2024-11-28 17:41
132

កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសម្រេចឃាត់ខ្លួនលោក វ៉ា សារ៉ង ចៅសង្កាត់ចោមចៅទី២ នៃរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ និងស្រ្តីម្នាក់ឈ្មោះ                ស៊ុយ ជីវ៉ា ហៅ កុត ក្រោយបែកធ្លាយសារសំឡេងចចារលុយកាក់ជាថ្នូរនឹងការមិនចាប់ខ្លួន ពាក់ព័ន្ធករណីគ្រឿងញៀន។ ជនសង្ស័យទាំងពីរនាក់ត្រូវបានកម្លាំងជំនាញឃាត់ខ្លួនកាលពីថ្ងៃទី២៧ វិច្ឆិកា ម្សិលមិញ និងកំពុងរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៨វិច្ឆិកានេះ។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានបន្ថែមថា ការឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់នេះ គឺធ្វើឡើងតាមបញ្ជារបស់លោកឧត្ដមសេនីយ៍ឯក ជួន ណារឹន្ទ អគ្គស្នងការរង និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បន្ទាប់ពីលោក វ៉ា សារ៉ង ចៅសង្កាត់ចោមចៅទី២ បានសារភាពកំហុស និងបញ្ជាក់ថា សារសំឡេងនោះ ពិតជាសំឡេងរបស់លោកពិតប្រាកដមែន។ ចំណែកស្ត្រីជាម្ចាស់សំឡេងដែលនិយាយចចារជាមួយលោកចៅសង្កាត់ចោមចៅទី២ ក៏បានសារភាពដែរថា ខ្លួនធ្លាប់ចែកចាយគ្រឿងចំនួនពីរលើកមកហើយ។អ្នកនាំពាក្យរូបនេះបញ្ជាក់បន្ថែមថា សង្ស័យទាំងពីរនាក់ អាចនឹងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី២៩ វិច្ឆិកា ស្អែកនេះ។

សូមរំលឹកថា កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ មានការបែកធ្លាយវីឌីអូរជាសារសម្លេងឆ្លងឆ្លើយគ្នាតាមទូរស័ព្ទរវាងលោក វ៉ា សាវ៉ង ចៅសង្កាត់ចោមចៅទី២ នៃរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ជាមួយអ្នកពាក់ព័ន្ធគ្រឿងញៀន ដោយចចាររឿងលុយកាក់ជាមួយគ្នា។

សារសំឡេងនេះ ត្រូវបានគេទម្លាយ និងចែកចាយជាបន្តបន្ទាប់តាមបណ្តាញទំនាក់ទំនងសង្គមជាច្រើន ដោយជាការឆ្លើយឆ្លងគ្នាតាមទូរស័ព្ទវាងស្ត្រីមិនស្គាល់អត្តសញ្ញាណម្នាក់ និយាយរឿងសុំបង់ប្រាក់ចំនួន១លានរៀលឲ្យលោកចៅសង្កាត់ ជាថ្នូរនឹការមិនចាប់ខ្លួនពីបទល្មើសគ្រឿងញៀន៕