2025-03-20 15:38
49

បាត់ដំបង៖ មេធាវីតំណាងដោយអាណត្តិ ក្រុមហ៊ុន អេហ្រ្គីខលឈ័រ ហ្រ្គីនហ្វៀល ប្តឹងជំទាស់នឹងការលើកផ្លូវថ្មី លើដីរបស់ក្រុមហ៊ុនពីសំណាក់កងឯកភាពកំចាត់មីនទី២ ប្រចាំខេត្តបាត់ដំបង (ស៊ីម៉ាក់) ដែលបំពានទៅនឹង សជណ របស់រដ្ឋបាលខេត្កបាត់ដំបង និង សជណ របស់ក្រសួងមហាផ្ទៃ ព្រមទាំងបំពានលើដីកាសម្រេចចាត់ចែងរក្សាការពារលេខ ០៦(ក) ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៣ របស់សាលាដំបូងខេត្តបាត់ដំបងតែម្តង។
យោងតាមពាក្យបណ្តឹងជំទាស់របស់មេធាវីតំណាងដោយអាណត្តិអោយក្រុមហ៊ុន អេហ្រ្គីខលឈ័រ ហ្រ្គីនហ្វៀល ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ គោរពជូនឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានប្តឹងជំទាស់នឹងការលើកផ្លូវថ្មីរបស់ស៊ីម៉ាក់ (កងឯកភាពកំចាត់មីនទី២ ខេត្តបាត់ដំបង) ក្នុងទីតាំងដីកំពុងមានទំនាស់ជាមួយក្រុមហ៊ុនប្រវ៉ែង ៤០០ ម៉ែត្រ ស្ថិតភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ និងភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង និងស្នើសុំជួយអន្តរាគមន៍បញ្ឈប់ការបំពានរបស់ CMAC មកលើដីកាសម្រេចចាត់ចែងរក្សាការពារលេខ ០៦(ក) ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៣ របស់សាលាដំបូងខេត្តបាត់ដំបង ការបំពានមកលើ សជណ លេខៈ ១២៦ ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ និង សជណ លេខៈ ២៧៦៥ ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ របស់ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង។

មេធាវីតំណាងក្រុមហ៊ុន លោក អ៊ុម វ៉ារី បានរៀបរាប់ក្នុងបណ្តឹងជំទាស់ដាក់ជូនឯកឧត្តមអភិបាលខេត្តបាត់ដំបងថា៖ កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ មានកិច្ចប្រជុំ ប្រកាស លិខិតលេខៈ ០០៤/កម២/មសមក/២០២៥ របស់កងឯកភាពកំចាត់មីនទី២ ខេត្តបាត់ដំបង ដែលដឹកនាំដោយឯកឧត្តម យឹម សៀប អភិបាលរងខេត្តបាត់ដំបង។ ក្នុងកិច្ចប្រជុំនេះ តំណាងក្រុមហ៊ុន អេហ្រ្គីខលឈ័រ ហ្រ្គីនហ្វៀល បានស្តាប់ការ ប្រកាស លិខិតលេខៈ ០០៤/កម២/មសមក/២០២៥ របស់កងឯកភាពកំចាត់មីនទី២ ខេត្តបាត់ដំបង ដោយស្នើសុំធ្វើផ្លូវក្រាលគ្រួសក្រហមប្រវែង ៩៨០០ម៉ែត្រ ស្ថិតក្នុងភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ និងភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ ក្នុងកិច្ចប្រជុំ ប្រកាស លិខិតលេខៈ ០០៤/កម២/មសមក/២០២៥ នេះតំណាងក្រុមហ៊ុនដែលមានវត្តមាន បានបញ្ជាក់ថា «ពុំអាចទទួលយកបាន និងមិនឯកភាពឡើយ» 

