុក្ខជាមួយប្រជានជនគ្រប់កាលៈទេសៈ”។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី “ខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០០៧ - ២១ មិថុនា ២០២៤” ស្ថិតសាកលវិទ្យាល័យការពារជាតិឫស្សីកែវ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា៖ «ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ គឺជាទិវាប្រវត្តិសាស្ត្រប្រកបដោយមោទនភាពបំផុត ដែលបងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ដើម្បីរំឭកដល់ គំរូវីរភាពដ៏មោះមុត និងគុណបំណាច់ដ៏ធំធេងរបស់វីរយុទ្ធជន យុទ្ធនារី នៃកងកម្លាំងប្រដាប់អាវុធនិងប្រជាពលរដ្ឋ គ្រប់ស្រទាប់ដែលបានធ្វើពលិកម្មយ៉ាងអង់អាចក្លាហាន បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ ជាទីស្នេហានៃយើង។ ពលិកម្មប្រកបដោយស្មារតីស្នេហាជាតិរបស់វីរអតីតយុទ្ធជន យុទ្ធនារី និងប្រជាពលរដ្ឋ យើងនៅគ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្រ បានរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការពារបូរណភាពទឹកដី ការកសាង សុខសន្តិភាព និងស្ថិរភាពសង្គមសម្រាប់ព្រះរាជាណាចក្រកម្ពុជា សំដៅធានាឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដើម្បីជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា»។

សូមបញ្ជាក់ថា សមាគមន៍អតីយុទ្ធជនកម្ពុជា ត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដើម្បីជាការលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនអតីយុទ្ធជន យុទ្ធនារី ដែលបានបូជាសាច់ស្រស់ឈាមស្រស់ក្នុងបុព្វហេតុការពារជាតិមាតុភូមិនៃយើង៕