2024-11-22 07:58
153

រដ្ឋធានីកៀវ៖ ថ្វីបើមានការព្រមានសងសឹកពីវិមានក្រឹឡាំងរបស់ប្រធានាធិបតីរុស្ស៊ី ក្រោយពេលក្រុងកៀវ បានប្រើប្រាស់មីស៊ីលបាញ់ចម្ងាយឆ្ងាយរបស់សហរដ្ឋអាមេរិក ចូលជ្រៅទៅលើដែនដីរបស់ក្រុងមូស្គូយ៉ាងណាក៏ដោយ ហើយឥឡូវនេះ កងទ័ពអ៊ុយក្រែន បានចាប់ផ្ដើមប្រើប្រាស់មីស៊ីលគ្រូសស្ដមសាដូវ (Storm Shadow) ផលិតរួមគ្នាដោយបារាំង-អង់គ្លេស វាយប្រហារចូលជ្រៅទៅលើទឹកដីរបស់រុស្ស៊ីនៅក្នុងសង្គ្រាមរយៈពេល១០០០ថ្ងៃមកនេះ។

ទីភ្នាក់ងារសារព័ត៌មានរបស់អង់គ្លេស Reuters បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា កងទ័ពអ៊ុយក្រែន បានចាប់ផ្ដើមបាញ់មីស៊ីល Storm Shadow របស់អង់គ្លេស ជាលើកដំបូង ចូលទៅក្នុងប្រទេសរុស្ស៊ី កាលពីថ្ងៃពុធ ទី២០ ខែវិច្ឆិកា។ 

នេះជាអាវុធថ្មីបំផុតរបស់លោកខាងលិច ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ សម្រាប់ការវាយប្រហារទៅលើគោលដៅយោធានានារបស់ក្រុងមូស្គូ។ 

សកម្មភាពប្រើប្រាស់មីស៊ីលគ្រូសស្ដមសាដូវរបស់អ៊ុយក្រែននាពេលនេះបានកើតឡើង ត្រឹមតែរយៈពេលមួយថ្ងៃក្រោយពេលកងទ័ពរបស់ក្រុងកៀវ បានប្រើប្រាស់មីស៊ីល ATACMS របស់សហរដ្ឋអាមេរិក វាយប្រហារចូលទៅលើទឹកដីរបស់ក្រុងមូស្គូ កាលពីថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា។

ការវាយប្រហាររបស់អ៊ុយក្រែន ត្រូវបានរាយការណ៍យ៉ាងទូលំទូលាយ ដោយក្រុមអ្នកឆ្លើយឆ្លងព័ត៌មានសង្គ្រាមរបស់រុស្ស៊ី តាមលើបណ្ដាញសង្គមតេឡេក្រាម (Telegram) និងមានការបញ្ជាក់ពីមន្ត្រីជាច្រើននៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។ ប៉ុន្ដែអ្នកនាំពាក្យនៃអគ្គសេនាធិការអ៊ុយក្រែនបានអះអាងថាគាត់មិនព័ត៌មាននេះទេ។

ក្រុមមន្រ្ដីរុស្ស៊ីបានព្រមាន អំពីការសងសឹកដ៏ធ្ងន់ធ្ងរប្រឆាំងនឹងក្រុងកៀវក្រោយពេលកងទ័ពអ៊ុយក្រែន បានប្រើប្រាស់ប្រព័ន្ធមីស៊ីលបាញ់ចម្ងាយឆ្ងាយ ATACMS ផលិតដោយសហរដ្ឋអាមេរិក វាយប្រហារចូលជ្រៅទៅលើទឹកដីរបស់រុស្ស៊ី នៅតំបន់ប៊្រីយ៉ាន់ស្ក៍ (Bryansk) កាលពីថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ ប៉ុន្ដែភ្លាមៗនោះ គេមិនទាន់មានសេចក្ដីរាយការណ៍អំពីទំហំនៃការខូចខាត ដោយសារការវាយប្រហារពីមីស៊ីល ATACMS និង មីស៊ីលគ្រូសស្ដមសាដូវនោះឡើយ។

ស្របគ្នានេះដែររដ្ឋាភិបាលក្រុងមូស្គូបានអះអាងថា ការប្រើប្រាស់អាវុធរបស់លោកខាងលិច សម្រាប់វាយប្រហារមកលើទឹកដីរបស់រុស្ស៊ី ឃ្លាតឆ្ងាយចេញពីព្រំដែនរបស់អ៊ុយក្រែ នឹងក្លាយជាការបង្កើនជម្លោះកាន់តែខ្លាំងឡើងបន្ថែមទៀត។
 