ក្រោយបញ្ចប់កិច្ចប្រជុំមិនទាន់មានកំណត់ហេតុ និងការឯកភាពពីភាគី ក្រុមហ៊ុនផង ស្រាប់តែនៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥ ពោលគឺមួយថ្ងៃក្រោយនៃកិច្ចប្រជុំ អង្គភាព CMAC បានដាក់គ្រឿងចក្រចូលទៅឈ្លានពាន និងឈូសឆាយដីកំពុងមានទំនាស់តែម្តង។ សកម្មភាពនេះ បានបង្ហាញឲ្យឃើញថា «CMAC កំពុងតែបំពាននឹងដីកាចាត់ចែងរក្សាការពាររបស់សាលាដំបូងខេត្តបាត់ដំបងលេខៈ ០៦(ក) ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៣ និងបានបំពានលើលិខិតលេខៈ ១២៦ សជណ ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ, បំពានលិខិតលេខៈ ២៧៦៥/២៣ សជណ ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ របស់ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងបំពានលិខិតលេខៈ ៥៣៩ សជណ ចុះថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ របស់ឯកឧត្តម យឹម សៀប អភិបាលរងខេត្តបាត់ដំបងថែមទៀត»
តាមរយៈលិខិតលេខ ២៧២៥/២៣ សជណ ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ដាក់ជូន ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានខ្លឹមសារថា “រដ្ឋបាលខេត្ត បានចាត់ឲ្យរដ្ឋបាលស្រុកគាស់ក្រឡ មានវិធានការទប់ស្កាត់រាល់ការកាប់ទន្ទ្រាន និងសាងសង់ថ្មីបន្តទៀត ព្រមទាំងទប់ស្កាត់រាល់ការចុះហត្ថលេខានានារបស់អាជ្ញាធរមូលដ្ឋាន នៅលើដីទំនាស់នេះ”។ ទន្ទឹមនឹងនេះខ្លឹមសារនៃសេក្ដីជូនដំណឹង លេខៈ ១២៦ សជណ ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ បានណែនាំឲ្យរដ្ឋបាលខេត្តបាត់ដំបង និងរដ្ឋបាលស្រុកគាស់ក្រឡ មានវិធានការទប់ស្កាត់គ្រប់សកម្មភាពទាំងអស់លើដីកំពុងមានទំនាស់ជាមួយក្រុមហ៊ុនផងដែរ។

បណ្តឹងជំទាស់គម្រោងធ្វើផ្លូវក្រាលគ្រួក្រហមដែលស្នើឡើងដោយ CMAC (កងឯកភាពកំចាត់មីនទី២ ខេត្តបាត់ដំបង) តាមលិខិតលេខ០០៤/កម២/មសមក/២០២៥ ដែលមានប្រវែងសរុប ៩ ៨០០ ម៉ែត្រ នោះ គឺមានផ្លូវលើកស្រាប់ប្រវែង ៨ ៤០០ ម៉ែត្រ និងផ្លូវលើកថ្មីប្រវែង ១ ៤០០ ម៉ែត្រ ដែលក្នុងនោះផ្លូវលើកថ្មីចូលក្នុងដីកំពុងមានទំនាស់ជាមួយក្រុមហ៊ុន អេហ្រ្គីខលឈ័រ ហ្រ្គីនហ្វៀល ប្រវែង ៤០០ ម៉ែត្រ។ ក្នុងន័យនេះ ពាក់ព័ន្ធនឹងផ្លូវដែលមានស្រាប់ ខាងក្រុមហ៊ុនមិនមានមតិឡើយ ប៉ុន្តែផ្លូវដែលលើកថ្មីប្រវែង ៤០០ ម៉ែត្រ ក្នុងដីកំពុងមានទំនាស់ជាមួយក្រុមហ៊ុននោះ ក្រុមហ៊ុន អេហ្រ្គីខលឈ័រ ហ្រ្គីនហ្វៀល ពុំឯកភាពឡើយ ដោយរង់ចាំការដោះស្រាយទំនាស់ដីធ្លីនេះ ពីឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ចប់ជាស្ថាពរជាមុនសិន។
លោក រ៉ា ចាន់ តំណាងក្រុមហ៊ុន ហ៊ុន អេហ្រ្គីខលឈ័រ ហ្រ្គីនហ្វៀល និងជាអ្នកមើលការខុសត្រូវលើដីក្រុមហ៊ុន បានថ្លែងប្រាប់ឱ្យដឹងថា៖ «កងឯកភាពកំចាត់មីនទី២ (ស៊ីម៉ាក់) ដាក់គ្រឿងចក្រកាយលើកផ្លូវលើដីទំនាស់ ជាមួយក្រុមហ៊ុនមួយកន្លែង ស្ថិតនៅក្នុងភូមិគោរការ ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ ស៊ីម៉ាក់បានដាក់គ្រឿងចក្រចូលកាយលើកផ្លូវ ដោយមិនបានជូនដំណឹងដល់ប្រជាជន ឬភាគីដែលពាក់ព័ន្ធឱ្យដឹងឡើយ គឺចូលកាយលើផ្លូវទាំងបំពានលើដីក្រុមហ៊ុន និងបានរំលោភ សជណ របស់រដ្ឋបាលខេត្តបាត់ដំបង និង សជណ របស់ក្រសួងមហាផ្ទៃ ព្រមទាំងដីការក្សាការពាររបស់តុលាការទៀតផង» 

