2025-03-21 07:48
29

កណ្តាល៖ ក្នុងរយៈពេល១ឆ្នាំ គិតចាប់ពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ ការិយាល័យច្រកចេញចូលតែមួយក្រុងអរិយក្សត្រ ខេត្តកណ្តាល បានផ្តល់សេវាជូនប្រជាពលរដ្ឋ ចំនួន  ១១,២០២ សេវា  ដោយទទួលបានចំណូលសរុប ៣២,៦៦៥,០០០ រៀល ស្មើនឹងជាង ៨,០០០ ដុល្លារអាម៉េរិក។ នេះបើតាមរបាយការណ៍របស់ រដ្ឋបាលក្រុងអរិយក្សត្រ ផ្ដល់មកកាន់ក្រុមព័ត៌មាននៃក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ។ 
បើតាមរបាយការណ៍សេវាដែលរដ្ឋបាលក្រុងអរិយក្សត្រ បានផ្តល់ជូនប្រជាពលរដ្ឋច្រើនជាងគេ គឺការងារអត្រានុកូលដ្ឋាន មានចំនួន ៦,៨២៥ សេវា (ពុំយកកម្រៃសេវា) និងការងារនីត្យានុកូលកម្ម មាន ៤,១៥៥ សេវា ខណៈវិស័យសូរិយោដីមាន ៨៨ សេវា វិស័យសុខាភិបាលមាន ៤២ សេវា វិស័យទេសចរណ៍មាន ៣៤ សេវា វិស័យវប្បធម៌និងវិចិត្រសិល្បៈមាន ២៣ សេវា និងវិស័យរ៉ែ និងថាមពលមាន ចំនួន ២១ សេវា។
ដូចបណ្ដាមូលដ្ឋាន ក្រុងស្រុកផ្សេងទៀតដែរ វិស័យមានពលរដ្ឋស្នើសុំសេវាតិចតួច សម្រាប់ក្រុងអរិយក្សត្រ មានដូចជាការងាររដ្ឋបាលមាន៧សេវា វិស័យសំណង់មាន ៦សេវា និងវិស័យអប់រំយុវជន និងកីឡាមាន១សេវា។ ចំពោះវិស័យពុំមានអ្នកស្នើសុំសោះ មានដូចជាវិស័យពាណិជ្ជកម្មវិស័យសាធារណៈការនិងដឹកជញ្ជូន វិស័យឧស្សាហកម្មនិងសិប្បកម្មវិស័យកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ វិស័យការងារបណ្តុះបណ្តាលនិងវិជ្ជាជីវៈវិស័យបរិស្ថាន វិស័យក្រសួងធម្មការនិងសាសនា និងវិស័យរ៉ែនិងថាមពលជាដើម។ 
គួរកត់សម្គាល់ថា ក្រុងអរិយក្សត្រស្ថិតក្នុងចំណោមក្រុងថ្មីៗ ចំនួន ៣ ដែលរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា សម្រេចបង្កើតឡើង កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២។ នេះបើតាមអនុក្រឹត្យលេខ ២៧២ អនក្រ.បក ស្តីពី ការបង្កើតក្រុងអរិយក្សត្រ នៃខេត្តកណ្ដាល ចុះហត្ថលេខាដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី នៃកម្ពុជា។ ក្រុង២ផ្សេងទៀត គឺក្រុងសំពៅពូន ខេត្តកណ្ដាល និងក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។ 
បើតាមអនុក្រឹត្យក្រុងអរិយក្សត្រ បង្កើតឡើងកាត់យកឃុំ ចំនួន ៦ ពីស្រុកខ្សាច់កណ្តាល គឺឃុំបាក់ដាវ ឃុំកោះឧកញ៉ាតី ឃុំព្រែកអំពិល ឃុំព្រែកលួង ឃុំព្រែកតាកូវ ឃុំស្វាយជ្រំ និងកាត់យកឃុំ ចំនួន ៥ទៀត ពីស្រុកល្វាឯមគឺឃុំអរិយក្សត្រ ឃុំសារិកាកែវ ឃុំពាមឧកញ៉ាអុង ឃុំព្រែកក្មេង និងឃុំបារុង ដែលឃុំទាំងអស់ត្រូវបានប្ដូរជាសង្កាត់។ ថ្វីដ្បិតថា អគាររដ្ឋបាលកំពុងស្ថិតក្នុងការសាងសង់នៅឡើយ ប៉ុន្តែចាប់ពីពេលបង្កើតឡើងដល់បច្ចុប្បន្ន ក្រុងអរិយក្សត្របាននិងកំពុងបម្រើសេវាជូនពលរដ្ឋយ៉ាងសកម្ម។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ មានប្រសាសន៍ថា «ការបង្កើតក្រុងអរិយក្សត្រ ជាមរតកនៃការសម្រេចចិត្តប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី។ លោកបានលើកទឹកចិត្ត និងកោតសរសើរខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងមន្រ្តីនៃរដ្ឋបាលក្រុង ដែលខិតខំសម្របសម្រួលការងារនិងបម្រើសេវាជូនប្រជាពលរដ្ឋយ៉ាងល្អ ក្នុងកាលៈទេសៈដែលត្រូវធានាប្រក្រតីភាពនៃសេវានានាទន្ទឹមគ្នានឹងការខិតខំរៀបចំ និងកសាងហេដ្ឋារចនាសម្ព័ន្ធ នៃរដ្ឋបាលក្រុង»៕