2024-09-01 03:09
188

ភ្នំពេញ៖ ជម្លោះឈានដល់ការប្រើអំពើហិង្សាលើគ្នាទៅវិញទៅមក រវាងក្រុមអ្នករត់ម៉ូតូកង់បីឥណ្ឌា និងជនជាតិឥណ្ឌា ដោយចោទប្រកាន់បានលួចទូរសព្ទនោះ ត្រូវបានសម្របសម្រួលដោះស្រាយបញ្ចប់រឿង ព្រោះភាគីទាំងសងខាងមានការយល់ច្រឡំរៀងៗខ្លួន។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា៖ នៅរសៀលម៉ោង ១៦និង២០នាទី ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ នៅចំណុច មុខស្តាតអូឡាំពិក ផ្លូវ២១៧ សង្កាត់វាល់វង ខណ្ឌ៧មករា មានករណីហិង្សាទៅវិញទៅមក រវាងក្រុមម៉ូតូកង់បី (ផាសអាប់) និងជនជាតិស្បែកខ្មៅ (ជនជាតិនីហ្សេរីយ៉ា) ដោយជនជាតិស្បែកខ្មៅបានចោទប្រកាន់អ្នករត់ម៉ូតូកង់បីដែលខ្លួនបានជិះថា បានលួចទូរសព្ទរបស់ខ្លួន។

បន្ទាប់ពីកើតហេតុរួច សមត្ថកិច្ចបានកោះហៅភាគីទាំងសងខាងទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលវាល់វង់ ដើម្បីធ្វើការសួរនាំ បន្ទាប់ពីសួរនាំរួច សមត្ថកិច្ចបានចុះត្រួតពិនិត្យកាម៉េរាសុវត្ថិភាព គឺទូរសព្ទនោះបាត់ មុនពេលជនជាតិស្បែកខ្មៅជិះម៉ូតូកង់បី (ផាសអាប់) មកស្តាតអូឡាំពិក គឺមិនមានករណីលួចយកទូរសព្ទដូចដែលជនជាតិស្បែកខ្មៅបានចោទប្រកាន់នោះទេ។ 

ដោយយោងតាមការសម្របសម្រួលរវាងភាគីទាំងពីរ សុំបញ្ចប់រឿងមិនប្តឹងគ្នា ដោយសារជារឿងយល់ច្រឡំ សមត្ថកិច្ចក៏បានឲ្យខាងភាគីជនជាតិស្បែកខ្មៅ សុំទោសទៅអ្នករត់ម៉ូតូកង់បី ហើយសមត្ថកិច្ចបានអនុញ្ញាតឲ្យភាគីទាំងពីរទៅវិញ៕