
(ខេត្តកំពង់ធំ)៖ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងអ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុនវឌ្ឍនាៈប្រូវើរី នារសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ អញ្ចើញជាអធិបតីក្នុងពិធីក្រុងពាលីព្រឹត្តិការណ៍សង្រ្កានខេត្តកំពង់ធំ រៀបចំពិធីសូត្រមន្ត ប្រោះព្រំប្រសិទ្ធិពរសិរីជ័យមង្គល វិបុលសុខគ្រប់ប្រការ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ដែលរៀបចំឡើងដោយ រដ្ឋបាលខេត្តកំពង់ធំ ដឹកនាំដោយឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណ:អភិបាលខេត្តកំពង់ធំ និងឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត។ សូមជម្រាបជូនថាពិធីក្រុងបាលី ប្រោះព្រំសុំសេចក្ដីសុខចម្រើនឆ្នាំចាស់ផ្លាស់ឆ្នាំថ្មីនេះ តែងតែប្រារព្ធនិងរៀបចំឡើងជារៀងរាល់ឆ្នាំទៅតាមប្រពៃណី ព្រះពុទ្ធសាសនា ដោយមានការសូត្រមន្តចម្រើន ព្រះបរឹត ប្រគេនទ័យវត្ថុ ដើម្បីឧទ្ទិសកុសលផល បុណ្យជូនដល់ជីដូនជីតា ញាតិកាទាំង៧សន្តាន បុព្វបុព្វបុរសដែលបានចែកឋានទៅកាន់បរលោកខាងមុខ ព្រមទាំងធ្វើការបួងសួងដល់ទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ទ្រង់មានព្រះនាម គោរាគៈទេវី ជារាជបុត្រីទី ២ នៃកបិលមហាព្រហ្ម ដែលនឹងយាងចូលមកថែរក្សាគ្រប់គ្រងកម្ពុជា ជំនួសទេវតាឆ្នាំចាស់ ជួយប្រោះព្រំប្រទានពរជ័យសិរីមង្គល បវរមហាប្រសើរ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ទូទាំងខេត្តកំពង់ធំទាំងមូល សូមមានសុខភាពល្អ ដើម្បីបន្តអភិវឌ្ឍន៍ខេត្តកំពង់ធំ ឲ្យកាន់តែមានការរីកចម្រើន និងទទួលបានសមិទ្ធផលថ្មីៗថែមទៀត។ សូមរំលឹកផងដែរថា ទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក នឹងយាងចុះមកជម្ពូទ្វីបនាវេលាទៀបភ្លឺ ឈានចូលថ្ងៃចន្ទ ២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ០៤ និង៤៨ នាទីព្រឹក។ ទ្រង់មានព្រះនាម គោរាគៈទេវី ជារាជបុត្រីទី ២ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌លឿង លម្អនៅព្រះកាណ៌ដោយសៀតផ្កាអង្គារបុស្ស អភរណៈ កែវមុក្តា ភក្សាហារទ្រង់តេលំ (ប្រេងធញ្ញជាតិ មានប្រេងសណ្តែក និង ប្រេងល្ងជាដើម) ព្រះហស្តស្តាំទ្រង់ព្រះខ័ន្ធ ព្រះហស្តឆ្វេងទ្រង់ឈើច្រត់ ទ្រង់គង់ផ្ទំបិទព្រះនេត្រលើខ្នងសេ្តចព្យាគ្ឃៈ (ខ្លា) ជាយានពាហនៈ៕