(ភ្នំពេញ)៖ អាកាសយានដ្ឋានអន្តរជាតិទាំងបីរបស់កម្ពុជា រួមមាន៖ ភ្នំពេញ, សៀមរាប និងព្រះសីហនុ ទទួលបានអ្នកដំណើរតាមផ្លូវអាកាសជិត ៥លាននាក់ នៅក្នុងរយៈពេល១០ខែ ឆ្នាំ២០២៤។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។
លោក ស៊ីន ចាន់សិរីវុត្ថា បានឲ្យដឹងថា គិតចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២៤ (រយៈពេល ១០ខែ) ស្ថានភាពវិស័យដឹកជញ្ជូនតាមផ្លូវ អាកាសសម្រាប់អាកាសយានដ្ឋានអន្តរជាតិទាំង៣ (ភ្នំពេញ-សៀមរាប-ព្រះសីហនុ/ PNH REP KOS) មាន៖
* ជើងហោះហើរចេញ-ចូល (ទ្វេទិស) មានចំនួនជិត៥ម៉ឺនជើង (៤៧,៤៤៧ជើង) មានការកើនឡើង១៤% បើធៀបទៅនឹងរយៈពេលដូចគ្នា (១០ខែ) ឆ្នាំ២០២៣
* អ្នកដំណើរចេញ-ចូល (ទ្វេទិស) មានចំនួនជិត៥លាននាក់ (៤,៩៧៨,៦៦៣នាក់) មានការកើនឡើង២១% បើធៀបទៅនឹងរយៈពេលដូចគ្នា (១០ខែ) ឆ្នាំ២០២៣
* ទំនិញតាមផ្លូវអាកាសចេញ-ចូល (ទ្វេទិស) មានចំនួនជាង៦ម៉ឺនតោន (៦៣,៣០៤,០២២គីឡូក្រាម) មានការកើនឡើង៣៧% បើធៀបទៅនឹងរយៈពេលដូចគ្នា (១០ខែ) ឆ្នាំ២០២៣
ដោយឡែក សម្រាប់តែខែតុលា ឆ្នាំ២០២៤ (១ខែ) អាកាសយានដ្ឋានអន្តរជាតិទាំង៣ទទួលបាន៖
* ជើងហោះហើរចេញ-ចូល (ទ្វេទិស) មានចំនួនជិត ៥ពាន់ជើង (៤,៧៩៩ ជើង) មានការកើនឡើងជាង ១០% បើធៀបទៅនឹងខែតុលា ឆ្នាំ២០២៣
* អ្នកដំណើរចេញ-ចូល (ទ្វេទិស) មានចំនួនជាង ៥០ម៉ឺននាក់ (៥៣០,៩៨៨ នាក់) មានការកើនឡើងជិត ២០% បើធៀបទៅនឹងខែតុលា ឆ្នាំ២០២៣
* ទំនិញតាមផ្លូវអាកាស (ទ្វេទិស) មានចំនួនជិត ៧ពាន់តោន (៦,៦៦៨,០០០ គីឡូក្រាម) មានការកើនឡើងជាង ១៧% បើធៀបទៅនឹងខែតុលា ឆ្នាំ២០២៣។
ជាមួយគ្នានេះ លោក ស៊ីន ចាន់សិរីវុត្ថា ក៏បានឲ្យដឹងផងដែរ ចំពោះវឌ្ឍនភាពអាកាសយានដ្ឋានអន្តរជាតិតេជោ (ភ្នំពេញថ្មី) TIA គិតត្រឹមថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤៖
* ការងារសាងសង់ជារួម គឺសម្រេចបានជាង៩០% ដោយចំណាយទឹកប្រាក់សរុបគិតមកដល់ពេលនេះ អស់ចំនួនប្រមាណជាង ១៣០០លានដុល្លារ (ជាការវិនិយោគ ក្នុងភាពជាដៃគូរវាងរដ្ឋ (SSCA) និងឯកជន ក្រុមហ៊ុន OCIC)
* ការងារសំណង់ធំៗ និងសំខាន់ៗ នឹងបញ្ចប់នៅចុងឆ្នាំ២០២៤ (បំណាច់ខែធ្នូ)៖ គិតមកដល់ពេលនេះ បុគ្គលិក កម្មករ វិស្វករ និងអ្នកគ្រប់គ្រងដែលកំពុងបំរើការមានចំនួនសរុប ប្រមាណជាង ១៥,០០០នាក់ (ខ្មែរ ៩០%)។
លោក ស៊ីន ចានសិរីវុត្ថា បានបញ្ជាក់ថា បើគ្មានអ្វីប្រែប្រួលទេនោះ អាកាសយានដ្ឋានអន្តរជាតិតេជោ គ្រោងនឹងដាក់សម្ពោធជាផ្លូវការ នៅក្នុងពាក់កណ្តាលឆ្នាំ២០២៥ (បំណាច់ឆមាសទី១) ក្រោមអធិបតីភាព របស់សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី៕