ខេត្តព្រះសីហនុ៖ Update រដ្ឋបាលក្រុងព្រះសីហនុដឹកនាំដោយ លោក ឃន ម៉ន នាយករងរដ្ឋបាលសាលាក្រុង បានចុះពិនិត្យទីតាំងសង់សំណង់ ដែលសង់លើចំណីសមុទ្យមានទីតាំងស្ថិតនៅ (ទំនប់រលក)ភូមិ៣ សង្កាត់លេខ១ ក្រុង.ខេត្តព្រះសីហនុ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤។
ក្នុងកំណត់ហេតុរដ្ឋបាលក្រុងបានឲដឹងថាបន្ទាប់ពីក្រុមការងារចុះដល់ទីតាំងជាក់ស្ដែងពិនិត្យឃើញថា នៅលើទីតាំងកំពុងមានសកម្មភាពជួសជុលសំណង់ចាស់ដែលមានស្រាប់ មានទំហំ ៤,៦ម៉ែត្រ× ១២ម៉ែត្រ និងកម្ពស់ ២ជាន់ (ជាន់ផ្ទាល់ដី និងជាន់ទី១)
ជាមួយគ្នានេះនៅលើទីតាំងក៏មានការសាងសង់សំណង់ពង្រីកបន្ថែមអំពីបេតុង មានទំហំ ៥,៥ម៉ែត្រ× ២២,៤ម៉ែត្រដោយបានបណ្តុះសសរបេតុង និងមានកម្ពស់ ៣ជាន់ (ជាន់ទី១ ជាន់ទី២ និងជាន់ទី៣) ក្នុងនោះបានចាក់ប្លង់សេរួច និងរៀបឥដ្ឋជញ្ជាំងបានមួយចំនួន ស្ថិតនៅលើដីចំណីសមុទ្រទាំងស្រុង។
ក្រុមការងារបានជួប និងសាកសួរឈ្មោះ សុខ គឹម ភេទស្រី កើតថ្ងៃទី១ ខែមេសា ឆ្នាំ១៩៥៣ ជនជាតិខ្មែរមានទីលំនៅបច្ចុប្បន្នផ្ទះ១៦អឺ០អឺ១អឺ២ ផ្លូវ២៩៩ ភូមិ១៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ
ជាអ្នកមើលការខុសត្រូវទីតាំងសំណង់ខាងលើ។ ដោយគាត់ប្រាប់ថាទីតាំងសំណង់ខាងលើនេះពុំមានលិខិតអនុញ្ញាតសាងសង់ទេ ហើយគាត់និងក្រុមជាងចំនួន ០៤នាក់ទៀត មកមើលការខុសត្រូវ និងសង់សំណង់នេះតាមរយៈមេកាម្នាក់(មិនស្គាល់ឈ្មោះ)។
គាត់ទាំង០៥នាក់ សូមធ្វើការសន្យាចំពោះមុខក្រុមការងារថា នឹងបញ្ឈប់សកម្មភាពសាងសង់សំណង់លើចំណីសមុទ្រដោយពុំមានលិខិតអនុញ្ញាតចាប់ពីថ្ងៃផ្ដិតស្នាមមេដៃនេះតទៅ។
រដ្ឋបាលក្រុងបញ្ជាក់បន្ថែមថា ក្នុងអំឡុងពេលក្រុមការងារចុះត្រួតពិនិត្យទីតាំងជាក់ស្ដែង ពុំបានជួបជាមួយម្ចាស់សំណង់ខាងលើនេះទេ។ ដូច្នេះក្រុមការងារតម្រូវឱ្យម្ចាស់សំណង់ និងក្រុមជាងបញ្ឈប់រាល់សកម្មភាពសាងសង់សំណង់លើដីចំណីសមុទ្រ និងត្រូវធ្វើការរុះរើសំណង់ចេញពីចំណីសមុទ្រជាបន្ទាន់។
សូមបញ្ជាក់ថាក្រោយចុះពិនិត្យចំណង់អត់មានច្បាប់អាជ្ញាតសង់ចូលសមុទ្រខាងនេះ ក្រុមការងាររដ្ឋបាលក្រុងបានដកហូតយកសម្ភារសាងសង់រួមមាន ម៉ូទ័រកាត់ដែក ០១គ្រឿង, ប៉ែលជីកចំនួន ០២ដើម,ម៉ូទ័រស្វាន ០១គ្រឿង, ម៉ែត(៧,៥ម) ០១គ្រឿង, ស្លាបព្រាកំបោរចំនួន ០៣ដើម, ដែកដក ០១ដើម, ញញួរចំនួន ០៣ដើម, នីវ៉ូថ្លឹង ០១ដើម និងម៉ូទ័រយោង ០១គ្រឿង យកទៅរក្សាទុកនៅសាលាក្រុងព្រះសីហនុ
ជាបណ្តោះអាសន្ន ដោយមិនទទួលខុសត្រូវលើការខូចខាត ឬបាត់បង់ឡើយ ក្នុងករណីម្ចាស់សំណង់ និងក្រុមជាងមិនអនុវត្តតាមការណែនាំរបស់ក្រុមការងារ នោះក្រុមការងារ
នឹងចាត់វិធានការតាមនីតិវិធីច្បាប់៕