
កំពង់ស្ពឺ៖ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា (គណៈកម្មការទី៧) បានដឹកនាំប្រតិភូនៃគណៈកម្មការ ជួបប្រជុំជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយនឹងប្រធានមន្ទីរទាំង៤ ក្នុងបន្ទុកគណៈកម្មការ។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានសម្តែងនូវមោទនភាពចំពោះសមិទ្ធិផលនេះជូនឯកឧត្តមប្រត្រិភូ ដោយបានឆ្លុះបញ្ចាំងពីចក្ខុវិស័យ និងកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការបង្កើតបរិយាកាសអំណោយផលសម្រាប់អ្នកវិនិយោគទាំងក្នុងស្រុក និងក្រៅស្រុក ដែលជាវិធីសាស្ត្រ «ទាក់ម៉ូយវិនិយោគ» របស់សម្តេច។ លោកបានសង្កត់ធ្ងន់ថា សន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពសង្គម និងភាពធន់ម៉ាក្រូសេដ្ឋកិច្ចរបស់កម្ពុជា បានជំរុញទំនុកចិត្តវិនិយោគិន។
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា បានថ្លែងនូវការកោតសរសើរដល់អាជ្ញាធរខេត្ត ដែលបាន ប្រតិបត្តិតាមតួនាទី និងភារកិច្ចសម្រេចបាននូវវឌ្ឍនភាព រីកចម្រើនលើគ្រប់វិស័យ។ ឯកឧត្តមបានបន្តថា កិច្ចប្រជុំ នៅពេលនេះ គណៈកម្មការទី៧ នៃរដ្ឋសភា បានក្តាប់នូវបញ្ហា ប្រឈមនានារបស់រដ្ឋបាលខេត្ត និងវិស័យជំនាញ ដែលបាន អនុវត្តកន្លងមក ឃើញថា បានជួបបញ្ហាមួយចំនួន។ ចំណែកឯ សំណូមពរ និងបញ្ហាប្រឈមនានា ដែលមន្ទីរជំនាញលើកឡើង គណៈកម្មការទី៧ នៃរដ្ឋសភា នឹងធ្វើរបាយការណ៍ជម្រាបជូន សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និង គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងជូនយោបល់ទៅក្រសួង ពាក់ព័ន្ធ។
ឯកឧត្តមប្រធានគណៈកម្មការ បានលើកទឹកចិត្ត ឱ្យរដ្ឋបាលខេត្ត ធ្វើការវិនិច្ឆ័យ វាយតម្លៃស្ថានភាពជាក់ស្តែងក្នុងមូលដ្ឋាន កំណត់នូវបញ្ហាប្រឈមនានា ដាក់ចេញនូវគោលដៅសកម្មភាព ឱ្យបានច្បាស់លាស់ ដើម្បីស្នើជាដំណោះស្រាយ ពីថ្នាក់ជាតិឱ្យចំគោលដៅ ព្រោះគោលការណ៍ណែនាំថា្នក់ជាតិ ដែលដាក់ចេញឱ្យអនុវត្តជារួមនោះ មិនប្រាកដថា ត្រូវនឹងបរិបទក្នុងខេត្ត ទាំងស្រុងនោះឡើយ។ គណៈកម្មការទី៧ ដោយគណៈកម្មការបានផ្តោតការសំខាន់លើខេត្តកំពង់ស្ពឺ បានក្លាយជាគោលដៅវិនិយោគឈានមុខគេនៅកម្ពុជា ដោយទទួលបានចំនួនគម្រោងខ្ពស់បំផុតក្នុងឆ្នាំ២០២៤។ ក្នុងចំណោមគម្រោងវិនិយោគសរុបចំនួន ៤១៤ ដែលត្រូវបានអនុម័តទូទាំងប្រទេស ខេត្តកំពង់ស្ពឺបានទាក់ទាញគម្រោងចំនួន ៩៣ ដែលឈរនៅលំដាប់កំពូល និងបង្ហាញពីសារៈសំខាន់សេដ្ឋកិច្ចដែលកំពុងកើនឡើង។
ជាមួយគ្នានោះឯកឧត្តម ក៏បានផ្តាំផ្ញើដល់ ថ្នាក់ដឹកនាំខេត្ត និងមន្ទីរជំនាញ ត្រូវបន្តការអនុវត្តកម្មវិធី នយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីអភិវឌ្ឍន៍ខេត្តឱ្យ សម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀតផងដែរ៕
