2024-11-22 07:38
58

ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពី នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ នៅសាលប្រជុំអគារសេនាធិការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោ ស សំបូរធន មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំអង្គប្រជុំត្រួតពិនិត្យផែនការការពារសន្តិសុខ រក្សាសុវត្ថិភាព ជូនរដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម និងជូនរដ្ឋមន្ត្រីក្រសួងការពារប្រទេសនៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលនឹងត្រូវអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម និងរដ្ឋមន្ត្រីក្រសួងការពារប្រទេសឡាវ នៅក្នុងពេលនេះជាព្រឹត្តិការណ៏អមមួយក្នុងចំណោមព្រឹត្តិការណ៏អមផ្សេងៗទៀត នៃកិច្ចប្រជុំប្រចាំឆ្នាំថ្នាក់រដ្ឋមន្ត្រីការពារជាតិ និងធ្វើលំហាត់សមយុទ្ធរួមរវាងកងទ័ពបីប្រទេស កម្ពុជា ឡាវ វៀតណាម នៅព្រះរាជាណាចក្រកម្ពុជា។ 

សូមជម្រាបថា លំហាត់សមយុទ្ធរួម រវាងកងទ័ពបីប្រទេស កម្ពុជា ឡាវ វៀតណាម បានចាប់ផ្តើមធ្វើការហ្វឹកហាត់រួមគ្នាតាំងពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលគិតមកដល់ថ្ងៃនេះ មានរយះពេល០៤ថ្ងៃហើយ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ស្ថិតនៅក្នុងភូមិសាស្ត្រភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ហើយដែលសមយុទ្ធរួមគ្នាបីប្រទេសនេះ នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីតាំងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយដដែល។

ចំពោះកិច្ចប្រជុំត្រីភាគីថ្នាក់រដ្ឋមន្ត្រីការពារជាតិ ក៏នឹងត្រូវប្រព្រឹត្តិទៅនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ រដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងបី (កម្ពុជា ឡាវ វៀតណាម) ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ អគ្គស្នងការដ្ឋាននគរបាលជាតិ ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ និងអ្នកសារពត៌មានជាតិ អន្តរជាតិផងដែរ នៅសណ្ឋាគារហ្គាដេនស៊ីក្នុងរាជធានីភ្នំពេញ៕