ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រមប្រកាសឱ្យប្រើច្បាស់ស្តីពី «និរាករណ៍ច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម»។
ព្រះរាជក្រម ប្រកាសដាក់ឱ្យប្រើច្បាប់ខាងលើនេះមានចំនួន ០៤ មាត្រា ដែលបណ្តាញសារព័ត៌មាន អឹម អេស ជេ ទទួលបាននាយប់ថ្ងៃទី២១ ខែវិច្ឆកានេះ។
ព្រះរាជក្រមបានបញ្ជាក់ថា៖ ប្រកាសឱ្យប្រើច្បាប់ស្តីពីនិរាករណ៍ច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពី ការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នាសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ ហើយដែលព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ កែសម្រួលលើទម្រង់ និងគតិច្បាប់នេះ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នាសម័យប្រជុំព្រឹទ្ធសភាលើកទី២ នីតិកាលទី៥ ព្រមទាំងរដ្ឋសភាបានអនុម័តជាលើកទី២ ដោយវិធីបោះឆ្នោតចំហកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០៣២៤ ជាសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ ហើយដែលមានសេចក្តីទាំងស្រុងដូចខាងក្រោម៖
១) និរាករណ៍ច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ដែលត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៣១៨/០០៤ ចុះថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨។
២) ច្បាប់នេះ មានអានុភាពអនុវត្តចាប់ពីថ្ងៃដែលការដកខ្លួនរបស់ព្រះរាជាណាចក្រកម្ពុជាបានចូលជាស្ថាពរ ដោយផ្អែកតាមកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាមុំ។
ទី៣) រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ត្រូវអនុវត្តរាល់នីតិវិធី និងកិច្ចការចាំបាច់នានា ដើម្បីធានាដល់ការដកខ្លួន ជាស្ថាពរចេញពីកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម និង ទី៤៖ ច្បាប់នេះ ត្រូវបានប្រកាសជាការប្រញាប់បំផុត៕