2024-07-09 01:07
118

កំពង់ធំ៖ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ឬបុគ្គលអ្នកមានអំណាចទាំងឡាយណាដែលឈរពីក្រោយខ្នង នៃបទល្មើសបំផ្លិចបំផ្លាញធនធានធម្មជាតិ ត្រូវប្រញាប់ដក់ខ្លួនចេញបន្ទាន់ ប្រសិនបើមិនចង់ឱ្យមានបញ្ហាដល់ខ្លួននោះ។ នេះជាការព្រមានរបស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាសាធារណៈនៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលខេត្តកំពង់ធំថ្មី។
ការព្រមានរបស់ឧបនាយករដ្ឋមន្ត្រី ស សុខា បានធ្វើឡើក្នុងពិធីប្រកាសចូលកាន់មុខតំណែង លោក នួន ផារ័ត្ន ជាអភិបាល នៃគណៈអភិបាលខេត្តកំពង់ធំថ្មី ជំនួស លោក ងួន រតនៈ អតីតអភិបាលខេត្តកំពង់ធំ ដែលត្រូវបានផ្លាស់ប្តូរទៅកាន់កន្លែងថ្មី នារសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ ម្សិលមិញនេះ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានព្រមានធ្ងន់ៗយ៉ាងដូចនេះថា៖ «ជនទាំងឡាយណា ទោះមន្ត្រីក្ដី ឈ្មួញក្ដី ដែលធ្លាប់ និងដែលព្យាយាមប៉ុនប៉ងធ្វើសកម្មភាពដោយផ្ទាល់ ឬឈរពីក្រោយប្រជាជនមកពីតំបន់ផ្សេងៗ ក្នុងចេតនាកាប់បំផ្លាញព្រៃឈើ ទន្ទ្រានយកដីរដ្ឋធ្វើកម្មសិទ្ធ កាប់បំផ្លាញដីព្រៃលិចទឹក ដើម្បីរំលោភកាន់កាប់ដីធ្លី និងបទល្មើសនេសាទ ជាដើម ត្រូវប្រញាប់ដកខ្លួនចេញជាបន្ទាន់ បើមិនចង់អស់លក្ខណ៍ ខូចអនាគត និងកិត្តិយសនោះ»។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានមានប្រសាសន៍រម្លឹកដល់អង្គពិធីដែលមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រី និងកម្លាំងចម្រុះចំណុះរដ្ឋបាលខេត្ត ត្រូវអនុវត្តនូវបញ្ជាដ៏ម៉ឺម៉ាត់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីម នៃកម្ពុជា ពាក់ព័ន្ធនឹងកិច្ចការពារធនធានធម្មជាតិនៅកម្ពុជាឱ្យបានត្រឹមត្រូវ ដើម្បីជាផលប្រយោជន៍រួមយើងទាំងអស់គ្នា៕