ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ក្រសួងបរិស្ថាន បដិសេធចំពោះការផ្សាយរបស់បណ្តាញសារព័ត៌មានមួយចំនួន ដែលបានប្រើប្រាស់រូបភាពចាស់ៗ ដើម្បីផ្សព្វផ្សាយខុសពីការពិត និងបង្កឱ្យមានការភាន់ច្រឡំលើករណី ឥណទានកាបូន នៃការអនុវត្តគម្រោងរេដបូក (REDD+) នៅកម្ពុជា។
ការបដិសេធនេះ ធ្វើឡើងបន្ទាប់ពីពេលថ្មីៗនេះ មានសារព័ត៌មានមួយចំនួន បានចុះផ្សាយនូវព័ត៌មានមិនពិតដោយចោទប្រកាន់ថា «គម្រោងរេដបូក (REDD+) នៅកម្ពុជា ត្រូវបានបរាជ័យ ព្រោះតំបន់ការពារព្រៃឈើសម្រាប់ដោះដូរហិរញ្ញប្បទានកាបូនទាំងនោះ កំពុងរងការកាប់បំផ្លាញយ៉ាងខ្លាំង»។
ក្រសួងបរិស្ថាន បានធ្វើការបដិសេធ និងច្រានចោលការផ្សព្វផ្សាយព័ត៌មានបំផ្លើស ខុសពីការពិតជាក់ស្តែងទាំងនោះ ដោយមូលហេតុថា៖ «ក្រសួងបរិស្ថាន បាននិងកំពុងអនុវត្តគម្រោងរេដបូក (REDD+) សម្រាប់ឥណទានកាបូនដោយមានយន្តការជាតិ និងអន្តរជាតិច្បាស់លាស់ក្នុងការវាយតម្លៃ និងការធ្វើសវនកម្ម ដើម្បីធានាបាននូវការ ការពារ និងគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពលើតំបន់ការពារធម្មជាតិ ដែលសម្បូរដោយព្រៃឈើ សត្វព្រៃ និងជីវៈចម្រុះផ្សេងទៀត»។
ក្រសួងបរិស្ថាន ក៏បានដាក់ចេញវិធានការម៉ឺងម៉ាត់បំផុត ព្រមទាំងបានប្រើប្រាស់បច្ចេកវិទ្យា ជាជំនួយក្នុងការទប់ស្កាត់ បង្ក្រាបបទល្មើសធនធានធម្មជាតិ ពិសេសក្នុងគម្រោងរេដបូក (REDD+) ដោយជំរុញការអនុវត្តច្បាប់១០០ ភាគរយ ដោយបានប្រើប្រាស់ និងបានសហការជាមួយ អង្គភាពប្រឆាំងអំពើពុករលួយ កងរាជអាវុធហត្ថលើផ្ទៃប្រទេស គណៈមេធាវី និងក្រសួងយុត្តិធម៌ ក្នុងការស៊ើបអង្កេត បង្ក្រាបបទល្មើសធនធានធម្មជាតិ។
ក្រសួងបរិស្ថាន បានដាក់ចេញនូវយន្តការសវនកម្មឯករាជ្យអន្តរជាតិ បានផ្ទៀងផ្ទាត់ធ្វើសវនកម្មឥណទានកាបូននៃគម្រោងរេដបូក (REDD+) បានបញ្ចប់ និងបើកផ្លូវសម្រាប់ធ្វើពាណិជ្ជកម្មឥណទានកាបូនកម្ពុជាឡើងវិញ ចាប់ពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ បន្ទាប់ពីបានផ្អាកអស់រយៈពេលជាងមួយឆ្នាំ ដើម្បីផ្ទៀងផ្ទាត់ឡើងវិញនេះ។ ការអនុញ្ញាតឱ្យលក់ឥណទានកាបូនឡើងវិញនេះ គឺឆ្លុះបញ្ចាំងយន្តការរេដបូក (REDD+) នៅកម្ពុជា កំពុងដំណើរការល្អ បម្រើឱ្យផលប្រយោជន៍ដល់ការការពារ និងអភិរក្សធនធានធម្មជាតិ និងជីវភាពប្រជាសហគមន៍នៅតាមមូលដ្ឋានកាន់តែប្រសើរ។
ក្រសួងបរិស្ថាន សំណូមពរដល់បណ្តាសារព័ត៌មានទាំងអស់ ដែលបានចុះផ្សាយអំពីកម្មវិធីរេដបូក (REDD+) នៅកម្ពុជា សូមធ្វើការផ្សព្វផ្សាយការពិត និងគោរពវិជ្ជាជីវៈសារព័ត៌មាន ខណៈដែលកម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេសកំពុងអនុវត្តកម្មវិធីរេដបូក (REDD+) បានល្អនៅក្នុងពិភពលោក។
សូមជម្រាបថា តាមរយៈគោលនយោបាយ និងកិច្ចផ្តួចផ្តើមយុទ្ធសាស្ត្រជាបន្តបន្ទាប់ រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន កំពុងអនុវត្តក្រមបរិស្ថាន និងធនធានធម្មជាតិ ក្នុងការលើកកម្ពស់ការងារគ្រប់គ្រងបរិស្ថាន កិច្ចការពារជីវចម្រុះ ការអភិរក្សធនធានធម្មជាតិ ហើយគោលដៅចុងក្រោយរបស់យុទ្ធសាស្រ្តរបស់ ក្រសួងបរិស្ថាន គឺប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានអព្យាក្រឹតភាពកាបូន ដែលមានគម្របព្រៃឈើ ៦០ ភាគរយ នៅឆ្នាំ ២០៥០៕