2025-03-30 14:39
26

កំពង់ចាម៖ គម្រោងស្ថាបនាស្ពានបេតុងថ្មីប្រវែង ៨៤ ម៉ែត្រ ទទឹង ១០ ម៉ែត្រ និងស្ថាបនាផ្លូវសងខាងក្បាលស្ពានប្រភេទកៅស៊ូពីរស្រទាប់ស្តើង (DBST) ប្រវែង ២៨៧ ម៉ែត្រ ទទឹង ៨ ម៉ែត្រ ត្រូវបានរៀបចំពិធីបួងសួងសុំម្ចាស់ទឹកម្ចាស់ដី ដើម្បីដំណើរការសាងសង់នាថ្ងៃអាទិត្យនេះ។

ពិធីបួងសួងនេះធ្វើឡើងនាព្រឹក ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ ក្រោយអធិបតីភាព ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំគណប្រតិភូ អញ្ជើញប្រារព្វពិធីបួងសួងសុំម្ចាស់ទឹកម្ចាស់ដីសាងសង់ស្ពានបេតុងស្ទឹងឆ្វេង ស្ថិតនៅព្រំប្រទល់ភូមិស្ទឹងឆ្វេង ឃុំច្បារអំពៅ ស្រុកបាធាយ និងភូមិអូរស្វាយលិច ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម ដោយមានការចូលរួមពីមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋផងដែរ។

ក្រសួងសាធារណការ បានបញ្ជាក់ថា គម្រោងដែលស្ថាបនាពេលនេះ រួមមាន ស្ពានបេតុងសរសៃដែកប្រវែង ៨៤ម៉ែត្រ ទទឹង ១០ ម៉ែត្រ និងស្ថាបនាផ្លូវសងខាងក្បាលស្ពាន ប្រភេទកៅស៊ូពីរស្រទាប់ស្តើង (DBST) ប្រវែង ២៨៧ម៉ែត្រ ទទឹង ៨ ម៉ែត្រ ចិញ្ចើមដីល្បាយថ្ម ១ ម៉ែត្រសងខាង ហើយគ្រោងប្រើប្រាស់ពេលវេលាសាងសង់រយៈពេល ១ឆ្នាំ។

ចំពោះគោលបំណង នៃការស្ថាបនានេះ ធ្វើឡើងដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសសិស្សានុសិស្សក្នុងតំបន់នោះ ឱ្យមានភាពងាយស្រួល និងសុវត្ថិភាព៕