2024-07-03 06:07
276

ភ្នំពេញ៖ ឯកឧត្តម Shaharuddin Bin Onn ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក្នុ្ងងជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុ លោកឯកអគ្គរាជទូត បានប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

ក្នុងឱកាសនៃជំនួប ឯកឧត្តម Shaharuddin Bin Onn បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាត ឱ្យរូបឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ និងបានគោរពជម្រាបជូនសម្តេចធិបតីផងដែរថា៖ «ឯកឧត្តមពិតជាមានកិត្តិយសយ៉ាងក្រៃលែង ដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា»។ 

ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរាជទូត Shaharuddin Bin Onn ក៏បានគោរពជម្រាបជូនសម្តេចធិបតីអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រវាងម៉ាឡេស៊ី-កម្ពុជា ហើយឯកឧត្តមឯកអគ្គរាជទូត ក៏បានបញ្ជាក់ថា ក្នុងបេសកកម្មការទូតរបស់ ឯកឧត្តមនៅកម្ពុជា ឯកឧត្តមប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត។

ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត នាយលរដ្ឋមន្ត្រីនៃកម្ពុជា បានស្វាគមន៍ ចំពោះវត្តមានរបស់ ឯកឧត្តម Shaharuddin Bin Onn និងគណៈប្រតិភូ ព្រមទាំងបានអបអរសាទរចំពោះ ឯកឧត្តម ដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងបានផ្តាំផ្ញើការសួរសុខទុក្ខជូនចំពោះ ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា អ៉ីប្រាហ៊ីម (Dato' Seri Anwar Bin Ibrahim) នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ីផងដែរ។ ទន្ទឹមនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ម៉ាឡេស៊ីផងដែរ។

ក្នុងជំនួបនេះដែរ សម្តេចធិបតី និងឯកឧត្តមឯកអគ្គរាជទូត ក៏បានពិភាក្សាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាច្រើន រួមមាន៖ វិស័យនយោបាយ, សន្ដិសុខ និងការពារជាតិ, សេដ្ឋកិច្ច, ទេសចរណ៍ , អប់រំនិងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន។  បន្ថែមលើនេះ សម្តេចធិបតី និងឯកឧត្តមឯកអគ្គរាជទូត ក៏បានពិភាក្សាអំពីការជំរុញនូវកិច្ច សហប្រតិបត្តិការលើការបង្កើតសួនឧស្សាហកម្មអាហារហាឡាល់ ដើម្បីជំរុញការអភិវឌ្ឍវិស័យហាឡាល់នៅកម្ពុជា ក្នុងការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងអន្តរជាតិ។ 

ជាទីបញ្ចប់ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានជូនពរ ឯកឧត្តមឯកអគ្គរាជទូត ទទួលបានជោគជ័យក្នុងការ បំពេញបេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា និងបានលើកទឹកចិត្ត ឱ្យឯកឧត្តមឯកអគ្គរាជទូត បន្តធ្វើកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ របស់រាជរដ្ឋាភិបាលកម្ពុជា៕