2024-11-29 12:31
52

ប្រទេសថៃ៖ បើយោងតាមវេសាយ Bangkok Post កាលពីថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០២៤ បានឲ្យដឹងថា ក្រុមមន្រ្តីកំពុងតែធ្វើការស៊ើបអង្កេតទៅលើព្រះសង្ឃ ដែលស្ថិតនៅក្នុងវត្តចំនួនពីរកន្លែងដែលស្ថិតក្នុងខេត្ត Phichit នៃភាគខាងជើងប្រទេសថៃ ពីបទរក្សាទុកសាកសពរហូតដ៏ទៅចំនួន ៧៣ ដោយគ្មានការអនុញ្ញាត។

រឿងហេតុនេះកើតឡើង នៅពេលដែលប៉ូលីសចាប់ផ្ដើមបើកការស៊ើបអង្កេតពាក់ព័ន្ធទៅនឹងវត្ត Pa Nakhon Chaibovorn ដែលស្ថិតក្នុងតំបន់ Ban Noi នៃស្រុក Pho Thale នៅពេលដែលត្រូវបានគេប្រទះឃើញថា ព្រះចៅអធិការដែលគ្រប់គ្រងក្នុងវត្តនេះបានលាក់សាកសពមនុស្សចំនួន ៤១ នាក់ កាលពីសប្ដាហ៍មុននេះ។

ហើយពេលនេះ ប៉ូលីសក៏បានរកឃើញសាកសពមនុស្សចំនួន ៣២ នាក់ផ្សេងទៀត នៅឯក្នុងវត្ត Pa Sivilai ក្នុងឃុំ Noen Makok នៃស្រុក Bang Mun Nak កាលពីថ្ងៃចន្ទ ទី ២៥ ខែ វិច្ឆិកា នេះ។

បន្ទាប់ពីបានប្រទះឃើញហេតុការណ៍ ដ៏គួរឲ្យភ្ញាក់ផ្អើលនេះ មន្ត្រីជំនាញថៃក៏បានសួរចម្លើយព្រះចៅអធិការ ដែលគង់ក្នុងវត្ត Pa Nakhon Chaibovorn ហើយព្រះចៅអធិការនៃវត្តខាងលើនេះក៏បានមានសង្ឃដីការបញ្ជាក់ថា មូលហេតុដែលព្រះចៅអធិការធ្វើបែបនេះ ក៏ព្រោះតែត្រូវការយកសាកសពទាំងនោះ ប្រើប្រាស់ជាជំនួយសម្រាប់ធ្វើសមាធិ។ ហើយសាកសពដែលយកទៅប្រើប្រាស់ទាំងនេះ គឺត្រូវបានគេបញ្ចុះនៅក្នុងបរិវេណទាំងពីរកន្លែងនៃវត្តដែលបានរក្សាសាកសពទាំងពីរខាងលើ។

ក្រោយពីស្ដាប់ការបកស្រាយរបស់ព្រះចៅអធិការខាងលើរួច ពេលនេះអាជ្ញាធរមូលដ្ឋានកំពុងតែធ្វើការពិនិត្យសាកសព ដើម្បីកំណត់អត្តសញ្ញាណនៃសាកសពទាំងនោះ ហើយប៉ូលីសក៏បានបិទទីតាំងនៃវត្តទាំងពីរខាងលើជាបណ្ដោះអាសន្ន ដោយរងចាំការស៊ើបអង្កេតបន្តទៅទៀត។