តាកែវ៖ មន្ទីរសម្រាកព្យាបាល និងសម្ភព ចំនួន ០៦ទីតាំង ក្នុងចំណោម ១២ ទីតាំង ត្រូវបានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិដូនកែវ និងមន្ទីរសុខាភិបាលខេត្តតាកែវ សហការជាមួយរដ្ឋបាលក្រុងដូនកែវ រួមទាំងសង្កាត់ ចុះពិនិត្យ និងរកឃើញថា បើកបម្រើសេវាកម្មសុខាភិបាល ដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវពីក្រសួងសុខាភិបាល និងបានធ្វើកិច្ចសន្យាបិទទីតាំងគ្លីនិកនោះជាបណ្តោះអាសន្ន ពិតជាដូចពាក្យចាស់មួយឃ្លាពោលថា «ចោរលួចក្របីបាត់ទើបស្រះរបង»។
យោងតាមរបាយការណ៍ បានបង្ហាញថា គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងដូនកែវ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ ដឹកនាំដោយ លោក កង អាណាន់ អភិបាលក្រុង និងជាប្រធានគណៈបញ្ជាការឯកភាពក្រុង បានដឹកនាំក្រុមការងារព្រមទាំងមន្ត្រីជំនាញ នៃការិយាល័យសុខាភិបាលស្រុកប្រតិបត្តិដូនកែវ សហការជាមួយមន្ទីរសុខាភិបាលខេត្តតាកែវ កម្លាំងកងរាជអាវុធហត្ថក្រុង កម្លាំងអធិការដ្ឋាននគរបាលក្រុង លោកចៅសង្កាត់ទាំងបី ចុះត្រួតពិនិត្យ នៅតាមទីតាំងមន្ទីរសម្រាកព្យាបាល និងសម្ភពធំៗ ចំនួន ១២ ទីតាំង ក្រុងដូនកែវ ក្នុងនោះដែរបានរកឃើញទីតាំង ចំនួន ០៦ ដែលមិនទាន់មានច្បាប់អនុញ្ញាតត្រឹមត្រូវពីក្រសួងសុខាភិបាល។
ក្រោយពីចំពិនិត្យ និងស្រាវជ្រាវរកឃើញគ្មានច្បាប់អនុញ្ញាតិពីក្រសួងសុខាភិបាល មន្ត្រីជំនាញ និងអាជ្ញាធរបានធ្វើការណែនាំឱ្យម្ចាស់ទីតាំងទាំង ០៦ ខាងលើ ឱ្យស្នើសុំច្បាប់ទៅក្រសួងជាមុនសិន ទើបអាចបលកបម្រើសេវាកម្មសុខាភិបាលបាន ព្រមទាំងបានធ្វើកិច្ចសន្យាបិទទីតាំងជាបណ្តោះអាសន្ន។
ការចុះពិនិត្យរបស់អាជ្ញាធរ និងមន្ត្រីជំនាញនៃមន្ទីរសុខាភិបាលខេត្តតាកែវ និងមន្ត្រីជំនាញនៃមន្ទីរសុខាភិបាល ទៅលើគ្លិនិកឯកជនទាំងនេះ ធ្វើក្រោយផ្ទុះរឿងមិនប្រក្រតីនៃមន្ទីរពេទ្យឯកជនមួយនៅស្រុកបាទី ដែលបានបើកបម្រើសេវាសម្រាក និងព្យាបាលជំងឺរាប់ឆ្នាំមកហើយដោយអត់ច្បាប់អនុញ្ញាតិ រហូតកើតមានករណីការចាក់ថ្នាំប្រតិកម្មធ្វើឱ្យអ្នកជំងឺម្នាក់ស្លាប់ និងបានដឹកសាកសព ព្រមទាំងក្មេងស្រីម្នាក់ទៀត យកទៅបោះចោលក្នុងគុម្ភោធព្រៃ ទើបបានដឹងថាអត់មានច្បាប់។
