2025-04-13 07:59
71

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និង ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជូនដំណើរបងប្អូនកម្មករ-និយោជិត ប្រជាពលរដ្ឋ នៅទីតាំងស្ថានីយរថយន្តក្រុងសួនច្បារឫស្សីកែវ រាជធានីភ្នំពេញ ធ្វើដំណើរទៅកាន់ស្រុកកំណើតតាមរយៈរថយន្តក្រុង របស់សាលារាជធានីភ្នំពេញ (City Bus) ដោយមិនបង់ប្រាក់។ 
អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុង ចំនួន ៥៩៧ គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ដោយមិនបង់ប្រាក់ ដែលមានរយៈពេល៦ថ្ងៃ គឺចាប់ពីថ្ងៃទី១២ ខែមេសា ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ដើម្បីជួយសម្រួលដល់ការចំណាយរបស់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ និងទៅកម្សាន្តសប្បាយ សង្ក្រាន្តឆ្នាំថ្មី នៅតាមបណ្តាខេត្តនានា ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩។ 
សូមជូនពរបងប្អូនកម្មករ-និយោជិត និងប្រជាពលរដ្ឋធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព ទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ជាពិសេសទៅលេងកម្សាន្តនៅតាមបណ្តាខេត្ត និងរមណីយដ្ឋាននានា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ៕