2025-03-27 23:58
26

ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ហៅកាត់ថា គ.ជ.ប.ជ បានណែនាំដល់អាជ្ញាធរជាប់ព្រំដែនទាំងអស់ ត្រៀមលក្ខណៈក្នុងការ បង្ការ និងទប់ស្កាត់ ជនអន្ដោប្រវេសន៍ និងពលករខ្មែរ ចេញ-ចូល ប្រទេសកម្ពុជា ដោយស្របច្បាប់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ នាពេលខាងមុខនេះ។


ការណែនាំរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ធ្វើឡើងនាឱកាសអញ្ជើញជាអធិបតីក្នុងកម្មវិធីផ្សព្វផ្សាយផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពី ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០២៤ និង លើកទិសដៅការងារ ឆ្នាំ២០២៥ របស់ គ.ជ.ប.ជ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥នេះ។


ទន្ទឹមគ្នានេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានណែនាំឱ្យពង្រឹងការអនុវត្តវិធានការ គ្រប់គ្រងលំហូរចំណាកស្រុក ដោយធ្វើការតាមដានសភាពការណ៍ តាំងពី មូលដ្ឋាន ភូមិ ឃុំ សង្កាត់ រហូតដល់ការឆ្លងកាត់ព្រំដែន ទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស និងប៉ាន់ប្រមាណអំពី គោលដៅនៃបទល្មើសឱ្យបានជាក់លាក់ ដើម្បីទប់ស្កាត់ភាពរងគ្រោះឲ្យបានទាន់ពេលវេលា ។


ឯកឧត្តមអភិសន្តិបណ្ឌិត មានប្រសាសន៍ថា៖ «នៅប៉ុន្មានថ្ងៃខាងមុខនេះ យើងប្រារព្ធពិធីបុណ្យចូលឆ្នាំ ក្នុងនោះ ខ្ញុំ សូមលើកទឹកចិត្តខេត្តជាប់ព្រំដែនទាំងអស់ ជាពិសេសជាប់ព្រំដែនថៃ ដែលយើងមានពលករច្រើនជាងគេ ដើម្បីត្រៀមលក្ខណៈក្នុងការបង្ការ ទប់ស្កាត់ ព្រោះកន្លងទៅ នៅតែមានប្រជាពលរដ្ឋមកវិញ ឆ្លងកាត់ខុសច្បាប់ ត្រឡប់ចូលមកវិញ នៅពេលបុណ្យទាន សួរទៅ ពួកគាត់មិនមានឯកសារគ្រប់គ្រាន់ ដូច្នេះហើយតម្រូវចិត្តឆ្លងកាត់ ដូច្នេះជំរុញឱ្យមានការឆ្លងកាត់ស្របច្បាប់ ដើម្បីធានាឱ្យបាននូវគ្រប់គ្រងជនអន្តោប្រវេសន៍ របស់យើង ដូចជា ពលកររបស់យើង ចេញ-ចូល ស្របច្បាប់»។


ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បន្ថែមថា «បន្តពង្រឹងកិច្ចសហការជាមួយប្រទេសជិតខាង និងប្រទេសពាក់ព័ន្ធតាមកិច្ចព្រមព្រៀងឬអនុស្សរណៈ ដែលមានស្រាប់ ឬបង្កើតឱ្យមានជាមួយបណ្តាប្រទេស ដែលពាក់ព័ន្ធ ងាយស្រួលក្នុងការពង្រឹងកិច្ចសហការ ក្នុង ការបង្ការ បង្ក្រាប សង្គ្រោះ ផ្តន្ទាទោសជនល្មើស និងគាំពារជនរងគ្រោះ»។ 


យោងតាមរបាយការណ៍ ស្ដីពី ការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្ដ ឆ្នាំ២០៥ របស់ គ.ជ.ប.ជ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ បានចាត់ទុកការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជាកិច្ចការអាទិភាព មួយក្នុងចំណោមអាទិភាពដទៃទៀត រួមមាន ការដោះស្រាយផលប៉ះពាល់នៃគ្រឿងញៀន គ្រឿងស្រវឹង គ្រោះថ្នាក់ ចរាចរណ៍ និងបានដាក់ចេញនូវយុទ្ធសាស្ត្រឆ្លើយតបកាន់តែមានប្រសិទ្ធភាព ដោយខិតខំជំរុញសកម្មភាពឥត ឈប់ឈរ ដើម្បីការពារសុវត្ថិភាព និងសន្តិសុខមនុស្ស ក៏ដូចជាសន្តិសុខជាតិទាំងមូល សម្រាប់ទ្រទ្រង់ដំណើរការ អភិវឌ្ឍន៍ជាតិគ្រប់វិស័យ៕