2024-11-22 14:48
128

តាកែវ៖ ជនត្រូវចោទជាគ្រូពេទ្យពីរនាក់ ប្តី-ប្រពន្ធ ដែលប្រកបវិជ្ជាជីវៈសុខាភិបាលដោយគ្មានអាជ្ញាប័ណ្ណប្រកបវិជ្ជាជីវៈសុខាភិបាល ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តតាកែវ សម្រេចឃុំខ្លួនជាបណ្តោះអាសន្នក្នុងពន្ធនាគារ ដើម្បីរងចាំចំណាក់ការបន្តតាមនិតិវិធីច្បាប់។

នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ អ្នកនាំពាក្យសាលាដំបូងខេត្តតាកែវ បានឱ្យដឹងថា៖ បន្ទាប់ពីបានទទួលចាត់ការសំណុំរឿងព្រហ្មទណ្ឌលេខ ១៤០៧ ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ និងបន្ទាប់ពីបានសួរចម្លើយ ជនត្រូវចោទ និងពិនិត្យភស្តុតាងនានា នៅក្នុងសំណុំរឿងរួចមក ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនបណ្តោះអាសន្ន លើជនត្រូវចោទ ចំនួន ០២រូប ដូចខាងក្រោម៖

ទី១៖ ឈ្មោះ ស៊ុន ម៉ារីណា ភេទស្រី អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្រូពេទ្យ បម្រើការងារនៅមន្ទីរពេទ្យបង្អែកស្រុកបាទី ត្រូវចោទប្រកាន់ ពីបទ៖ «មនុស្សឃាតដោយចេតនា» ប្រព្រឹត្តទៅនៅចំណុច ភូមិបឹងពញាគុក ឃុំត្រពាំងក្រសាំង ស្រុកបាទី កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌ ដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិ មាត្រា ២០៧ នៃក្រមព្រហ្មទណ្ឌ។ បទ៖ «ប្រកបវិជ្ជាជីវៈសុខាភិបាល ដោយគ្មានអាជ្ញាប័ណ្ណប្រកបវិជ្ជាជីវៈសុខាភិបាល» ប្រព្រឹត្តទៅនៅចំណុច ភូមិបឹងពញាគុក ឃុំត្រពាំងក្រសាំង ស្រុកបាទី កាលអំឡុងឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិ មាត្រា ២៨ នៃច្បាប់ ស្តីពី ការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល។ បទ៖ «លាក់បំបាំងសាកសព» ប្រព្រឹត្តទៅនៅចំណុច ភូមិម្រះជ្រៅ ឃុំចំបក់ ស្រុកបាទី កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិ មាត្រា ៥៣១ នៃក្រមព្រហ្មទណ្ឌ និងបទ៖ «ទារុណកម្ម និងអំពើឃោរឃៅមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ» ប្រព្រឹត្តទៅនៅចំណុច ភូមិម្រះជ្រៅ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ កាលពី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិ មាត្រា ២១១ នៃក្រមព្រហ្មទណ្ឌ។

ទី២៖ ឈ្មោះ ហៀង សុងហាក់ ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្រូពេទ្យ ត្រូវចោទប្រកាន់ ពីបទ៖ «ប្រកបវិជ្ជាជីវៈសុខាភិបាលដោយគ្មានអាជ្ញាប័ណ្ណប្រកបវិជ្ជាជីវៈសុខាភិបាល» ប្រព្រឹត្តទៅនៅចំណុច ភូមិបឹងពញាគុក ឃុំត្រពាំងក្រសាំង ស្រុកបាទី កាលអំឡុងឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិ មាត្រា ២៨ នៃច្បាប់ ស្តីពី ការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល។ បទ៖ «សមគំនិតក្នុងអំពើលាក់បំបាំងសាកសព» និងបទ៖ «សមគំនិតក្នុងអំពើទារុណកម្ម និងអំពើឃោរឃៅមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ» ប្រព្រឹត្តទៅនៅចំណុច ភូមិម្រះពៅ ឃុំចំបក់ ស្រុកបាទី កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិ មាត្រា ២៩, មាត្រា ២៣១ និងមាត្រា ២១១ នៃក្រមព្រហ្មទណ្ឌ។

