2025-04-13 07:56
48

ត្បូងឃ្មុំ៖ សម្ដេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៧១សេ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលចិន នាព្រឹកថ្ងៃសៅរ៍ទី១២ ខែមេសា ឆ្នាំ២០២៥ ថា៖ «គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺជួយប្រជាពលរដ្ឋ តាមរយៈការបែងចែក និងពង្រាយផលប្រយោជន៍ ជូនប្រជាពលរដ្ឋឱ្យបានដល់មូលដ្ឋាន និងកាន់តែជិតប្រជាពលរដ្ឋ ហើយរាជរដ្ឋាភិបាលនឹងបន្តធ្វើជាបន្តបន្ទាប់ទៀត»។ 
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងថា៖ អភិក្រមនៃការធ្វើផ្លូវ គឺត្រូវធ្វើដើម្បីតភ្ជាប់តំបន់ប៉ូលសេដ្ឋកិច្ចក្នុងប្រទេសរបស់យើង និងពង្រីកផ្លូវឱ្យបានច្រើនខ្សែបន្ថែមទៀត  ដែលជាសរសៃឈាមសេដ្ឋកិច្ច និងដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូន របស់ប្រជាពលរដ្ឋយើង។ «មានផ្លូវ មានសង្ឃឹម» ពេលណាមានផ្លូវ អ្វីៗនឹងកើតឡើងជាបន្តបន្ទាប់នៅតាមដងផ្លូវ រួមមានទាំងភោជនីយដ្ឋាន ស្ថានីយ៍ប្រេងឥន្ធនៈ ភូមិឋានប្រជាពលរដ្ឋរស់នៅ មន្ទីរពេទ្យនិងសាលារៀន ជាដើម។ 
សម្តេចតេធិបតី បានបន្ថែមទៀតថា៖ «ការភ្ជាប់ស្ពាន និងផ្លូវ នេះពុំមែនសម្រាប់តែអ្នកស្ទឹងត្រង់ និងអ្នកក្រូចឆ្មារទេ ប៉ុន្តែសម្រាប់បម្រើជូនប្រជាពលរដ្ឋអ្នកខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ រួមទាំងប្រជាពលរដ្ឋនៅទូទាំងប្រទេស ឱ្យធ្វើដំណើរកាន់តែងាយស្រួល ឆាប់រហ័ស ជាពិសេស ជួយលើកកម្ពស់ជីវភាព និងសេដ្ឋកិច្ចក្នុងមូលដ្ឋាន ហើយធ្វើឱ្យប្រជាពលរដ្ឋកាន់តែមានភាពងាយស្រួលក្នុងការភ្ជាប់ទំនាក់ទំនង និងឯករាជ្យភាពក្នុងការធ្វើដំណើរ។  សមិទ្ធផលថ្ងៃនេះ បានបង្ហាញពីការកសាងសមិទ្ធផល រាជរដ្ឋាភិបាលកម្ពុជាគ្រប់ជំនាន់ ដែលដឹកនាំដោយរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់ឆ្លើយតប និង បំពេញតម្រូវការជាក់ស្តែង ជូនប្រជាពលរដ្ឋ»។