ដោយឡែក រដ្ឋាភិបាលក្រុងកៀវបានអះអាងថា អ៊ុយក្រែនត្រូវការសមត្ថភាពសម្រាប់ការពារខ្លួន តាមរយៈការវាយលុកទៅលើមូលដ្ឋានយោធានានានៅផ្នែកខាងក្រោយរបស់រុស្ស៊ី សម្រាប់ប្រើប្រាស់ជួយគាំទ្រដល់កម្លាំងឈ្លានពានរបស់ក្រុងមូស្គូ ខណៈសង្គ្រាមនេះបានឈានដល់ខួបគម្រប់១000ថ្ងៃនៅសប្តាហ៍នេះ។

បើតាមគណនីបណ្ដាញសង្គមតេឡេក្រាមរបស់ក្រុមអ្នកឆ្លើយឆ្លងសង្គ្រាមរបស់រុស្ស៊ី បានបង្ហោះវីដេអូដោយពួកគេបានអះអាងថា មានសំឡេងមីស៊ីល វាយប្រហារមកលើប្រទេសរុស្ស៊ី នៅតំបន់ឃើស្ក (Kursk) ដែលជាប់ព្រំដែន នាភាគឦសានរបស់ប្រទេសអ៊ុយក្រែន។ 

សំឡេងបំផ្ទុះលាន់ឮខ្លាំងៗ យ៉ាងហោចណាស់ក៏មានចំនួន១៤ដងផងដែរ ហើយសំឡេងទាំងនេះអាចត្រូវបានគេឮនៅតាមតំបន់ជាច្រើន។ 

រីឯវីដេអូដែលថតបាននៅក្នុងតំបន់លំនៅឋានមួយ បានបង្ហាញអំពីផ្សែងខ្មៅហុយឡើ អាចមើលឃើញពីចម្ងាយ។

បើតាមឆែនណែលតេឡេក្រាមធំៗចំនួន២ គាំទ្ររុស្ស៊ី បានអះអាងថា អ៊ុយក្រែនបានបាញ់មីស៊ីលស្ដមសាដូវចំនួន១២គ្រាប់ ចូលមកក្នុងតំបន់ឃើស្ករបស់រុស្ស៊ី ហើយបានយករូបភាព នៃបំណែកមីស៊ីលដែលមានឈ្មោះ Storm Shadow អាចមើលឃើញយ៉ាងច្បាស់ផងដែរ។

បើទោះជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យរបស់លោក ឃើរ ស្ដារមឺរ (Keir Starmer) នាយករដ្ឋមន្រ្ដីចក្រភពអង់គ្លេស មិនបានធ្វើការអត្ថាធិប្បាយណាមួយ ជុំវិញការអះអាងពីអ៊ុយក្រែន ប្រើប្រាស់មីស៊ីលស្ដមសាដូវ វាយប្រហារទៅលើទឹកដីរបស់រុស្ស៊ីនោះឡើយ។ ចក្រភពអង់គ្លេស កាលពីដំបូងបានអនុញ្ញាតឲ្យអ៊ុយក្រែនប្រើប្រាស់មីស៊ីល Storm Shadows សម្រាប់វាយប្រហារ នៅក្នុងចម្ងាយ២៥០គីឡូម៉ែត្រ ត្រឹមតែលើនៅទឹកដីរបស់អ៊ុយក្រែនតែប៉ុណ្ណោះ។
 
ប៉ុន្ដែឥឡូវ អ៊ុយក្រែន បានប្រើប្រាស់មីស៊ីលគ្រូសរបស់អង់គ្លេស វាយប្រហារទៅលើទឹកដីរបស់រុស្ស៊ីជាលើកដំបូង ក្រោយពេលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានបើកភ្លើងខៀវដល់ក្រុងកៀវ មានសិទ្ធិប្រើប្រាស់គ្រឿងសព្វាវុធ ផ្គត់ផ្គង់ដោយក្រុងវ៉ាស៊ីនតោន សម្រាប់វាយប្រហារទៅលើទឹកដីរបស់ក្រុងមូស្គូ តាមអ្វីដែលក្រុងកៀវគិតថា គោលដៅនានាទាំងនោះនៅក្នុងប្រទេសរុស្ស៊ីអាចជាការគំរាមកំហែងមកដល់ប្រទេសអ៊ុយក្រែន៕