តាមរបាយការណ៍ដដែលបានបញ្ជាក់ថា មានទីតាំងផ្ដល់សេវាសុខាភិបាល ចំនួន ០៦ ទីតាំង ដែលបើកបម្រើសេវាកម្មដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវទាំង០៦នោះ រួមមាន ១៖ មន្ទីរសម្រាកព្យាបាល និងសម្ភព ឃ្វីន ស្ថិតនៅភូមិឡូរី សង្កាត់រកាក្នុង ក្រុងដូនកែវ។ ២៖ មន្ទីរសម្រាកព្យាបាល និងសម្ភព ដូនកែវ ស្ថិតនៅភូមិថ្មី សង្កាត់រកាក្រៅ ក្រុងដូនកែវ។ ៣៖ មន្ទីរសម្រាកព្យាបាល និងសម្ភព ចិន្តារង្សី ស្ថិតនៅភូមិខ្សឹង សង្កាត់រកាក្នុង ក្រុងដូនកែវ។ ៤៖ មន្ទីរសម្រាកព្យាបាល ប៉ុល សុខា ស្ថិតនៅភូមិតាឌូ សង្កាត់រកាក្រៅ ក្រុងដូនកែវ។ ៥៖ មន្ទីរសម្រាកព្យាបាល រិទ្ធ រដ្ឋា ស្ថិតនៅភូមិព្រហ៊ូត សង្កាត់រកាក្រៅ ក្រុងដូនកែវ និងទី ៦៖ មន្ទីរសម្រាកព្យាបាល និងសម្ភព សាំង ជិនជូ ស្ថិតនៅភូមិឡូរី សង្កាត់រកាក្រៅ ក្រុងដូនកែវ។
សូមជម្រាបថា កាលពីថ្ងៃទី២០ ខែវិច្ឆិកា កន្លងទៅ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើការណែនាំដល់អភិបាលរាជធានី ខេត្ត ឱ្យពង្រឹងនិយ័តកម្មសេវាសុខាភិបាលឯកជន និងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលនៅតាមមូលដ្ឋានសេវា សុខាភិបាលឯកជន និងការលុបបំបាត់សេវាសុខាភិបាលឯកជនខុសច្បាប់តាមបណ្តារាជធានី ខេត្ត ស្របអនុក្រឹត្យលេខ ១៩៣ អនក្រ.បក ចុះថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ របស់រាជរដ្ឋាភិបាល ស្តីពី ការប្រគល់មុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាលទៅឱ្យរដ្ឋបាលរាជធានី ខេត្ត។ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបញ្ជាក់ក្នុងសេចក្តីណែនាំនោះថា៖ «ដើម្បីធានាសេវាថែទាំសុខភាពឱ្យបានត្រឹមត្រូវតាមលក្ខខណ្ឌបច្ចេកទេសវិជ្ជាជីវៈសុខាភិបាល ក្រសួងសុខាភិបាល សូមក្រើនរំលឹកដល់ អភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ធ្វើការត្រួតពិនិត្យឡើងវិញ ទៅលើមូលដ្ឋានសុខាភិបាលឯកជនទាំងអស់តាមវិធានការមួយចំនួនដូចមានស្រាប់»។
ក្រសួងសុខាភិបាល បានប្រាប់ដល់អភិបាលរាជធានី ខេត្ត ត្រូវយកចិត្តទុកដាក់ក្នុងស្មារតីអនុវត្តតាមគោលការណ៍វិមជ្ឈការ និងវិសហមជ្ឈការ ចាត់វិធានការពង្រឹងការធ្វើនិយ័តកម្មសេវាសុខាភិបាលឯកជន និងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលឯកជន ដែលមិនស្របតាមច្បាប់ ស្តីពី ការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈក្នុងវិស័យសុខាភិបាល ព្រមទាំងធ្វើការលុបបំបាត់សេវាសុខាភិបាលឯកជនខុសច្បាប់ ដូចបានជម្រាបជូនខាងលើក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យមានប្រសិទ្ធភាពខ្ពស់៕