
ភ្នំពេញ៖ ក្រសួងបរិស្ថាន បានឱ្យដឹងថា ក្នុងរយៈពេលកន្លងមកនេះ មានការកើនឡើងនូវសកម្មភាពកាប់ផ្ដួលរំលំ «ដើមសំរ៉ង» ដើម្បីប្រមូលផលនៅតាមសហគមន៍ និងនៅតាមព្រៃក្នុងតំបន់ការពារធម្មជាតិ ព្រមទាំងឧទ្យានជាតិ ដូច្នេះ ក្រសួង ស្នើដល់អង្គភាពមានសមត្ថកិច្ច និងអាជ្ញាធរថ្នាក់ក្រោមជាតិ ចូលរួមសហការជាមួយមន្ទីរបរិស្ថាន ដើម្បីចាត់វិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុតទប់ស្កាត់ និងបង្ក្រាបនូវរាល់សកម្មភាពកាប់ផ្តួលដើមសំរ៉ងដោយល្មើសច្បាប់គ្រប់រូបភាព។
ក្រសួងបរិស្ថាន សូមគូសបញ្ជាក់ថា៖ «សកម្មភាពនេះ គឺជាការបំផ្លិចបំផ្លាញធនធានធម្មជាតិមានសភាពធ្ងន់ធ្ងរបំផុត ឈានទៅរកការផ្ដាច់ពូជរុក្ខជាតិសំរ៉ង របស់ជាតិទាំងស្រុង និងជាសកម្មភាពល្មើសនឹងច្បាប់ដែលមានចែងក្នុងមាត្រា ៣៨៤ និងមាត្រា ៣៨៦ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ»។
ក្រសួងបរិស្ថាន សូមស្នើដល់អង្គភាពមានសមត្ថកិច្ច និងអាជ្ញាធរថ្នាក់ក្រោមជាតិ ចូលរួមសហការ ជាមួយមន្ទីរបរិស្ថាន ដើម្បីចាត់វិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុតទប់ស្កាត់ និងបង្ក្រាបនូវរាល់សកម្មភាព កាប់ផ្ដួលដើមសំរ៉ងដោយល្មើសច្បាប់គ្រប់រូបភាព។
ក្រសួងបរិស្ថាន ស្នើដល់បងប្អូនប្រជាពលរដ្ឋ ដែលបាននិងកំពុងប្រកបរបររុករក និងប្រមូលផល អនុផលព្រៃឈើ សូមបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពកាប់ «ដើមសំរ៉ង» ដើម្បីប្រមូលផ្លែ ដែលជាអំពើបំផ្លាញ ដល់ធនធានធម្មជាតិយើង និងសូមស្នើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាសហការផ្តល់ព័ត៌មានអំពីសកម្មភាពល្មើសនេះ មកអាជ្ញាធរមានសមត្ថកិច្ចដែលនៅជិតបំផុត។
ក្រសួងបរិស្ថាន អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តារួមគ្នាថែរក្សា ការពារដើមសំរ៉ង ដែលជាធនធានធម្មជាតិឱ្យគង់វង្ស និងដើម្បីជាផលប្រយោជន៍បច្ចុប្បន្ន និងតទៅអនាគតសម្រាប់កូនចៅជំនាន់ក្រោយ។ ក្រសួង សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋ អាជ្ញាធរមានសមត្ថកិច្ចនឹងរួមគ្នាអនុវត្ត វិធានការទប់ស្កាត់ និងបង្ក្រាបបទល្មើសកាប់ផ្ដួលរំលំដើមសំរ៉ងគ្រប់រូបភាព ឱ្យមានប្រសិទ្ធភាពខ្ពស់ជាក់ជាមិនខាន៕
