កំពង់ស្ពឺ៖ ទីបំផុត ក្រុមក្មេងទំនើងអ្នកលេងកាំបិទផ្គាក់ ចំនួន ០២នាក់ ដែលបានវីដេអូបង្ហោះលើបណ្តាញទំនាក់ទំនងសង្គមបង្អួតទៅគូរសត្រូវដោយនិយាយថា «ហ្អែងស្គាល់អញអ្នកចំបក់…!» ប៉ុន្តែលទ្ធផលចុងក្រោយត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលនៃអធិការដ្ឋានស្រុកសំរោងទង ធ្វើការស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួនយកមកសាកសួរ និងចាត់ការតាមនិតិវិធី។
របាយការណ៍បានឱ្យដឹងថា នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ១០និង៣០នាទី សមត្ថកិច្ចនគរបាលស្រាវជ្រាវ តាមរយៈគណនីហ្វេសប៊ុកមួយបានបង្ហោះអំពីសកម្មភាពក្មេងទំនើង ចំនួន ០២នាក់ ដែលបានថតវីដេអូ និយាយលើកកាំបិតផ្គាក់គំរាមដល់ភាគីម្ខាងទៀត ដែលធ្លាប់មានទំនាស់នឹងគ្នា។
ដោយទទួលបញ្ជាពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ កម្លាំងនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកសំរោងទង បានកំណត់មុខសញ្ញាក្មេងទំនើង និងបន្ដសហការឃាត់ខ្លួន ចំនួន ០២នាក់ រួមមាន ទី១៖ ឈ្មោះ ជៃ រក្សា ភេទប្រុស អាយុ ១៨ឆ្នាំ អ្នកកាន់កាំបិតផ្គាក់ និងឈ្មោះ អំ វ៉ាស៊ុ ភេទប្រុស អាយុ ១៧ឆ្នាំ អ្នកឈរនិយាយពីក្រោយ ពួកគេទាំង២នាក់ មានទីលំនៅភូមិចំបក់ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ក្រោយសាកសួរក្មេងទំនើងជាអ្នកលេងកាំបិទផ្គាក់ទាំង២នាក់ បានឆ្លើយសារភាពថា៖ «ខ្លួនពិតជាបានឈរកាន់កាំបិតផ្គាក់និយាយគំរាមទៅលើក្មេងនៅភូមិប្រាកដមែន ដោយសារមូលហេតុមានទំនាស់ពាក្យសំដីគ្នា និងថតជាវីដេអូ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ផ្ញើរចូលគ្រុប Massenger រួចមានគេយកទៅបង្ហោះចែកចាយបន្ដតែម្តង»។