
រដ្ឋធានីកៀវ៖ កងទ័ពអាកាសអ៊ុយក្រែន បានបញ្ចេញនូវឃ្លីបវីដេអូមួយ អំពីសកម្មភាពយន្ដហោះចម្បាំងរបស់ពួកគេ មកពីកងពលតូចមួយមានរហស្សនាម «បិសាចកងពលតូចក្រុងកៀវ» បានបង្កើនសកម្មភាពវាយប្រហារទៅលើសមរភូមិជាច្រើននិងបានវាយប្រហារទៅលើទីស្នាក់ការដ៏សំខាន់មួយរបស់ទីភ្នាក់ងារសន្ដិសុខសហព័ន្ធន៍រុស្ស៊ី ហៅកាត់ FSB ។ នេះបើតាមសារព័ត៌មាន The Daily Digest បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី១០ ខែមីនា ឆ្នាំ២០២៥។
អគ្គសេនាធិការកងទ័ពអ៊ុយក្រែន បានបង្ហាញអំពីសកម្មភាពក្រុមយុទ្ធជនរបស់ខ្លួនមកពីកងពលតូច នៃកងទ័ពអាកាសយុទ្ធសាស្ត្រទី៤០ មានរហស្សនាម «បិសាចកងពលតូចក្រុងកៀវ» បានវាយប្រហារតាមផ្លូវអាកាសប្រកបដោយជោគជ័យប្រឆាំងនឹងទីតាំងយោធារបស់រុស្ស៊ីនៅតំបន់ប្រ៊ីយ៉ាន់ស្ក៍ (Bryansk) ដែលមានចម្ងាយ៣៧៩គីឡូម៉ែត្រ នាភាគនិរតី នៃរដ្ឋធានីមូស្គូ ប្រទេសរុស្ស៊ី។ ឃ្លីបវីដេអូ នៃការវាយប្រហាររបស់កងទ័ពអាកាសអ៊ុយក្រែន មួយនេះ ត្រូវបានគេបង្ហោះ នៅតាមបណ្ដាញសង្គមនានាផងដែរ។
ទីស្នាក់ការ នៃទីភ្នាក់ងារសន្តិសុខសហព័ន្ធន៍រុស្ស៊ី (FSB) ស្ថិតនៅជិតភូមិបេឡាយ៉ា ប៊ែរយ៉ូស្កា (Belaya Beryozka) នៅតាមព្រំដែនរុស្ស៊ី ជាប់ជាមួយប្រទេសអ៊ុយក្រែន បានរងការវាយប្រហារដោយគ្រាប់បែក ពីយន្ដហោះចម្បាំងរបស់អ៊ុយក្រែន។
អគ្គសេនាធិការកងទ័ពអ៊ុយក្រែន បានបង្ហាញនូវការកត់សម្គាល់ថា ទីស្នាក់ការរបស់ទីភ្នាក់ងារសន្ដិសុខសហព័ន្ធន៍រុស្ស៊ី មួយនេះ ត្រូវបានប្រើប្រាស់ ជាមជ្ឈមណ្ឌលទំនាក់ទំនង និង បញ្ជាការសម្រាប់ទាហានរុស្ស៊ី។
សារព័ត៌មានយោធារបស់អ៊ុយក្រែន Militarnyi បានឲ្យដឹងថា បើតាមអគ្គសេនាធិការកងទ័ពអ៊ុយក្រែន បានសរសេរ នៅលើបណ្ដាញសង្គមតេឡេក្រាមថា លទ្ធផល នៃការវាយប្រហារតាមអាកាសនេះ បានកម្ទេចហេដ្ឋារចនាសម្ព័ន្ធយោធាសំខាន់ៗរបស់សត្រូវរួមទាំងឧបករណ៍ទំនាក់ទំនងឧបករណ៍ពង្រីកសញ្ញា ឧបករណ៍ទំនាក់ទំនងផ្កាយរណប និងមធ្យោបាយបច្ចេកទេសផ្សេងៗទៀត ដែលត្រូវបានប្រើប្រាស់ដើម្បីសម្របសម្រួលដល់អរិភាពជាមួយនឹងអ៊ុយក្រែន។
ការវាយប្រហារនេះ កងទ័ពអាកាសរបស់អ៊ុយក្រែនបានប្រើប្រាស់យន្ដហោះចម្បាំងប្រភេទ MiG-29 (មីគ-២៩) បាញ់គ្រាប់បែកទម្ងន់២៥០គីឡូក្រាមចំនួនគ្រាប់ ដែលជាគ្រាប់បែកនាំផ្លូវ ប្រភេទ AASM (អេអេអេសអឹម) ផ្គត់ផ្គង់ដោយប្រទេសបារាំង។
បើទោះជាយ៉ាងណាក៏ដោយ សេចក្ដីរាយការណ៍ នៃការវាយប្រហារនេះ មិនបានបញ្ជាក់ អំពីទំហំ នៃការខូចខាតដល់កម្លាំងរបស់រុស្ស៊ី នោះឡើយ៕
