រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបាននគរបាលខណ្ឌកំបូលឃាត់ខ្លួន ក្រោយពីបានជួលរថយន្តគេ១គ្រឿងជិះចេញពីខេត្តស្វាយរៀង មកដល់ភ្នំពេញបានដោះស្លាកលេខចេញ និងបកឯកសាររថយន្តចោលអស់ប្រុងស៊ីដាច់ ។ ប៉ុន្តែដោយសារតែបាត់ការតាមដានចេញពីប្រព័ន្ធ GPS ដែលបំពាក់ក្នុងរថយន្ត ម្ចាស់បានដឹងថា មានបញ្ហាមិនស្រួល ក៏ពឹងឲ្យមិត្តភក្ដិរបស់ខ្លួនជួយដើររក ។
លុះដល់វេលាល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ក៏ស្រាប់តែឃើញរថយន្តនិងជនសង្ស័យនៅមុខយានដ្ឋានជួសជុលរថយន្តមួយកន្លែង ស្ថិតនៅជិតសាលាខណ្ឌកំបូល ក្នុងភូមិអូរកប់អំបិល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ក៏បានប្ដឹងឲ្យនគរបាលឃាត់ខ្លួនបានម្នាក់ ឯ៤នាក់ទៀតកំពុងគេចខ្លួន ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ជនសង្ស័យដែលត្រូវនគរបាលឃាត់ខ្លួនបានខាងលើនោះ មិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ ហើយកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ ជនសង្ស័យម្នាក់នោះបានទៅជួលរថយន្ត១គ្រឿងម៉ាកតូយ៉ូតាព្រូសស៊េរីឆ្នាំ២០០៦ ពណ៍ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2BA-1090 ពីបុរសម្នាក់នៅឯក្រុងបាវិត ខេត្តស្វាយរៀង ជិះ ប៉ុន្តែអត់ដឹងថាជួលក្នុងតម្លៃប៉ុន្មានឡើយ ។ ចំណែករម្ចាស់រថយន្តក្រោយពីបានជួលរថយន្តឲ្យជនសង្ស័យ គាត់ក៏បានតាមដានតាមប្រព័ន្ធGPS ដែលបំពាក់ក្នុងរថយន្តនោះរហូតផងដែរ ហើយបានឃើញជននោះជិះរថយន្តរបស់គាត់ចូលមករាជធានីភ្នំពេញ ។
ប្រភពដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា រហូតដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្រាប់តែបាត់ការតាមដានចេញពីប្រព័ន្ធGPS នៅម្ដុំភូមិអូរកប់អំបិល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ដោយពុំដឹងថាជនសង្ស័យដោះប្រព័ន្ធ GPS ចេញឬបែបណាឡើយ ។ ខណៈនោះដោយមានការសង្ស័យ ម្ចាស់រថយន្តក៏បានពឹងមិត្តភក្កិឲ្យជួយតាមដានរកមើលរថយន្តរបស់ខ្លួននៅម្ដុំចំណុចខាងលើ លុះដល់វេលាម៉ោង៣និង៤៥នាទីរសៀលថ្ងៃដដែលមិត្តភក្ដិរបស់គាត់ក៏បាន រកឃើញរថយន្តនេះ នៅមុខយានដ្ឋានជួសជុលរថយន្តមួយកន្លែង ស្ថិតក្បែរសាលាខណ្ឌកំបូលភូមិខាងលើនោះ ។
បន្ទាប់មកក៏បានប្ដឹងនគរបាលប៉ុស្តិ៍កំបូលនិងខណ្ឌកំបូល ជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យបានម្នាក់ឯអ្នកផ្សេងទៀតគេចបាត់ រួចបាននាំខ្លួនទៅធ្វើការសាកសួរនៅប៉ុស្តិ៍កំបូល ។
តាមប្រភពមួយនេះបានប្រាប់ឲ្យដឹងបន្ថែមទៀតថា រថយន្តខាងលើនោះត្រូវបានជនសង្ស័យដោះស្លាកលេខចេញ និងបកឯកសារពាក់ព័ន្ធនិងរថយន្តចោលអស់ហើយ បន្ទាប់មកជនសង្ស័យដែលត្រូវនគរបាលឃាត់ខ្លួននោះ រួមនិងបក្សពួកម្នាក់ទៀតបានបើកយកទៅកាន់យានដ្ឋានជួសជុលរថយន្តខាងលើ ។ បន្ទាប់មកបានប្រាប់ឲ្យជាងជួយជួសជុលគ្រឿងក្រោមរថយន្តឲ្យ ប៉ុន្តែម្ចាស់យានដ្ឋាននោះមិនបានជួសជុលឲ្យឡើយ ព្រោះមានការសង្ស័យថាមិនប្រក្រតី បន្ទាប់ពីបានឃើញរថយន្តនេះត្រូវបានដោះស្លាកលេខចេញ និងបកឯកសារចោលអស់បែបនេះ ។
ចំណែកជនសង្ស័យក៏មិនបានចាកចេញពីយានដ្ឋានខាងលើនោះទេ ទើបក្រោយមកត្រូវបានមិត្តភក្ដិម្ចាស់រថយន្តប្រទះឃើញប្ដឹងឲ្យនគរបាលឃាត់ខ្លួនបានម្នាក់ ហើយជនសង្ស័យរូបនោះក៏នៅមានបក្សពួក៤នាក់ទៀតផងដែរ ដែលពេលនេះនគរបាលកំពុងធ្វើការស្រាវជ្រាវ ដើម្បីតាមឃាត់ខ្លួនបន្តទៀត ៕