ប្រធានាធិបតី ដែលទើបនឹងជាប់ឆ្នោតគឺលោក ដូណាល់ ត្រាំ (Donald Trump) កំពុងធ្វើការគម្រាមដាក់ពន្ធថ្មី ទៅលើប្រទេសម៉ិកស៊ិក កាណាដា និងចិន ភ្លាមៗនៅពេលដែលលោកចូលកាន់តំណែង ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងរបស់លោកនៅក្នុងការបង្ក្រាបជនអន្តោប្រវេសន៍ខុសច្បាប់ និងគ្រឿងញៀន។
ដោយកាលពីពេលថ្មីៗនេះ លោកបានសរសេរនៅលើបណ្ដាញសង្គមថា “នៅថ្ងៃទី ២០ខែ មករា ជាការបញ្ជាទិញប្រតិបត្តិដំបូងរបស់ខ្ញុំ ខ្ញុំនឹងចុះហត្ថលេខាលើឯកសារចាំបាច់ទាំងអស់ ដើម្បីគិតថ្លៃពន្ធ 25% លើផលិតផលទាំងអស់ដែលចូលមកក្នុងសហរដ្ឋអាមេរិក និងព្រំដែនបើកចំហដ៏គួរឲ្យអស់សំណើច”។
ក្នុងសំណេររបស់លោក ក៏បានបញ្ជាក់ដែរថា “មនុស្សរាប់ពាន់នាក់កំពុងហូរកាត់ម៉ិកស៊ិក និងកាណាដា ដោយនាំមននូវឧក្រិដ្ឋកម្ម និងគ្រឿងញៀនក្នុងកម្រិតដែលមិនធ្លាប់មានពីមុនមក” បើទោះបីជាឧក្រិដ្ឋកម្មហិង្សា បានធ្លាក់ចុះពីកម្រិតខ្ពស់នៃជម្ងឺរាតត្បាតក៏ដោយ។
ពន្ធនេះប្រសិនជាត្រូវបានអនុវត្តពិតមែននោះ វាអាចនឹងមានការឡើងថ្លៃយ៉ាងខ្លាំងទៅលើគ្រប់យ៉ាងទាំងអស់ចាប់ពីហ្គាស រហូតទៅដល់រថយន្ត។
នេះបើយោងទៅតាម ទិន្នន័យដែលទើបតែជំរឿននាពេលថ្មីៗនេះ បានឲ្យដឹងថា សហរដ្ឋអាមេរិក គឺជាអ្នកនាំចូលទំនិញដ៏ធំជាងគេបំផុតនៅលើពិភពលោក ជាមួយនឹងប្រទេសម៉ិកស៊ិក ចិន និងកាណាដា ដែលជាអ្នកផ្គត់ផ្គង់កំពូលទាំងបីរបស់ខ្លួន។
ការដែលលោក ត្រាំ សម្រេចបែបនេះ ក៏ព្រោះតែលោកមើលឃើញថា មាននូវការហូរចូលនៃជនចំណាកស្រុកដែលខុសច្បាប់ជាច្រើន ដែលមាននៅក្នុងសហរដ្ឋអាមេរិក។
ហើយលោកត្រាំ ក៏បានបន្ថែមដែរថា ពន្ធថ្មីនឹងនៅតែមានរហូតដល់ពេលដូចជា គ្រឿងញៀន និងជនបរទេសខុសច្បាប់ទាំងអស់ បញ្ឈប់នូវការលុកលុយទៅលើប្រទេសអាមេរិក។