2024-11-22 08:04
65

រដ្ឋធានីវ៉ាស៊ីនតោន៖ កំពូលមហាសេដ្ឋីលំដាប់លេខ២របស់ឥណ្ឌា និង ជាកំពូលមហាសេដ្ឋីលំដាប់លេខ២២របស់ពិភពលោក លោក ហ្គោតាម អាដានី (Gautam Adani) វ័យ៦២ឆ្នាំ បានរងនូវការចោទប្រកាន់ជាផ្លូវការ ពីការប្រព្រឹត្ដខុសឆ្គង ពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌនៅលើទឹកដីរបស់សហរដ្ឋអាមេរិក។

ទីភ្នាក់ងារសារព័ត៌មានរបស់អង់គ្លេស Reuters បានចេញផ្សាយ កាលពីថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា រដ្ឋអាជ្ញាសហរដ្ឋអាមេរិកបានបញ្ជាក់ កាលពីថ្ងៃពុធ ថា  លោក ហ្គោតាម អាដានី មហាសេដ្ឋី នៃក្រុមហ៊ុនឥណ្ឌា Adani Group និង ជាមហាសេដ្ឋីមួយរូប នៅក្នុងចំណោមអ្នកមានបំផុតរបស់ពិភពលោក ត្រូវបានចោទប្រកាន់ ដោយតុលាការទីក្រុងញូវយ៉ក ជុំវិញតួនាទីរបស់គាត់ នៅក្នុងគម្រោងសូកប៉ាន់ និង បោកប្រាស់ប្រាក់រាប់ពាន់លានដុល្លារអាមេរិក។

អាជ្ញាធរសហរដ្ឋអាមេរិក បានបញ្ជាក់ថា លោកមហាសេដ្ឋី អាដានី និង ចុងចោទ ចំនួន៧ នាក់ផ្សេងទៀត រួមទាំងក្មួយប្រុសរបស់គាត់ ឈ្មោះ សាហ្ការ អាដានី (Sagar Adani) បានយល់ព្រមបង់ប្រាក់សំណូក ប្រហែល២៦៥លានដុល្លារ ដល់មន្ត្រីរដ្ឋាភិបាលឥណ្ឌា ដើម្បីទទួលបានកិច្ចសន្យាដែលគេរំពឹងថា នឹងផ្តល់ប្រាក់ចំណេញចំនួន២ពាន់លានដុល្លារ នៅក្នុងរយៈពេល២០ឆ្នាំ និង អភិវឌ្ឍគម្រោងរោងចក្រថាមពលពន្លឺព្រះអាទិត្យដ៏ធំបំផុតរបស់ប្រទេសឥណ្ឌា។

ស្របគ្នានេះដែរ រដ្ឋអាជ្ញាអាមេរិក ក៏បានបញ្ជាក់ផងដែរថា លោកមហាសេដ្ឋី អាដានី  និង នាយកប្រតិបត្តិម្នាក់ទៀត នៃក្រុមហ៊ុនថាមពលបៃតងអាដានី (Adani Green Energy) អតីតនាយកប្រតិបត្តិវីនីតចាអេន (Vneet Jaain) បានរៃអង្គាសប្រាក់បានជាង៣ពាន់លានដុល្លារ នៅក្នុងប្រាក់កម្ចី និង អាជ្ញាប័ណ្ណដោយលាក់អំពើពុករលួយរបស់ពួកគេពីក្រុមម្ចាស់បំណុល និង ក្រុមវិនិយោគិន។

បើតាមដីកាចោទប្រកាន់មួយបានឲ្យដឹងថា អ្នកឃុបឃិតមួយចំនួនបានសំដៅដោយផ្ទាល់ទៅលើលោក ហ្គោតាម អាដានី ដោយប្រើលេខកូដ Numero uno និង The big man ខណៈលោក សាហ្ការ អាដានី ត្រូវបានតុលាការចោទប្រកាន់ថា បានប្រើទូរស័ព្ទដៃរបស់គាត់សម្រាប់តាមដានភាពជាក់លាក់ អំពីសំណូកទាំងនេះ។

បើទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Adani Group មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយ នៅក្រៅម៉ោងធ្វើការ នៅក្នុងប្រទេសឥណ្ឌា ខណៈការចោទប្រកាន់នេះ ត្រូវបានប្រកាស នៅព្រឹក ថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤។

ស្របគ្នានេះដែរ ស្ថានទូតឥណ្ឌា ប្រចាំនៅទីក្រុងវ៉ាស៊ីនតោន ក៏មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយជុំវិញករណីនេះឡើយ។ 

រីឯមេធាវីរបស់ជនជាប់ចោទ មិនអាចកំណត់អត្តសញ្ញាណបានភ្លាមៗនោះដែរ។

លោកមហាសេដ្ឋី ហ្គោតាម អាដានី, ក្មួយប្រុសរបស់គាត់ ឈ្មោះ សាហ្ការ អាដានី និង ក្រុមហ៊ុន ចាអេន បានរងនូវការចោទប្រកាន់ ពីបទក្លែងបន្លំមូលបត្រ ការសមគំនិតក្លែងបន្លំមូលបត្រ និង ការសមគំនិតក្លែងបន្លំជាប្រព័ន្ធ។ 

បន្ថែមពីលើនេះ ពួកគេក៏ត្រូវបានចោទប្រកាន់ នៅក្នុងសំណុំរឿងរដ្ឋប្បវេណីរបស់គណៈកម្មការមូលបត្រអាមេរិក ផងដែរ។

បើតាមទស្សនាវដ្ដីហ្វបស៍ (Forbes) បានឲ្យដឹងថា លោក ហ្គោតាម អាដានី វ័យ៦២ឆ្នាំ មានទ្រព្យសម្បត្ដិ ចំនួន៦៩,៨ពាន់លានដុល្លារអាមេរិក។ 

គាត់ជាកំពូលមហាសេដ្ឋីលំដាប់ទី២របស់ឥណ្ឌា និង ជាកំពូលមហាសេដ្ឋីលំដាប់លេខ២២របស់ពិភពលោកផងដែរ៕