ក្នុងឱកាសនោះដែរ, សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «ឆ្នាំ២០២៥នេះ គឺត្រូវនឹងខួបអនុស្សាវរីយ៍លើកទី ៦៧ នៃការបង្កើតទំនាក់ទំនងការទូត កម្ពុជា-ចិន ហើយទំនាក់ទំនងកម្ពុជា-ចិន បានបន្តមានភាពល្អប្រសើរឡើង រហូតក្លាយទៅជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅខែធ្នូ ឆ្នាំ២០១០។ ក្នុងឆ្នាំ២០២៥ នេះដែរ, យើងបានកំណត់យកជា “ឆ្នាំទេសចរណ៍ កម្ពុជា-ចិន ២០២៥” ដើម្បីបន្តរួមចំណេកលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា-ចិន ឱ្យកាន់តែទូលំទូលាយ ទៅកាន់ទីផ្សារអន្តរជាតិ, ជាពិសេស ទីផ្សារប្រទេសចិន ព្រមទាំងពង្រឹងភាពជាដៃគូ និង កិច្ចសហប្រតិបត្តិការល្អ រួមចំណែកបន្តគាំទ្រដល់ “កិច្ចសហប្រតិបត្តិការត្បូងពេជ្រកម្ពុជា-ចិន” និង ការកសាង “សហគមន៍ជោគវាសនារួមកម្ពុជា-ចិន”ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និង ស្ដង់ដារខ្ពស់ ក្នុងយុគសម័យថ្មី»។
បន្ថែមពីនេះ, សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្ថែមថា៖ «ឆ្នាំនេះ យើងនឹងមានរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ដែលជាការជួបជុំមហាគ្រួសារខ្មែរដើម្បី អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅលើទឹកដីអង្គរវត្ត ខេត្តសៀមរាប ហើយនៅតាមបណ្ដាខេត្តផ្សេងៗ ក៏នឹងមានរៀបចំកម្មវិធីសង្រ្កាន្តឆ្នាំថ្មីដូចៗគ្នាដែរ ។ បងប្អូនប្រជាពលរដ្ឋមួយចំនួនទៀត ក៏នឹងត្រៀមធ្វើដំណើរកម្សាន្តទៅកាន់តំបន់ទេសចរណ៍ និង រមណីយដ្ឋាននានា ហើយសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋយើង នឹងទទួលបាននូវភាពសប្បាយរីករាយនៅទូទាំងប្រទេស ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីយើង ក្រោមម្លប់នៃសុខសន្តិភាពដ៏ពេញលេញ ។ ទន្ទឹមនឹងនេះ, សម្តេចបវរធិបតី ក៍បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ អ្នកប្រើប្រាស់ផ្លូវថ្នល់ទាំងអស់ សូមបន្តចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក, កុំបើកបរលើសល្បឿនកំណត់, កុំបេីកបរពេលស្រវឹង និងកុំដឹកជញ្ជូនលើសទម្ងន់កំណត់ និងត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តឱ្យបានត្រឹមត្រូវ ដើម្បីបញ្ចៀសគ្រោះថ្នាក់ ជាយថាហេតុ»។ 
មុននឹងបញ្ចប់, សម្ដេចបរវធិបតី នាយករដ្ឋមន្ត្រី បានស្នើដល់ក្រសួងសាធារណការ និង ដឹកជញ្ជូន បន្តជំរុញការសិក្សា និង រៀបចំយន្តការគាំទ្រដល់ការធ្វើឱ្យប្រសើរឡើងនូវគុណភាពហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និង ការបង្កើនការតភ្ជាប់ប្រទាក់ក្រឡាបន្ថែមទៀត ជាមួយបណ្ដាញប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ ដូចជា ផ្លូវគោក, ផ្លូវដែក, ផ្លូវទឹក និង កំពង់ផែ ដោយផ្ដោតអាទិភាពលើការតភ្ជាប់រវាងតំបន់ទីក្រុង, តំបន់ទីប្រជុំជន, តំបន់

ផលិតកម្មកសិកម្ម, តំបន់ឧស្សាហកម្ម, តំបន់ទេសចរណ៍ និង តំបន់សមុទ្រ ។ បន្ថែមពីនេះ សូមផ្ដាំផ្ញើដល់ក្រសួងសាធារណការ និង ដឹកជញ្ជូន, ក្រសួង-ស្ថាប័នពាក់ព័ន្ធ និង អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវបន្ដរួមសហការខិតខំបំពេញការងារឱ្យបានកាន់តែខ្លាំងក្លាថែមទៀត ក្នុងការលើកកម្ពស់ការចូលរួមថែទាំ និង អភិវឌ្ឍ ផ្លូវ ស្ពាន ដើម្បីតភ្ជាប់បណ្ដាញផ្លូវគមនាគមន៍ទៅគ្រប់តំបន់ជិតឆ្ងាយទូទាំងប្រទេស និង ភ្ជាប់ជាមួយប្រទេសជិតខាងឱ្យមាននិរន្ដរភាព ទាំងគុណភាព និង ប្រសិទ្ធផល៕