សូមរំឭកថា កាលពីវេលាម៉ោង៦ ល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ ស្ត្រីជនរងគ្រោះមានឈ្មោះ ណាំ ចន្ធូ អាយុ ៤១ឆ្នាំ និងក្មួយស្រីឈ្មោះ ណូន សៀវហ្វាន អាយុ ៣ឆ្នាំ មានទីលំនៅភូមិទឹកថ្លា ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ ទៅរកគ្លីនិកឯកជន ដើម្បីឲ្យចាក់ថ្នាំព្យាបាលជំងឺរបស់ខ្លួន។ ចាប់តាំងពីចេញពីផ្ទះរហូត ដល់យប់ជ្រៅមិនឃើញសមាជិកក្រុមគ្រួសារមកវិញ ដោយបាត់ជនរងគ្រោះចេញទៅចាក់ថ្នាំមិនឃើញត្រឡប់មកផ្ទះវិញយូរពេក ក្រុមគ្រួសារមានការភិតភ័យក៏បាននាំគ្នាចេញទៅដើររកជនរងគ្រោះ រហូតដល់ម៉ោង២យប់រំលងអធ្រាតឈានចូលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ទើបប្រទះឃើញម៉ូតូរបស់ ជនរងគ្រោះនៅក្នុងព្រៃខាងត្បូងភូមិឃ្លាតពីផ្ទះពេទ្យប្រហែល ៣០០ ម៉ែត្រ តែមិនឃើញជនរងគ្រោះឡើយ។

លុះរហូតដល់ម៉ោង ០៥និង៤៥នាទី ព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ទើបប្រជាពលរដ្ឋ ប្រទះឃើញសាកសពជនរងគ្រោះនិងក្មេងស្រីអង្គុយក្បែរសាកសព នៅចំណុចគុម្ភសង្កែក្បែរផ្លូវបេតុង ស្ថិតនៅភូមិម្រះព្រៅ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ ក្រោយទទួលពត៌មាន កម្លាំងកងរាជអាវុធហត្ថស្រុកបាទី និងកម្លាំងអធិការនគរបាលស្រុក បានចុះដល់ទីតាំងកើតហេតុហើយកម្លាំងជំនាញកោសល្យវិច័យ និងពេទ្យបានធ្វើកោសល្យវិច័យទៅលើសាកសពរួចរាល់បានបញ្ជាក់ថា «សពស្ត្រីជនរងគ្រោះ បានស្លាប់ដោយសារប្រតិកម្មជាមួយនឹងការចាក់ថ្នាំខុសប្រក្រតី»

បន្ទាប់ការស្រាវជ្រាវរបស់សមត្ថកិច្ច និងមានការសម្របសម្រួលនិតិវិធី ពីព្រះរាជអាជ្ញាអមអយ្យការសាលាដំបូងខេត្តតាកែវ កម្លាំងសមត្ថកិច្ចជំនាញព្រហ្មទណ្ឌ បានសម្រេចឃាត់ខ្លួន ម្ចាស់មន្ទីរសម្រាកព្យាបាល និងសម្ភព យីហោ «សុងហាក់ ម៉ារីណា» ពីរនាក់ ប្តីប្រពន្ធ មានឈ្មោះ ស៊ុន ម៉ារីណា ភេទស្រី អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្រូពេទ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកស្រុកបាទី និងឈ្មោះ ហៀង សុងហាក់ ភេទប្រុស អាយុ ៣៧ឆ្នាំ ជាប្តី ជនជាតិខ្មែរ មុខរបរ គ្រូពេទ្យ នាំយកមកធ្វើការសាកសួរ។ ក្រោយការសួរនាំម្ចាស់គ្លីនិក «សុងហាក់ ម៉ារីណា» បានសារភាពទទួលកំហុង ធ្វើត្រាប់រាល់សកម្មភាពដែលបានប្រព្រឹត្តលើជនរងគ្រោះ ហើយសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីអនុវត្តតាមផ្លូវច្បាប់។

បច្ចុប្បន្ន ម្ចាស់មន្ទីរសម្រាកព្យាបាល និងសម្ភព យីហោ «សុងហាក់ ម៉ារីណា» ពីរនាក់ ប្តីប្រពន្ធ ត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជាបណ្តោះអាសន្នក្នុងពន្ធនាគារខេត្តតាកែវ រងចាំចំណាក់ការតាមនិតិវិធីជាបន្តបន្ទាប់ទៀត៕