2025-03-27 23:49
25

(កំពត)    ៖    នៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០១២៥នេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានណែនាំទៅដល់អាជ្ញាធរក្រុងស្រុកទាំង៩ឲ្យយកចិត្តទុកដាក់រៀបចំផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពឲ្យល្អប្រសើរ ពិសេសត្រូវបង្កលក្ខណៈសប្បាយរីករាយ ដល់ពលរដ្ឋ និងទេសចរ ទៅកន្សាន្តនៅតាមទីវត្តអារាម និងរមណីយដ្ឋាននានា  ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខ ខណៈដែលរដ្ឋបាលខេត្តបានគ្រោងរៀបចំព្រឹត្តិការណ៍កំពតសង្ក្រាន្តដ៏ធំមួយដើម្បីទាកទាញទេសចរ។  


ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានថ្លែងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត អភិបាលខេត្តកំពត បានមានប្រសាសន៍ថា ដើម្បីផ្តល់ជូននូវភាពសប្បាយរីករាយដល់បងប្អូនប្រជាពលរដ្ឋ និងទេសចរជាតិ និងអន្តរជាតិ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងចូល   មកដល់នៅថ្ងៃទី១៤-១៦ខែមេសាខាងមុខ  រដ្ឋបាលខេត្តកំពត បានត្រៀមរៀបចំធ្វើព្រឹត្តិការណ៍កំពតសង្ក្រាន្តដ៏ធំមួយ ដែលមានឯកឧត្តម មឿង គង្គា អភិបាលរងខេត្ត  លោកនាយករដ្ឋបាល និងអភិបាលក្រុងកំពតសហការរៀបចំចាត់ចែកកម្មវិធីសប្បាយៗជាច្រើន មានដូចជា៖ ការប្រគំតន្ត្រី ការតប់តែងលម្អទីតាំង ការលេងល្បែង និងរបាំប្រជាប្រិយ  ការប្រគំភ្លេងប្រពៃណីបូរាណខ្មែរ ការប្រកួតកីឡាអុកចត្រង្គ និងការរៀបចំតំបន់ត្រជាក់ និងកម្មវិធីកម្សាន្តសប្បាយជាច្រើនទៀត។


ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានធ្វើការណែនាំទៅដល់អាជ្ញាធរក្រុងស្រុក មន្ទីរជំនាញពាក់ព័ន្ធ ឲ្យសហការគ្នាខិតខំរៀបចំតុបតែងលម្អ និងបង្កបរិយាកាស និងភាពសប្បាយរីករាយជូនដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរឲ្យបានល្អប្រសើរ  ទប់ស្កាត់ឲ្យបាននូវ បញ្ហាមិនប្រក្រតីណាមួយ ដែលអាចនឹងកើតឡើងនៅក្នុងឱកាសនោះ។

 

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ក៏បានណែនាំដល់មន្ទីរទេសចរណ៍ឲ្យបន្តចុះណែនាំអប់រំ ដល់បងប្អូនប្រតិបត្តិករទេសចរណ៍ ឲ្យយកចិត្តទុកដាក់ ក្នុងការចូលរួមផ្សព្វផ្សាយវប្បធម៌ អរីយធម៌ ប្រពៃណីទំនៀមទម្លាប់ដ៏ផូរផង់របស់ខ្មែរ តាមរយៈការរៀបចំតុបតែងលម្អទីតាំងរបស់ខ្លួន និងការស្លៀកពាក់តាមទំនៀមទម្លាប់ប្រពៃណីជនជាតិខ្មែរជាដើម។(សឹង រ៉ាត់)