2025-02-05 17:34
107

ភ្នំពេញ៖    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូស បញ្ជាក់ថា ភាពជោគជ័យរបស់ក្រុមហ៊ុន NCX គឺជាគំរូមួយដែលវិស័យឯកជន បានចូលរួមចំណែក យ៉ាងសំខាន់ ជាមួយរាជរដ្ឋាភិបាល ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារជំនាញជូន ប្រជាពលរដ្ឋខ្មែរ ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណា ចក្រកម្ពុជាបានឱ្យដឹង តាមរយៈ បណ្តាញតេឡេក្រាមថា ការជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារ ជូនប្រជាពលរដ្ឋជាអាទិភាព ចម្បង របស់រាជរដ្ឋាភិបាល។ ការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ខាងលើនេះ ក្រោយសម្តេច បាន អញ្ជើញធ្វើទស្សនកិច្ច នៅរោងចក្រ ផលិតគ្រឿងបំណែក និងដំឡើងម៉ូតូ Honda នៃក្រុមហ៊ុន NCX នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ។ ក្នុងឱកាសនោះ សម្តេចធិបតី បានគូសបញ្ជាក់ថា ការធ្វើពិពិធកម្មផលិតកម្ម គឺជាមធ្យោបាយមួយ ដើម្បីសម្រេចបានគោលដៅទាំងនេះ ដែលក្នុងនោះ ការពង្រឹង និងលើកស្ទួយវិស័យឧស្សាហកម្ម និងកម្មន្តសាល គឺជាគោលនយោបាយដ៏សំខាន់ របស់ រាជរដ្ឋាភិបាល។

ឆ្លៀតក្នុងឱកាសនោះ សម្តេចធិបតី បានចួលរួមអបអរសាទរ ចំពោះការរីកលូតលាស់ របស់ក្រុមហ៊ុន NCX ដែលក្នុងរយៈពេល២៦ឆ្នាំនេះ បានប្រែក្លាយពីក្រុមហ៊ុន ដែលនៅឆ្នាំ ១៩៩៩ មានបុគ្គលិក ៧៤នាក់ និងមានសមត្ថភាពត្រឹមតែនាំចូលគ្រឿងបង្គុំគ្រប់មុខ ពីក្រៅប្រទេសមកផ្គុំ និងដំឡើងម៉ូតូ Honda លក់ក្នុងទីផ្សារកម្ពុជា ទៅជាក្រុមហ៊ុនមួយ ដែលបច្ចុប្បន្ន មានបុគ្គលិកជំនាញជាង ១២២០នាក់ និងមានសមត្ថភាពផលិតគ្រឿងបង្គុំច្រើន មុខ និងដំឡើងម៉ូតូលក់នៅទីផ្សារកម្ពុជា និងនាំគ្រឿងបង្គុំម៉ូតូមួយ ចំនួន ទៅលក់នៅក្រៅប្រទេសផងដែរ។

ក្នុងនោះសម្តេច នាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា ភាពជោគជ័យរបស់ក្រុមហ៊ុន គឺជាគំរូមួយ ដែលវិស័យ ឯកជន បានចូលរួមចំណែកយ៉ាងសំខាន់ ជាមួយរាជរដ្ឋាភិបាល ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និង បង្កើត ការងារជំនាញ ជូនប្រជាពលរដ្ឋខ្មែរ ក៏ដូចជាលើកកម្ពស់ ភាពម្ចាស់ការរបស់កម្ពុជា ក្នុងការផលិត ដោយខ្លួនឯង នូវផលិតផលដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក៕