លោក រ៉ា ចាន់ បានបញ្ជាក់ថា៖ «បន្ទាប់ឃើញសកម្មភាពខាងលើ (ស៊ីម៉ាក់) កាយលើកផ្លូវលើដីរបស់ក្រុមហ៊ុនលោកបានដាក់ពាក្យបណ្ដឹងសុំកិច្ចអន្តរាគមន៍ទៅកាន់រដ្ឋបាលស្រុកគាស់ក្រឡភ្លាមៗ។ រហូតទទួលការអន្តរាគមន៍ពីអាជ្ញាធរស្រុក លោក ឌី ពៅ និង លោក ច្រែង សុជាតិ អភិបាលរងស្រុក បានដឹងនាំសមត្ថកិច្ចចម្រុះពាក់ព័ន្ធចុះដល់កន្លែងលើកផ្លូវជាក់ស្តែង ឃើញស៊ីម៉ាក់ ដាក់គ្រឿងចក្រ ដើម្បីកាយផ្លូវលើដីក្រុមហ៊ុនកំពុងមានទំនាស់ពិតប្រាកដមែន» 
«លុះរហូតថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ រដ្ឋបាលខេត្តបាត់ដំបង បានអញ្ជើញភាគីពាក់ព័ន្ធ ដើម្បីប្រជុំដោះស្រាយ បញ្ហាទំនាស់រឿងលើកផ្លូវថ្មីលើដីរបស់ ក្រុមហ៊ុន អេហ្រ្គីខលឈ័រ ហ្រ្គីនហ្វៀល ប៉ុន្តែក្នុងនាមលោកជាតំណាងហ៊ុន មិនយល់ព្រមតាមការស្នើសុំរបស់ស៊ីម៉ាក់ឡើយ ដោយរងចាំការដោះស្រាយចប់សិន»។ ពាក់ព័ន្ធករណីខាងលើនេះ អង្គភាពសារព័ត៌មាន អឹម អេស ជេ មិនអាចធ្វើការទំនាក់ទំនងសុំការបំភ្លឺពីតំណាងអង្គភាព ស៊ីម៉ាក់ ដែលឈរជើងក្នុងតំបន់នោះ ជុំវិញករណីលើកផ្លូវថ្មីបំពានសេចក្តីណែនាំរបស់រដ្ឋបាលខេត្តបាត់ដំបង សេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ និងដីកាសម្រេចចាត់ចែងរក្សាការពារលេខ ០៦(ក) ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៣ របស់សាលាដំបូងខេត្តបាត់ដំបង។ អង្គភាពយើងរងចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់រាល់ម៉ោងធ្វើការ៕