2024-11-22 14:46
135

កំពង់ស្ពឺ- យ៉ាងហោចណាស់ក៏មានក្មេងប្រុសស្រី៣នាក់បានលង់ទឹកប្រឡាយស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអធម៌ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១២ និង៥០នាទី រសៀលថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៤ ស្ថិតនៅ ចំណុចភូមិមីលាវ ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ 

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ក្មេងរងគ្រោះទាំង៣នាក់ខាងលើនេះរួមមានទី១ ឈ្មោះ មុឺន រ៉ូហ្សា ភេទស្រី អាយុ០៣ឆ្នាំ ឪពុកឈ្មោះ ម៉ា ឡេង អាយុ២៥ឆ្នាំ           ម្តាយឈ្មោះ មាន ណាវី អាយុ២៣ឆ្នាំ។ ទី ២-ឈ្មោះ ជា វីរៈ ហៅ អ៊ួយ ភេទប្រុស អាយុ០៥ឆ្នាំ  ឪពុក ឈ្មោះ អំ អៀត អាយុ ២៨ឆ្នាំ ម្តាយឈ្មោះ ភុំ ភី អាយុ២៥ឆ្នាំ។និងទី៣- ឈ្មោះ ឈឿង ស្រីពេជ្រ ភេទស្រី អាយុ០៣ឆ្នាំ ឪពុកឈ្មោះ ញៀន រ៉ាឈុន អាយុ ២៦ឆ្នាំ ម្តាយឈ្មោះ ភុំ សាក់ អាយុ ២៣ឆ្នាំ។

បើតាមការបំភ្លឺ ពីឈ្មោះ ម៉ោង ស៊ីម ភេទស្រី អាយុ៦០ឆ្នាំ ត្រូវជាជីដូន បង្កើត របស់សព កុមាររងគ្រោះទាំង០៣ ខាងលើនេះបានប្រាប់ថាមុនពេលកើតហេតុ ចៅៗរបស់គាត់បាននាំគ្នាទៅបង្ហោះខ្លែងលេង បន្ទាប់មកក៏បាននាំគ្នា ឆ្លងទឹកប្រឡាយអកុលក៏បានលង់ទឹកស្លាប់ទាំង៣នាក់តែម្តង ។

ក្រោយពេលកើតហេតុអ្នកភូមិនិងសមត្ថកិច្ចបានជួយស្រង់សពកុមាររងគ្រោះទាំង៣នាក់យកមកតម្កល់ទុកនៅផ្ទះឪពុកម្តាយ បន្ទាប់មកក៏បានរាយការណ៍ទៅកាន់សមត្ថកិច្ចជំនាញ ដើម្បីឲ្យចុះមកពិនិត្យ និងធ្វើកោសល្យវិច័យ ក្រោយពិនិត្យរួចសមត្ថកិច្ចបានបញ្ជាក់ថា កុមាររងគ្រោះទាំង៣នាក់ខាងលើនេះពិតជាលង់ទឹកស្លាប់ពិតប្រាកដមែន សពកុមាររងគ្រោះត្រូវបានក្រុមគ្រួសារកំពុងរៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី។