2025-04-08 12:43
47

ព្រៃវែង៖ កូនកំលោះទ្រហោយំបោកខ្លួនដូចសត្វអក នឹកស្តាយស្រណោះ និងអាណិតអនាគត់ភរិយាយ៉ាងពន់ពេក ដោសារតែកំពុងតែសប្បាយរីករាយទទួលភ្ញៀវកិត្តិយសអញ្ជើញចូលមកអបអរសាទរក្នុងកម្មវិធីអាពាហ៍ពិពាហ៍យ៉ាងច្រើនកុះក ស្រាប់តែកូនក្រមុំគាំងបេះដូងស្លាប់ភ្លាមៗ បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ធ្វើរោងការក្លាយជារោងបុណ្យសព។

ហេតុការណ៍គួរឲ្យរន្ធត់ និងសោកសង្វេគខាងលើ បានកើតឡើងនៅវេលាម៉ោង ០៩និង៤០នាទីយប់ នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥នេះ ស្ថិតនៅក្នុងភូមិទួលរកា ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

តាមសេចក្តីរាយកាណ៍ បានឱ្យដឹងថា កូនក្រមុំរងគ្រោះគាំងបេះដូងស្លាប់ក្នុងថ្ងៃរៀបអាពាហ៍ពាហ៍មានឈ្មោះ អ៊ុក ចន្ធី អាយុ ២៩ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ មានជីវភាពក្រក្សត់ និងលំបាកខ្លាំង ខណៈកម្មវិធីមង្គលការត្រូវបានរៀបចំធ្វើឡើងនៅគេហដ្ឋានខាងប្រុស ដែលមានជីវភាពក្រខ្សត់ដូចគ្នាផងដែរ។ ប៉ុន្តែអ្វីដែលគួរឲ្យខ្លោចចិត្តខ្លាំងនោះ នាងស្រាប់តែគាំងបេះដូងស្លាប់ភ្លាមៗ ខណៈពេលកំពុងទទួលភ្ញៀវដែលអញ្ជើញមកចូលរួមអមអរសារទរកម្មមង្គលការខ្លួន។

តាមសាច់ញាតិកូនក្រមុំរងគ្រោះ បានឲ្យដឹងថា នារីជាកូនក្រមុំនាងមានជំងឺប្រចាំកាយ (បេះដូងប្រហោង) ត្រូវបានព្យាបាលវះកាត់សង្គ្រោះជីវិតតាំងពីនាងមានអាយុ ១២ឆ្នាំ មកម្ល៉េះ ហើយនាងតែងតែឧស្សាហ៍ទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យកាល់ម៉េត្រ។ ប៉ុន្តែជាអកុសលត្រូវអស់ជីវិត នៅក្នុងថ្ងៃមង្គលការ ដែលធ្វើឲ្យគ្រប់គ្នាសោកសង្វេគ អាណិតអាសូរជាខ្លាំង។

មហាជនបានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយកូនកំលោះយ៉ាងខ្លាំងមិនគួរណាឡើយ រោងការប្រែក្លាយទៅជារោងបុណ្យសពក្តីបែបនេះទាល់តែសោះ។  បច្ចុប្បន្ន សពនារីរងគ្រោះត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