
ភ្នំពេញ៖ ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម ស៊ី ជីនពីង នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា រយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ទី១៨ ខែមេសា ឆ្នាំ២០២៥ នាពេលខាងមុខនេះ តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ពោលគឺក្រោយបញ្ចប់ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរភ្លាមៗតែម្តង។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ នេះ។
ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម ប្រធានាធិបតី ស៊ី ជីនពីង នឹងចូលគាល់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ មាតាជាតិខ្មែរ នៅព្រះបរមរាជវាំង។
ឯកឧត្តម ស៊ី ជីនពីង នឹងជួបពិភាក្សាជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្តីពី ការពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគី និងផ្លាស់ប្តូរយោបល់ អំពីបញ្ហាតំបន់ និងអន្តរជាតិ ដែលមានការចាប់អារម្មណ៍ដូចគ្នា។
ដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះ ជាព្រឹត្តិការណ៍ដ៏សំខាន់ ដែលនឹងធ្វើឱ្យកាន់តែរឹងមាំថែមទៀត នូវចំណងមិត្តភាពជាប្រពៃណីដែលត្រូវបានកសាងឡើងដោយថ្នាក់ដឹកនាំជាបន្តបន្ទាប់ នៃប្រទេសទាំងពីរ។
ទស្សនកិច្ចនេះក៏នឹងបង្កើនសារៈសំខាន់បន្ថែមទៀតដល់ចំណងមិត្តភាពដែកថែប និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រជាជាតិទាំងពីរ។
តាមក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថា៖ «មានឯកសារជាច្រើន ដែលរំពឹងថានឹងត្រូវបានចុះហត្ថលេខាក្នុងឱកាសទស្សនកិច្ចនេះ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យនានា»៕
