2024-11-25 17:08
124

(ភ្នំពេញ)៖ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិនៃរដ្ឋសភាកម្ពុជា បានថ្លែងថា ធម្មនុញ្ញសន្តិភាពសកល បានក្លាយជាឯកសារសាធារណៈសម្រាប់ផ្ដល់គោលនយោបាយជូនទៅប្រទេសនីមួយៗ តំបន់នីមួយៗ ដើម្បីកសាងសន្តិភាព។ ការលើកឡើងនេះ បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្តីពី «លទ្ធផលនៃសម័យប្រជុំពេញអង្គ លើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP)» ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ រយៈពេល២ថ្ងៃ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។

ប្រធានគណៈកម្មការកិច្ចការបរទេសនៃរដ្ឋសភាកម្ពុជា មានប្រសាសន៍យ៉ាងដូច្នេះថា «ធម្មនុញ្ញសន្តិភាពសកល ក្លាយជាឯកសារសាធារណៈសម្រាប់ផ្ដល់គោលនយោបាយជូនទៅប្រទេសនីមួយៗ តំបន់នីមួយៗ ដើម្បីកសាងសន្តិភាព ស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ»

សូមជម្រាបថា ធម្មនុញ្ញសន្តិភាពជាសកលត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើម ប្រកបដោយ ចក្ខុវិស័យរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រួមជាមួយនឹងថ្នាក់ដឹកនាំសំខាន់ៗជុំវិញ ពិភពលោក ដើម្បីធ្វើនិម្មាបនកម្មអន្តរជាតិស្ដីពីសន្តិភាព ដោយផ្អែកលើគំរូនៃការចរចាសន្តិភាព និងនយោបាយឈ្នះឈ្នះ ដើម្បីលើកកម្ពស់សន្តិភាព ការផ្សះផ្សាជាតិ ការអភិវឌ្ឍប្រកបដោយចីរភាព តាមរយៈការពង្រឹង កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការពហុភាគី ដែលផ្អែកលើស្មារតីនៃពហុភាគីនិយមប្រកបដោយបរិយាបន្ន និងគោលការណ៍គ្រឹះនៃច្បាប់អន្តរជាតិ ពាណិជ្ជកម្មសេរីនិងយុត្តិធម៌ សេរីភាព ការពឹងពាក់គា្នទៅវិញទៅមក វិបុលភាពរួមគ្នា គុណតម្លៃសកល និងសហត្ថិភាពដោយសន្តិវិធី។

ជាមួយគ្នានេះ ធម្មនុញ្ញសន្តិភាពសកល គឺជាក្របខ័ណ្ឌអន្តរជាតិបើកចំហនិងមិនជាប់កាតព្វកិច្ចផ្លូវច្បាប់ ដែលត្រូវ បានបង្កើតឡើងដើម្បីបំពេញបន្ថែមនិងស្របជាមួយនឹងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ និងសន្ធិសញ្ញា និងអនុសញ្ញាអន្តរជាតិដែលទទួលស្គាល់ជាសកលផ្សេងទៀត រួមបញ្ចូលប៉ុន្តែមិនកំណត់ចំពោះសេចក្តីប្រកាសទីក្រុង បានឌុង និងសន្ធិសញ្ញាស្ដីពីមិត្តភាពនិងកិច្ចសហប្រតិបត្តិការ (TAC) នៅអាស៊ីអាគ្នេយ៍។

ធម្មនុញ្ញសន្តិភាព សកលគ្របដណ្តប់លើសសរស្តម្ភសំខាន់ៗចំនួនប្រាំ គឺ៖ ១៖ការបង្ការជម្លោះ, ២៖ដំណើរការកសាងសន្តិភាព និងការផ្ដល់ការសម្របសម្រួល, ៣៖យុត្តិធម៌អន្តរកាល, ៤៖ការកសាងឡើងវិញក្រោយជម្លោះ និងការឆ្លើយតបចំពោះគ្រោះមហន្តរាយនិងជំនួយមនុស្សធម៌ និង៥៖ សន្តិសុខស្បៀង និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព ក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ សមាជិកភាពនៃធម្មនុញ្ញសន្តិភាពសកល គឺបើកចំហចំពោះ រដ្ឋនិងស្ថាប័នទាំងអស់៕