
ភ្នំពេញ៖ ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតអបអរសាទរទិវាអន្តរជាតិយល់ដឹងអំពីមីន ៤ មេសា ២០២៥ ដែលប្រារព្ធឡើងក្រោមប្រធានបទ "ការពារជីវិត កសាងសន្តិភាព" ។
ក្នុងសារលិខិតនោះ សម្តេចធិបតីបានគូសបញ្ជាក់ថា ទិវានេះរៀបចំឡើងក្នុងគោលបំណងរំលឹកអំពីសារសំខាន់ និងលើកកម្ពស់ការយល់ដឹងអំពីការគំរាមកំហែងដែលបង្កឡើងដោយគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម មកលើប្រជាពលរដ្ឋស្លូតត្រង់នៅទូទាំងពិភពលោក ។
សម្តេចនាយករដ្ឋមន្ត្រី បានរំលឹក និងនឹកដល់វីរៈជន និងស្ថាប័នពាក់ព័ន្ធទាំងឡាយ ដែលបានលះបង់កម្លាំងកាយចិត្តប្រកបដោយភាពក្លាហាន ក្នុងការបោសសម្អាតមីន និងសង្គ្រោះជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ដើម្បីធានាបាននូវសុខសុវត្ថិភាព និងវិបុលភាពរបស់មនុស្សជាតិ។
សារលិខិតបានសង្កត់ធ្ងន់ថា គ្រាប់មីនបានបង្កការគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ប្រជាជនស្លូតត្រង់ និងរារាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ព្រមទាំងបង្កការឈឺចាប់ និងការបាត់បង់អាយុជីវិតរាប់មិនអស់។ ការបោសសម្អាតមីនមិនត្រឹមតែកាត់បន្ថយគ្រោះថ្នាក់ភ្លាមៗប៉ុណ្ណោះទេ ថែមទាំងជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់បម្រើដល់ការអភិវឌ្ឍគ្រប់វិស័យ។
ក្នុងឱកាសដ៏សំខាន់នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការរួមចំណែកសម្រេចបាននូវពិភពលោកមួយដែលគ្មានមីន។ សម្តេចបានអំពាវនាវឱ្យមានការជម្នះបញ្ហាប្រឈមដែលបង្កឡើងដោយគ្រាប់មីន និងប្រែក្លាយចក្ខុវិស័យពិភពលោកគ្មានមីនឱ្យក្លាយជាការពិត ដើម្បីធានាឱ្យមនុស្សជំនាន់ក្រោយអាចរស់នៅដោយសុវត្ថិភាព សេចក្តីថ្លៃថ្នូរ និងគ្មានការគំរាមកំហែងពីគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។
ទិវាអន្តរជាតិយល់ដឹងអំពីមីន ៤ មេសា ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីលើកកម្ពស់ការយល់ដឹង និងជំរុញសកម្មភាពប្រឆាំងនឹងគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅទូទាំងពិភពលោក៕
