2024-07-08 05:07
261

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោក Fujitsu Ryojo នាយកក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) និងសហការី ដើម្បីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ 

ក្នុងជំនួបនេះសម្តេចធិបតីជាមួយនាយកក្រុមហ៊ុន Toyota Tsusho Manufacturing បានធ្វើឡើង នារសៀលថ្ងៃចន្ទ ទី០៨ កក្កដា ២០២៤នៅវិមានសន្តិភាព។ 
សូមជម្រាបថា ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd ជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២២ និងមានរោងចក្រផ្គុំ និងដំឡើងរថយន្តដែលត្រូវបានសម្ពោធជាផ្លូវការ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ ដែលមានទីតាំងវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ ជាមួយទុនវិនិយោគប្រមាណជិត ៣៧លានដុល្លារអាមេរិក។ 

ចំពោះវត្តមានរបស់ រោងចក្រដំឡើងរថយន្ត Toyota នៅកម្ពុជា បង្ហាញពីទំនុកចិត្តរបស់វិនិយោគិនជប៉ុននៅកម្ពុជា និងសញ្ញាវិជ្ជមានអំពីសក្ដានុពលរបស់កម្ពុជា សម្រាប់ការវិនិយោគ ទាំងក្នុងវិស័យយានយន្ត ក៏ដូចជាវិស័យកម្មន្តសាល និងវិស័យឧស្សាហកម្មធន់ធ្ងន់ដទៃទៀត៕