
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើថា៖ «ការដំឡើងពន្ធគយរបស់សហរដ្ឋអាម៉េរិក លើទំនិញដែលនាំចូលពីកម្ពុជា អាចបង្កឱ្យមានផលប៉ះពាល់មួយចំនួនដោយចៀសមិនរួចមកលើកម្ពុជា ប៉ុន្តែវាមិនអាក្រក់ដូចអ្វីដែលអ្នកលេងបណ្តាញសង្គមមួយចំនួនខំប្រឹងស្រែកបំភ័យនោះឡើយ»។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានកត់សម្គាល់ថា៖ «សហរដ្ឋអាម៉េរិក បាន និងកំពុងខាតបង់ច្រើនលើការចំណាយនាំចូលទំនិញពីបណ្តាប្រទេសលើពិភពលោក ដែលឆ្លុះបញ្ចាំងតាមរយៈឱនភាពជញ្ជីងពាណិជ្ជកម្ម (Trade Deficits) ដូច្នេះហើយបានជារដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសដាក់ចេញនូវអត្រាពន្ធនាំចូលឆ្លើយតប (Reciprocal Tariffs) លើបណ្តាប្រទេសដែលសហរដ្ឋអាម៉េរិក មានឱនភាពជញ្ជីងពាណិជ្ជកម្ម»។
ជាក់ស្តែង កម្ពុជា ឡាវ និងវៀតណាម ត្រូវទទួលរងនូវអត្រាពន្ធនាំចូលក្នុងកម្រិត ៤៩%, ៤៨%, និង ៤៦% រៀងគ្នា ដោយសារសហរដ្ឋអាម៉េរិក មានឱនភាពជញ្ជីងពាណិជ្ជកម្មក្នុងកម្រិត ៩៧% ជាមួយកម្ពុជា ៩៥% ជាមួយឡាវ និង ៩០% ជាមួយវៀតណាម។ ដូច្នេះ ការដាក់អត្រាពន្ធនាំចូលឆ្លើយតបនេះ មិនមែនជាការឆ្លើយតបទៅនឹងអត្រាពន្ធនាំចូលដែលប្រទេសទាំងនោះបានដាក់លើទំនិញនាំចូលពីសហរដ្ឋអាម៉េរិកនោះទេ ហើយការដាក់អត្រាពន្ធនាំចូលឆ្លើយតបនេះទៀតសោត មានតែ ៥០% នៃអត្រាដែលសហរដ្ឋអាម៉េរិក មានឱនភាពជញ្ជីងពាណិជ្ជកម្មជាមួយប្រទេសទាំងនោះតែប៉ុណ្ណោះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា៖ «រាជរដ្ឋាភិបាលកម្ពុជា នឹងចរចាជាមួយសហរដ្ឋអាម៉េរិក ដើម្បីរកដំណោះស្រាយសមស្របណាមួយ »។ សម្តេចធិបតី នាយលរដ្ឋមន្ត្រី បានបន្តថា៖ «បញ្ហានេះ អាចបង្កផលប៉ះពាល់មួយចំនួនដោយចៀសមិនរួចមកលើកម្ពុជា ប៉ុន្តែវាមិនអាក្រក់ដូចអ្វីដែលអ្នកលេងបណ្តាញសង្គមមួយចំនួនខំប្រឹងស្រែកបំភ័យនោះឡើយ»។
ក្នុងន័យនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវសូមឱ្យប្រជាពលរដ្ឋ ស្ងប់ចិត្ត ហើយជឿជាក់លើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហានេះ៕

