2025-04-10 07:36
51

ភ្នំពេញ ៖ ប្រសាសន៍ណែនាំរបស់សម្តេចមហាបវរធិបតី ៖
១. ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន ត្រូវបំពេញភារកិច្ចរបស់ខ្លួន ក្នុងស្មារតីជា ក្រុម ដោយប្រកាន់ខ្ជាប់នូវអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” ដើម្បីជំរុញការអនុវត្តនូវ វិធានការនានា ក្នុងកម្មវិធីពិសេសជំរុញការវិនិយោគនេះ ឱ្យសម្រេចបានជោគជ័យ និងលទ្ធ ផលជាក់ស្តែងតាមការរំពឹងទុក។
២. ក្រុមការងារត្រូវធ្វើការផ្សព្វផ្សាយជាសាធារណៈនូវកម្មវិធីពិសេសជំរុញការវិនិយោគនេះឱ្យបាន ទូលំទូលាយ ធ្វើការពន្យល់ឱ្យបានច្បាស់លាស់ និងត្រឹមត្រូវ និងផ្តល់សេវាបដិសណ្ឋារកិច្ច និងកិច្ចសហការល្អជាមួយវិនិយោគិន និងធុរជន ទាំងក្នុង និងក្រៅប្រទេស ដើម្បីលើកកម្ពស់ ការយល់ដឹង និងទាក់ទាញការចូលរួមអនុវត្តពីកម្លាំងចលករសំខាន់ៗ ព្រមទាំងខិតខំស្វែង រកគំនិតនវានុវត្តន៍ ដើម្បីបង្កើនភាពទាក់ទាញសម្រាប់វិនិយោគិន ទាំងលើទិដ្ឋភាពសមិទ្ធិ លទ្ធភាពនៃពាណិជ្ជកម្ម និងគុណតម្លៃនៃខ្សែច្រវាក់ផលិតកម្ម ដែលផ្សារភ្ជាប់ជាមួយនឹង ទីផ្សារ។
៣. គ្រប់តួអង្គពាក់ព័ន្ធដទៃទៀត, ជាពិសេស វិស័យឯកជន ក៏ត្រូវចូលរួមជាមតិយោបល់ និងផ្តល់ ធាតុចូលគ្រប់ពេល តាមការចាំបាច់ ដល់ក្រុមការងារ ក៏ដូចជាគណៈកម្មាធិការគោល នយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង/ឬ ប្រមុខរាជរដ្ឋាភិបាល ក្នុងស្មារតីកែលម្អការអនុវត្ត និងធានានូវជោគជ័យនៃកម្មវិធីពិសេសជំរុញការវិនិយោគនេះ ។
៤. ក្រុមការងារត្រូវខិតខំដោះស្រាយបញ្ហាប្រឈម ដែលជាកង្វល់របស់វិនិយោគិន និងជំរុញការ អនុវត្តការងារគាំទ្រផ្សេងៗ ដល់កម្មវិធីពិសេសនេះ ដូចជា ការអនុញ្ញាតឱ្យមានការបញ្ជាក់ វិញ្ញាបនបត្រអនាម័យ និងភូតគាមអនាម័យ នៅខេត្តជាប់ព្រំដែនដែលមានច្រកអន្តរជាតិ; ការពន្លឿនការចុះបញ្ជីដីធ្លី ឬប័ណ្ណកម្មសិទ្ធដីធ្លីនៅតាមតំបន់ជាយក្រុង ឬទីប្រជុំជននៃបណ្តា ខេត្តនីមួយៗ; និង ការដាក់ចេញនូវយន្តការសម្របសម្រួល ក្នុងការផ្ទេរគម្រោងសម្បទានដី សេដ្ឋកិច្ចអសកម្ម ឱ្យទៅវិនិយោគិន ដែលមានបំណងច្បាស់លាស់ និងជាក់លាក់ ជាដើម៕