2024-11-25 13:49
132

រាជធានីភ្នំពេញៈ ស្ត្រីនៅកម្មការិនីកាត់ដេរម្នាក់បានស្លាប់បាត់បង់ជីវិតទាំងម្ដាយនឹងកូនក្នុងផ្ទៃ ៩ ខែបន្ទាប់ពីចេញមកពីធ្វើការមិនស្រួលខ្លួនដោយសារឈឺក្បាលមួយយប់ហើយក៏បានប្រើកូនទៅទិញថ្នាំPanadolលេបឣស់ចំនួនពីរគ្រាប់ក៏គាំងបេះដូងស្លាប់ទាំងព្រឹក។

       ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៧ ព្រឹកថ្ងៃទី២៥ ខែវិច្ឆិកាឆ្នាំ ២០២៤នៅក្នុងភូមិទួល សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ស្ត្រីដែលស្លាប់ទាំងកូនក្នុងផ្ទៃឈ្មោះវ៉ូ កញ្ញាអាយុ៣៤ឆ្នាំជាកម្មការិនីរោងចក្រស្នាក់នៅភូមិកើតហេតុខាងលើ។

តាមការបញ្ជាក់ពីបុរសជាប្ដីឈ្មោះ ផូ ផានហៅគរមុខរបជាកម្មករសំណង់ បានប្រាប់សមត្ថកិច្ចដឹងថា កាលពីវេលាម៉ោងប្រមាណជា៥ល្ងាចថ្ងៃទី២៤ ខែវិច្ឆិកាឆ្នាំ ២០២៤ រូបគាត់និងប្រពន្ធបានត្រឡប់មកពីធ្វើការហើយរៀបចំដាំបាយហូប។លុះពេលហូបបាយរួចក៏នាំគ្នាសម្រាកមួយសន្ទុះនៅវេលាម៉ោងប្រមាណ១០ យប់ស្រាប់តែប្រពន្ធមានអាការៈមិនស្រួលខ្លួនឈឺក្បាលខ្លាំងហើយគាត់ក៏បានយកប្រេងខ្យល់ជួយរិតរួចក៍បាននាំគ្នាសម្រាកទៅ។

បុរសជាប្ដីឲ្យដឹងទៀតថា នៅវេលាម៉ោងប្រមាណ៥ភ្លឺថ្ងៃទី២៥ខែវិឆ្ឆិកាប្រពន្ធមានអាការៈឈឺក្បាលម្ដងទៀតហើយបានប្រើអោយកូនប្រុសអាយុ ១៤ឆ្នាំទៅទិញថ្នាំឈឺក្បាលម៉ាកPanadolលេបអស់ចំនួនពីរគ្រាប់ក៏មានអាការៈមិនស្រួលខ្លួន ប្រកាច់  បែកពពុះមាត់ ខាំមាត់ហើយគាត់ក៏បានទៅប្រាប់អ្នកជិតខាង 

បងប្អូនមកជួយមើលក្រោយមកប្រពន្ធរបស់គាត់បានដាច់ខ្យល់ស្លាប់នៅលើផ្ទះទាំងមានផ្ទៃពោះ៩ខែ។

បន្ទាប់ពីប្រពន្ធស្លាប់គាត់ក៏បានរាយការណ៍ប្រាប់លោកមេភូមិ អាជ្ញាធរឃំុ នគរបាលប៉ុស្តិ៍រដ្ឋបាលពន្សាំង បង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដង។នៅព្រឹកនេះដែរសមត្ថកិច្ចជំនាញក៏បានចុះទៅត្រួតពិនិត្យសាកសព។

   តាមការត្រួតពិនិត្យរបស់នគរបាលការិយាល័យបច្ចេកទេសនិងវិទ្យាសាស្ត្រនិងក្រុមគ្រូពេទ្យបានធ្វើការសន្និដ្ឋានថា ស្ត្រីរូបនោះស្លាប់ដោយសារគាំងបេះដូងបណ្ដាលមកពីឡើងសម្ពាធឈាម៕