
កំពង់ស្ពឺ៖ រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ នៃរដ្ឋសភា បាននិងកំពុងយកចិត្តទុកដាក់លើវិស័យសន្តិសុខជាតិយ៉ាងខ្លាំង ដោយបានបង្កើតឱ្យមានគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដើម្បីឱ្យថ្នាក់ក្រោមជាតិអនុវត្តន៍សំដៅធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋរស់នៅដោយគ្មានភាពភ័យខ្លាច។ មិនត្រឹមតែប៉ុណ្ណោះទេ រាជរដ្ឋាភិបាលបានបង្កើតឱ្យមានការប្រឡងប្រណាំង និងផ្តល់រង្វាន់លើកទឹកចិត្ត ចំពោះមូលដ្ឋានណាដែលអនុវត្តន៍គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពនេះ បានល្អប្រសើរ។
ឯកឧត្តម អ៊ូច ភា រដ្ឋលេខាធិកាក្រសួងមហាផ្ទៃ បានលើកឡើងបែបនេះ គ្រាដែលបានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំស្តីពីការត្រួតពិនិត្យ និងការជម្រុញការអនុវត្តន៍គោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសវត្ថិភាព» ស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ នៅសាលជុំ យឹម សុខុម អគាររដ្ឋខេត្តកំពង់ស្ពឺ នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ នេះ។
ក្នុងកិច្ចប្រជុំនោះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម សម សាមួន សមាជិកក្រុមប្រឹក្សាខេត្តតំណាងឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តតំណាង ឯកឧត្តមបណ្ឌិតអភិបាលខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កងកម្លាំងទាំងបី តំណាងមន្ទីរជុំវិញខេត្ត លោកប្រធានក្រុមប្រឹក្សាក្រុង-ស្រុក អភិបាលក្រុង-ស្រុក នាយកទីចាត់ការសាលាខេត្តទាំង៥ ប្រធានអង្គភាពចំណុះសាលាខេត្ត លោកអធិការនគរបាលក្រុង-ស្រុក បញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកសរុបចំនួន ៨៧ រូប។
ឯកឧត្តម អ៊ូច ភា បានមានប្រសាសន៍បន្តថា៖ «កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងផ្តោតពិនិត្យលើបញ្ហាប្រឈម ដើម្បីដោះស្រាយ ផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ទាំង ៧ ចំណុច ឱ្យកាន់តែល្អប្រសើរ និងការកៀរគរឱ្យមានការចូលរួមអនុវត្តន៍ពីគ្រប់មជ្ឈដ្ឋាន ដើម្បីធ្វើយ៉ាងណាឱ្យការអនុវត្តគោលនយោបាយនេះ ឲ្យកាន់តែមានភាពកក់ក្តៅដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន»។
ឯកឧត្តមបានបន្ថែមទៀតថា៖ «កងកម្លាំង និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ បានរួមចំណែកធ្វើឱ្យប្រទេសជាតិ ចាកចេញពីចំណុចសូន្យ រហូតមានការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃនេះ»។ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រទេសជាតិ មានការអភិវឌ្ឍន៍ជឿនលឿនលើគ្រប់វិស័យ និងមានសន្តិភាពពេញផ្ទៃប្រទេស។ ឯកឧត្តម អ៊ូច ភា ក៏បានណែរនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឱ្យបន្តយកចិត្តទុកដាក់លើសន្តិសុខសុវត្ថិភាពសង្គម ស្រាវជ្រាវមុខសញ្ញាបទល្មើស កត់ត្រាអ្នកចេញចូល គ្រប់គ្រងមុខសញ្ញា អាជ្ញាធរក្រុង ស្រុក ត្រូវស្គាល់គ្រប់ភូមិ។ បន្តយកចិត្តទុកដាក់តាមដានពិនិត្យជាប្រចាំអំពីសោភ័ណភាព ហើយមន្ទីរការងារត្រូវចុះតាមបណ្តារោងចក្រ និងត្រូវយកចិត្តទុកដាក់លើការងារសម្រាមអោយបានល្អ។
សូមជម្រាបថា គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ដែលមានលក្ខណសម្បត្តិ ចំនួន ៧ រួមមាន៖ ទី១) ការផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាល ប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត។ ២) គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។ ៣) មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍។ ៤) គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្រ្តីនិងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង។ ៥) ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ប្រកបដោយគុណភាព និងប្រសិទ្ធភាព។ ៦) មានអនាម័យ មានសោភណ្ឌភាពល្អ និងមានបរិស្ថានល្អ និង ទី៧) ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺរាតត្បាតកាចសាហាវ ប្រកបដោយប្រសិទ្ធភាព។
