
ភ្នំពេញ៖ “ការងារកែទម្រង់រដ្ឋបាលសាធារណៈ ជាការងាររបស់ក្រសួង ស្ថាប័នទាំងអស់គ្នា មិនមែនជាការងាររបស់ក្រសួងមុខងារសាធារណៈតែមួយនោះទេ […] កន្លងមកការអនុវត្តវិធានការគន្លឹះទាំង៣ ទទួលបានផលជះជាវិជ្ជមានជាច្រើន”។ នេះជាការលើកឡើងរបស់ លោក ឈុន សុជាតិ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ។
នៅក្នុងបទបង្ហាញទី២ ស្តីពី «វឌ្ឍនភាពនៃការដឹកនាំ និងការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ» ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ លោក ឈុន សុជាតិ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ (គ.ក.ស.) បានរៀបរាប់អំពីការងារជាច្រើនដែលសម្រេចបាន ជុំវិញការងារកែទម្រង់រដ្ឋបាលសាធារណៈ។
លោកអគ្គលេខាធិការ បានគូសបញ្ជាក់ថា៖ “ការងារកែទម្រង់រដ្ឋបាលសាធារណៈ ជាការងាររបស់ក្រសួង ស្ថាប័នទាំងអស់គ្នា មិនមែនជាការងាររបស់ក្រសួងមុខងារសាធារណៈតែមួយនោះទេ […] កន្លងមកការអនុវត្តវិធានការគន្លឹះទាំង៣ ទទួលបានផលជះជាវិជ្ជមានជាច្រើន”។
តាមរយៈបទបង្ហាញរបស់ឯកឧត្តមអគ្គលេខាធិការ ផលជះចេញពីការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈមានដូចតទៅ៖
ផលជះជាវិជ្ជមាននៃការអនុវត្តវិធានការគន្លឹះ ទី១៖ លើកកម្ពស់អភិបាលកិច្ចល្អ និងសុចរិតភាពនៅក្នុងរដ្ឋបាលសាធារណៈ។ បង្កើនជំនឿទុកចិត្តលើយន្តការការប្រឡង និងប្រព័ន្ធជ្រើសរើសមន្ត្រីរាជការ។ ទាក់ទាញអ្នកមានសមត្ថភាពឱ្យចូលបម្រើការងារក្នុងរដ្ឋបាលសាធារណៈ។ បង្កើនប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈ។ ជ្រើសរើសមន្ត្រីបានតម្រូវការ និងស្របតាមមុខតំណែង និងវិជ្ជាជីវៈ។ បន្ថែមដល់សិស្ស និស្សិត មន្ត្រីរាជការ និងសាធារណជន។ កាត់បន្ថយចំណាយបន្ទុកបុគ្គលិក របស់រាជរដ្ឋាភិបាល និងផ្តល់នូវឱកាសការងារជូនដល់សិស្ស និស្សិត ដែលបានបញ្ចប់ការសិក្សា។
ផលជះជាវិជ្ជមាននៃការអនុវត្តវិធានការគន្លឹះទី២៖ ក្រសួង ស្ថាប័ន បានចាប់ផ្តើមផ្តល់ការចាប់អារម្មណ៍ និងយកចិត្តទុកដាក់ក្នុងការចូលរួម ពិនិត្យស្ថានភាពសុខភាពរបស់ក្រសួង ស្ថាប័ន។ ក្រសួង ស្ថាប័ន បានពង្រឹងប្រព័ន្ធគ្រប់គ្រងមន្ត្រីរាជការ តាមរយៈការពង្រឹងប្រព័ន្ធគ្រប់គ្រង វត្តមានរបស់មន្ត្រី។ ក្រសួង ស្ថាប័ន បានគិតគូរក្នុងការរៀបចំនិយាមនីតិវិធីនៃការផ្តល់សេវាសាធារណៈ និងការកែលម្អសេវាសាធារណៈដែលទទួលបន្ទុក។ ក្រសួង ស្ថាប័ន បានគិតគូរក្នុងការរៀបចំនិយាមនីតិវីធីប្រតិបត្តិសម្រាប់អង្គភាពក្រោមឱវាទក្នុងគោលដៅពង្រឹង និងបង្កើនប្រសិទ្ធភាពការងារ និងចូលរួមកាត់បន្ថយ ចំណាយដែលមិន ចាំបាច់និងមិនចំគោលដៅ ឬ ចំណាយលើមុខងារដែលស្ទួន។
ផលជះជាវិជ្ជមាននៃការអនុវត្តវិធានការគន្លឹះទី៣៖ លើកទឹកចិត្តបន្ថែមទៀតដល់មន្ត្រីរាជការស៊ីវិលក្នុងការបំពេញតួនាទីឱ្យកាន់តែប្រសើរឡើង។ បង្កើនផលិតភាពការងារ បង្កើតគំនិតផ្តួចផ្តើម និងនវានុវត្តន៍ និងផ្តល់សេវាសាធារណៈកាន់តែប្រសើរជូនប្រជាពលរដ្ឋ។ មន្ត្រីរាជការមានការ ខិតខំបង្កើនសមត្ថភាព អភិវឌ្ឍជំនាញ និងការប្រកួតប្រជែង ដើម្បីភាពរីកចម្រើនរបស់ខ្លួន និងស្ថាប័ន និងចូលរួមលើកកម្ពស់វិស័យអាទិភាព ដូចជាអប់រំ និងសុខាភិបាលឱ្យកាន់តែមានភាពល្អប្រសើរ៕
