2025-03-20 16:11
81

រាជធានីភ្នំពេញ៖ កូនជ្រូករស់មានទម្ងន់ចន្លោះ១៥ទៅ២០គីឡូក្រាមចំនួន៥៧ក្បាល ត្រូវបាន អាជ្ញាធរកម្ពុជា បង្ក្រាបបានក្រោយក្រុមឈ្មួញលួចដឹកឆ្លងដែនពីប្រទេសវៀតណាម តាមច្រករបៀងស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ ដោយមិនបង្កការរំខានដល់មន្ត្រីប្រចាំការក្នុងតំបន់ ដើម្បីឆ្ពោះមកលក់នៅរាជធានីភ្នំពេញ។ នេះបើតាមការបង្ហោះសារលើទំព័រហ្វេសប៊ុករបស់ លោក ហ៊ុន សារ៉ាត់ អនុប្រធាននាយកដ្ឋានសុខភាពសត្វ កាលពីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥។

តាមរយៈសារអត្ថាធិប្បាយដោយភ្ជាប់ជាមួយរូបភាព និងវីដេអូសកម្មភាពចុះបង្ក្រាបរបស់អាជ្ញាធរ លោក ហ៊ុន សារ៉ាត់ បញ្ជាក់ថា កាលពីវេលាម៉ោង២:៥០នាទីទៀបភ្លឺថ្ងៃទី១៩មីនា ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានចុះឃាត់រថយន្ត១គ្រឿងតាមបណ្តោយផ្លូវជាតិលេខ២ នៅសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ក្រោយចាប់ឃាត់កម្លាំងជំនាញរកឃើថា រថយន្ត១គ្រឿងដែលមានពាក់ផ្លាកលេខ ភ្នំពេញ ២G-០៨៩១ នោះគឺ មានផ្ទុកសត្វជ្រូកចំនួន៥៧ក្បាល សុទ្ធសឹងតែជាកូនជ្រូកដែលមានទម្ងន់ពី១៥ទៅ២០គីឡូក្រាម។ភ្លាមៗអ្នកដឹកបានឆ្លើយសារភាពថា កូនជ្រូករស់នេះត្រូវបានដឹកចេញពីប្រទេសវៀតណាមតាមច្រករបៀងស្រុកពញ្ញាក្រែក នៃខេត្តត្បូងឃ្មុំ ហើយឆ្ពោះទៅលក់ចែកចាយនៅរាជធានីភ្នំពេញ ដោយគ្មាលិខិតអនុញ្ញាតអ្វីទាំងអស់។ លោក ហ៊ុន សារ៉ាត់ បន្ថែមថា បច្ចុប្បន្នក្រុមការងារជំនាញ បាននាំយកវត្ថុតាង និងបទល្មើសទាំងនេះ ទៅរក្សាទុកនៅចត្តាឡីស័ករបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីចាត់ការទៅតាមនីតិវិធី។គួរកត់សម្គាល់ថា ជុំវិញករណីខាងលើ មហាជនជាច្រើនលើកជាចម្ងល់ថា ហេតុអ្វីបានជាកម្លាំងជំនាញប្រចាំតំបន់បណ្តែតបណ្តោយឱ្យពួកឈ្មួញទាំងនោះ នាំចូលមកឆ្លងកាត់ច្រកព្រំដែនដោយគ្មានលិខិតច្បាប់អ្វីដោយងាយស្រួលម៉្លេះ? ជាក់ស្តែង ដូចករណីនេះ ក្រុមឈ្មួញបានដឹងឆ្លងកាត់ព្រំដែន និងខេត្តមួយចំនួន ហើយនៅតែសមត្ថកិច្ចប្រចាំតំបន់មិនដឹង។ ប្រជាពលរដ្ឋខ្លះបញ្ចេញមតិថា៖«អត់មានឯកសារអ៊ីសោះអាចដឹកពីព្រុំដែនវៀតណាមដល់ភ្នំពេញបាន»។ ខ្លះទៀតបញ្ឆិតបញ្ឆៀងដល់អាជ្ញាធរប្រចាំច្រកថា៖«ពេលឆ្លងព្រំដែនគេចងមាត់ជ្រូកកុំឱ្យស្រែកឮ ឬចាប់ច្រកហោប៉ៅសិនមែន បានសមត្ថកិច្ចច្រក

មើលមិនឃើញ?..»។ទោះជាយ៉ាងណា ក៏មានពលរដ្ឋមួយចំនួនសម្ដែងការសាទរដែលមន្ត្រីជំនាញអាចចាប់បានករណីនេះ ហើយពួកគេស្នើឱ្យអាជ្ញាធរពាក់ព័ន្ធពង្រឹង និងចាត់វិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់ ចំពោះការនាំចូលសត្វឆ្លងដែនដែលគ្មានការត្រួតពិនិត្យបែបនេះ គឺពិតជាមានហានិភ័យខ្លាំងណាស់៕